កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន អំឡុងពេលបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងសាំងពេទឺ បឺគ (St. Petersburg) បណ្ដាមេដឹកនាំនៅទ្វីបអាហ្វ្រិក បានជំរុញរុស្ស៊ី ឱ្យប្រញាប់ស្វែងរកសន្តិភាពជុំវិញបញ្ហានៅអ៊ុយក្រែន ប៉ុន្តែមេដឹកនាំរុស្ស៊ី បានស្តីបន្ទោសទីក្រុងកៀវ ថាមិនបានជួយបង្កលក្ខណៈឱ្យមានកិច្ចភាក្សានោះទេ។
គួរដឹងដែរថា គណៈប្រតិភូជាន់ខ្ពស់អាហ្វ្រិកបានធ្វើដំណើរជាលើកដំបូងទៅកាន់ប្រទេសអ៊ុយក្រែនហើយបន្ទាប់មកក៏បន្តដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងគោលបំណងជំរុញឱ្យភាគីជម្លោះចូលទៅកាន់តុចរចា។
អ្នកដឹកនាំគណៈប្រតិភូគឺប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូស្សា (Cyril Ramaphosa) ហើយលោកបានអំពាវនាវដល់ភាគីទាំង២ បញ្ចប់សង្រ្គាម។
ជាការឆ្លើយតប លោក ពូទីន បានរំឭកឡើងវិញនូវគោលជំហររបស់វិមានក្រឹមឡាំង ពោលគឺទីក្រុងម៉ូស្គូ បើកចំហជានិច្ចសម្រាប់ការសន្ទនាជាមួយអ៊ុយក្រែន ប៉ុន្តែថាទីក្រុងកៀវ ទៅវិញទេដែលបដិសេធមិនព្រមចរចា។
លោក ពូទីន បញ្ជាក់ថា ៖ «យើងសប្បាយចិត្តដែលសម្ព័ន្ធមិត្តអាហ្វ្រិក ទាំងអស់ ប្រកាន់ជំហរនៅកណ្ដាលជុំវិញវិបត្តិនៅអ៊ុយក្រែន។
យើងបើកចំហជានិច្ចចំពោះការសន្ទនាក្នុងន័យស្ថាបនាជាមួយបណ្ដាប្រទេសទាំងអស់ ដែលចង់បានសន្តិភាពដោយផ្អែកលើគោលការណ៍យុត្តិធម៌ និងការគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ភាគីនានា»។
រហូតមកទល់ពេលនេះ រុស្ស៊ី ចង់ឱ្យ មានការទទួលស្គាល់ទឹកដីដែលខ្លួនបានដាក់បញ្ចូល ឬវាយកាន់កាប់បាន ដែលវាគឺរឿងដែលមិនអាចទទួលយកបានសម្រាប់អ៊ុយក្រែននោះទេ។ ចាប់តាំងពីផ្ទុះសង្គ្រាមមក ប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសរងគ្រោះដោយសារការកើនឡើងនៃតម្លៃគ្រាប់ធញ្ញជាតិ។
យ៉ាងណាក៏ដោយ លោក ពូទីន បានអះអាងថា ភាពចលាចលនៅក្នុងទីផ្សារអាហារពិភពលោក គឺជាកំហុសនៃគោលនយោបាយរបស់ប្រទេសលោកខាងលិច មិនមែនជាផលវិបាកនៃសង្រ្គាមនៅអ៊ុយក្រែននោះទេ។ គួររំលេចថា ប្រធា នាធិបតីរុស្ស៊ី ត្រូវបានលោកខាងលិចទុកឱ្យ នៅឯកោ ដោយសារទង្វើរបស់ខ្លួននៅអ៊ុយក្រែន និងដោយលោកពូទីនត្រូវទទួលរងនូវដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយចោទប្រកាន់ពីបទនិរទេសកុមារអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។
រីឯប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី (VolodymyrZelenskyy) វិញ បានបដិសេធចំពោះការលើកឡើងនៅក្នុងកិច្ចពិភាក្សានោះ។គួរបញ្ជាក់ថា គណៈប្រតិភូអាហ្រ្វ៊ិកទាំងនោះ រួមមានមេដឹកនាំមកពីប្រទេសអាហ្វ្រិកខាងត្បូង សំប៊ី កូម័រ កុងហ្គោ ប្រេសហ្សាវីល អេហ្ស៊ីប សេណេហ្គាល់ និងអ៊ូហ្គង់ដា។ ពួកគេបានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ កាលពីថ្ងៃសុក្រដើម្បីចូលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ផងដែរ។
លោក ហ្សេលេនស្គី បានច្រានចោលគោលបំណងចង់បានការចរចាសន្តិភាពជាមួយរុស្ស៊ី ដោយបានដាក់លក្ខខណ្ឌថា លុះត្រាតែកងទ័ពរបស់ទីក្រុងម៉ូស្គូដកខ្លួនចេញពីទឹកដីប្រទេសរបស់ខ្លួន។ លោកបានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖ «ថ្ងៃនេះ ខ្ញុំបាននិយាយយ៉ាងច្បាស់ម្តងហើយម្តងទៀតនៅក្នុងកិច្ចប្រជុំថា ដើម្បីអនុញ្ញាតឱ្យមានការចរចាណាមួយជាមួយរុស្ស៊ីកើតឡើងភាគីរុស្ស៊ីត្រូវបញ្ឈប់សង្រ្គាម បញ្ឈប់ការវាយធ្វើបាបយើងទៀត»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov)បាននិយាយថា មេដឹកនាំអា ហ្វ្រិកទាំងនោះ មិនបាននាំសារណាមួយពីប្រធានាធិបតីអ៊ុយក្រែនទៅកាន់កិច្ចប្រជុំរយៈពេល៣ម៉ោងរបស់ពួកគេជាមួយលោក ពូទីន នោះទេ។ គួរដឹងដែរថា បណ្តាប្រទេសលោកខាងលិច តែងតែបានរិះគន់ប្រទេសអាហ្វ្រិកមួយចំនួន ចំពោះការមិនបានបង្ហាញជំហរថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន៕