ប្រេសិតពិសេស​អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន​លោក Hans Grundberg កាលពីថ្ងៃសៅរ៍ បានស្វាគមន៍ការកើនឡើងនៃជើងហោះហើរ នាពេលថ្មីៗនេះ រវាងទីក្រុងសាណា រដ្ឋធានីនៃប្រទេសយេម៉ែន និងទីក្រុងអាម៉ាន់​ រដ្ឋធានីនៃប្រទេសហ្ស៊កដានី។

នៅក្នុង​សេចក្តីថ្លែង​ការណ៍ផ្លូវការ​មួយ លោក Grundberg បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​ការដកការ​រឹតត្បិត​ទាំងអស់​លើ​សេរីភាព​នៃ​ចលនា​ចូល ចេញពី និង​ក្នុង​ប្រទេសយេម៉ែន​ដែល​បំផ្លិចបំផ្លាញ​ដោយ​សង្រ្គាម​។

លោក​ Grundberg​ បាន​ជំរុញ​ឱ្យភាគី​ទាំងអស់ដែល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​យេម៉ែ​នឈាន​ដល់ការ​ឯកភាពគ្នា​លើ​វិធានការ​បន្ថែម​ដែល​មាន​គោល​បំណង​លើក​កម្ពស់​ជីវភាព​រស់នៅរ​បស់​ពលរដ្ឋ​យេម៉ែន​ និង​អនុវត្ត​បទឈប់បាញ់​ទូទាំង​ប្រទេស​។

ស្របពេលជា​មួយគ្នានេះដែរ ​ក្រុម​ហ៊ុន Yemenia Airways ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​ប្រទេស​យេម៉ែន បាន​ប្រកាសថា ខ្លួន​នឹងផ្តល់​ជើងហោះហើរ​ចំនួន​៦​សប្តាហ៍​ទៅកាន់​ប្រទេស​ហ្ស៊កដានី ​ចាប់ពីថ្ងៃ​ទី ១០​​ខែ​មិថុនា​។

លោក Mohsen Haidara នាយក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​Yemenia Airways ​បាន​និយាយថា​ កិច្ច​ខិតខំប្រឹងប្រែង​របស់​ក្រុមហ៊ុន ត្រូវ​បាន​ផ្តល់​រង្វាន់​ដោយ​ការ​កើនឡើង​ជើងហោះហើរ​ទៅកាន់​ប្រទេស​ហ្ស៊ក​ដានី ដែលនេះ​ជា​ដំណាក់កាល​ដំបូងនៅ​ក្នុងផែនការ​របស់ពួកគេ​ក្នុងការ​ពង្រីក​ទៅកាន់​គោលដៅ​ផ្សេងទៀត​។

អាកាស​យានដ្ឋាន​អន្តរជាតិ ​Sanaa​ ស្ថិតក្រោម​ការ​គ្រប់គ្រងរ​បស់​ក្រុម​ឧទ្ទាមហ៊ូធី ចាប់​តាំងពី​ពួកគេ​ចូល​កាន់កាប់​រដ្ឋធានី​យេម៉ែន​ក្នុងឆ្នាំ ​២០១៤​។

ជើងហោះហើរពាណិជ្ជកម្ម ត្រូវបានផ្អាក ប៉ុន្តែ​ត្រូវបានបន្ត​ក្នុង​កម្រិតកំណត់​ក្នុង​ខែ​ឧសភា ឆ្នាំ២០២២ តាម​រយៈ​កិច្ច​ព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​អង្គការ​សហ​ប្រជាជាតិ​។

ចាប់តាំង​ពីពេលនោះ​មក ក្រុមហ៊ុន ​Yemenia Airways បានធ្វើ​ការហោះហើរ​ជា​បណ្តោះ​អាសន្ន​រវាង​ទីក្រុង​សាណា​ និង​ សាណា និង​ទីក្រុង​អាម៉ាន់ ដោយ​ដឹកជញ្ជូន​អ្នកដំណើរ និង​សម្រួលការ​ធ្វើ​ដំណើរ​ស​ម្រាប់​ជន​ជាតិ​យេម៉ែន​ ដែល​ស្វែង រក​ការព្យាបាល នៅ​ក្រៅ​ប្រទេស​។

កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​លើ​ដែន​អាកាស​របស់​យេម៉ែន ត្រូវ​បាន​គេរំពឹងថា​ នឹងកាត់​បន្ថយការ​លំបាក​ដែល​យេម៉ែន​ប្រឈម​មុខ និង​បង្កើត​បរិយាកាស​អំណោយផល​ដល់​សន្តិភាព ​និង​ស្ថិរភាព។ នេះ​បើ​យោង​តាមអ្នក​សង្កេតការណ៍​ក្នុងស្រុក​៕