ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយ៉ូល បានបង្កើនការរិះគន់ឯកអគ្គរដ្ឋទូតចិន កាលពីថ្ងៃអង្គារទី១៣ ខែមិថុនា ចំពោះការលើកឡើងមិនសមរម្យថា កូរ៉េខាងត្បូង ចូលដៃខុសជាមួយសហរដ្ឋអាមេរិកក្នុងការប្រឆាំងនឹងចិន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការរិះគន់បែបនេះដែលកើតមានឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំកូរ៉េខាងត្បូង លោក Xing Haiming បានបង្កឱ្យមានភាពចម្រូងចម្រាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយនិយាយព្រមានកុំឱ្យកូរ៉េខាងត្បូង«ជ្រើសរើសខុស» នៅពេលដែលនិយាយអំពីការប្រកួតប្រជែងគ្នារវាងចិន និងអាមេរិក ហើយជំរុញឱ្យក្រុងសេអ៊ូល បញ្ឈប់ការបែកបាក់គ្នាពីប្រទេសចិន។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានកោះហៅលោក Xing កាលពីថ្ងៃសុក្រ ដើម្បីជាការតវ៉ា និងសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះមតិយោបល់ដែលក្រសួងចាត់ទុកថាជាការ «ញុះញង់» និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដែលអាចកើតមាន។
ប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញការមិនពេញចិត្តបន្ថែមរបស់លោកយ៉ាងច្បាស់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ដោយចោទសួរពីវិធីសាស្រ្តរបស់លោក Xing ក្នុងនាមជាអ្នកការទូត។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ ដោយស្រង់សម្ដីមន្រ្តីមិនបញ្ចេញឈ្មោះក្នុងកិច្ចប្រជុំនោះ ដោយត្រាប់តាមសម្ដីរបស់លោក យូន ថា៖ «ក្រឡេកមើលអាកប្បកិរិយារបស់ឯកអគ្គរដ្ឋទូត Xing មិនដឹងជាលោកមានអាកប្បកិរិយាគោរពគ្នាទៅវិញទៅមក ឬការលើកកម្ពស់មិត្តភាពក្នុងនាមជាអ្នកការទូត ឬអត់?»។
ប្រភពដដែលបន្តដោយលើកឡើងពីសម្ដីរបស់ប្រធានាធិបតីដដែលថា៖«ប្រជាជនយើង មិនពេញចិត្តនឹងអាកប្បកិរិយាមិនសមរម្យរបស់លោកទេ»។
Yonhap បានលើកឡើងថា ខ្លួនមិនទទួលបានការឆ្លើយតបភ្លាមៗពីការិយាល័យប្រធានាធិបតីបានទេ ប៉ុន្តែមន្ត្រីពីការិយាល័យដដែលម្នាក់ បាននិយាយថា លោក Xing បានលើកឡើងខុសពីការពិត ហើយរដ្ឋាភិបាល កំពុងរង់ចាំ«វិធានការសមស្រប» ពីប្រទេសចិន។
កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក អស់ជាច្រើនទសវត្សរ៍មកហើយ និងមានកងទ័ពអាមេរិកឈរជើងជិត ២៨ ០០០ នាក់ ប៉ុន្តែប្រទេសនេះបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ច យ៉ាងទូលំទូលាយជាមួយប្រទេសចិន៕