អង្គការណាតូ នឹងបង្កើតការិយាល័យទំនាក់ទំនងមួយនៅទីក្រុងតូក្យូ នៅឆ្នាំ២០២៤ខាងមុខ ហើយប្រើប្រាស់ការិយាល័យនេះ ជាមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Nikkei របស់ជប៉ុនបានចុះផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមិថុនា។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិក កាលពីខែឧសភា បានឱ្យដឹងថា សម្ព័ន្ធភាពយោធាណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក កំពុងរៀបចំផែនការបើកការិយាល័យមួយនៅទីក្រុងតូក្យូ ដែលជាការិយាល័យដំបូងគេបង្អស់នៅអាស៊ី ដើម្បីជំរុញភាពងាយស្រួលដល់ការពិគ្រោះយោបល់នៅក្នុងតំបន់ ប៉ុន្តែប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានបង្ហាញជំហរជំទាស់នឹងផែនការនេះ។
កាលទើបនឹងលើកឡើងអំពីផែនការនេះដំបូង ប្រទេសចិន បានសម្ដែងការមិនពេញចិត្ត ដោយអះអាងថា តំបន់អាស៊ីប៉ាស៊ីហ្វិក មិនស្វាគមន៍ក្រុមប្រទេស ដែលចង់តែប្រឈមមុខដាក់គ្នាជាក្រុមនោះទេ ហើយ ចិន បានជំរុញឱ្យប្រទេសជប៉ុន ប្រុងប្រយ័ត្នបន្ថែមលើបញ្ហាសន្តិសុខយោធា ដោយសារតែជប៉ុន មានប្រវត្តិសាស្ត្រឈ្លានពានប្រទេសគេដទៃ។
កាសែត Nikkei បានបញ្ជាក់បន្ថែមថា អង្គការណាតូនឹងខិតខំកសាងទំនាក់ទំនងឱ្យបានកាន់តែស៊ីជម្រៅជាមួយដៃគូធំៗចំនួន ៤ របស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិក រួមមានអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។
អង្គការសម្ព័ន្ធភាពមួយនេះកំពុងធ្វើការលើការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសដៃគូនីមួយៗ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា សន្តិសុខតាមអ៊ីនធឺណិត និងសន្តិសុខនៅលើលម្ហអាកាស។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីខែមករា ប្រធានអង្គការណាតូ លោក ចេនស៍ ស្តូលថិនបឺក (Jens Stoltenberg) បានសន្យាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ថា នឹងពង្រឹងទំនាក់ទំនងភាគីទាំង២ ដើម្បីរួមគ្នាប្រឈមនឹងបញ្ហាសន្តិសុខ ដោយលោកបានលើកឡើងពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងឥទ្ធិពលយោធារបស់ចិនដែលកំពុងកើនឡើងខ្លាំងនៅក្នុងតំបន់។
អ្នកនាំពាក្យផ្នែកអគ្គនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មរបស់ណាតូ និយាយថា៖«ប្រទេសអូស្ត្រាលីនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតទៅលើការរៀបចំភាពជាដៃគូក្នុងតំបន់»។
លោកបន្តថា៖«ប្រទេសដែលជាដៃគូរបស់អង្គការណាតូទាំងអស់ នឹងប្តូរទៅកម្មវិធីភាពជាដៃគូដែលតម្រូវតាមលក្ខណពិសេសរបស់ប្រទេសនីមួយៗ នៅពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូបច្ចុប្បន្នរបស់ពួកគេត្រូវបានផុតកំណត់»។
លោក គីស៊ីដា ក៏គ្រោងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅក្នុងប្រទេសលីទុយអានីក្នុងខែកក្កដាខាងមុខនេះផងដែរ៕