បន្ទាប់ពីការលាក់ការណ៍យ៉ាងយូររហូតដល់ជិតបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអានតូនី ប្ល៊ីនកែន (Anthony Blinken) ទៅកាន់ទីក្រុងប៉េកាំង ទីបំផុតប្រមុខការទូតអាមេរិក បានជួបប្រមុខដឹកនាំដ៏មានអំណាចបំផុតរបស់ចិនដើម្បីបន្ធូរភាពតានតឹងដែលកើតឡើងរវាងប្រទេសទាំង ២ ក្នុងរយៈពេលជិត ៥ ឆ្នាំ។
ប្រមុខដឹកនាំជាន់ខ្ពស់នៃប្រទេសមហាអំណាចទាំង ២ បានកំណត់ពេលជួបគ្នានៅម៉ោង ៤ និង ៣០ នាទីរសៀលនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំចុងក្រោយនៃដំណើរទស្សនកិច្ច ២ ថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកទៅកាន់ប្រទេសចិន។
យោងតាមការចេញផ្សាយរបស់ CNBC មុនជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង លោក អានតូនី ប្ល៊ីនកែន បានជួបជាបន្តបន្ទាប់មន្ត្រីជាន់ខ្ពស់ចិន រួមមានរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang កាលពីថ្ងៃអាទិត្យ និងនៅព្រឹកថ្ងៃចន្ទ ប្រមុខការទូតអាមេរិកបានជួបពិភាក្សាជាមួយលោក វ៉ាង យី ប្រធានការិយាល័យបក្សកុម្មុយនីស្តចិន។
ដំណើរកម្សាន្តរបស់លោក ប្ល៊ីនកែន ធ្វើឱ្យលោកក្លាយជាមន្ត្រីជាន់ខ្ពស់អាមេរិកដំបូងដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីលោក ចូ បៃដិន (Joe Biden) បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក និងជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេដែលបានធ្វើដំណើរក្នុងរយៈពេលជិត ៥ ឆ្នាំ ដែលជារយៈពេលនៃភាពតានតឹងកំពូលបានកើតឡើងរវាងប្រទេសទាំង ២។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោក ប្ល៊ីនកែន មាន៖ «ការពិភាក្សាដោយស្មោះត្រង់ ជាក់ស្តែង និងប្រកបដោយការស្ថាបនា» ជាមួយសមភាគីលោក Qin Gang។
លោកបានលើកឡើងពីការព្រួយបារម្ភ ក៏ដូចជា «ឱកាសដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ» ហើយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទំនាក់ទំនងបើកចំហ។
សេចក្តីថ្លែងការណ៍នោះបានលើកឡើងដែរថា៖ «លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងតែងតែក្រោកឈរឡើងដើម្បីផលប្រយោជន៍ និងតម្លៃរបស់ប្រជាជនអាមេរិក ហើយធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន ដើម្បីជំរុញចក្ខុវិស័យរបស់យើងសម្រាប់ពិភពលោកដែលមានសេរីភាព បើកចំហ និងរក្សាសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ»។
សហរដ្ឋអាមេរិកមិនភ្លេចទេក្នុងការអញ្ជើញ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីបន្តការពិភាក្សា ហើយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកក៏បានអះអាងថា ភាគីទាំង ២ បានយល់ព្រមកំណត់ពេលនៃដំណើរទស្សនកិច្ចនៅ «ពេលវេលាសមស្របទៅវិញទៅមក»។
តាមពិតផែនការធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនដំបូងរបស់លោកប្ល៊ីនកែនត្រូវបានរៀបចំឡើងសម្រាប់ខែកុម្ភៈដើមឆ្នាំនេះ ប៉ុន្តែត្រូវបានលុបចោលវិញ ជុំវិញជម្លោះលើករណី «បាឡុងហោះ» ដែលជាការចោទប្រកាន់ថា ជាចារកម្មចិន ត្រូវបានបង្ហោះលើដែនអាកាសសហរដ្ឋអាមេរិក។
មានការរំពឹងទុកថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំង ២ នឹងងើបឡើងប្រសើរឡើងវិញខ្លះ ក្រោយដំណើរទស្សនកិច្ចរបស់លោកប្ល៊ីនកែន ដែលលោកក៏បញ្ចូលការជួបជាមួយអ្នកធុរកិច្ចអាមេរិកក្នុងវិស័យជាច្រើនដែលកំពុងប្រកបអាជីវកម្មនៅប្រទេសចិន។
កាលពីខែសីហា ឆ្នាំមុន ប្រទេសទាំង ២ ស្ទើរតែប៉ះទង្គិចគ្នាដោយប្រដាប់អាវុធទៅហើយ ក្នុងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់អតីតប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ដែលចិនចោទថា អាមេរិកបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ដោយសារចិនប្រកាន់ទុកថាដែនដីកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។
ទោះបីសហរដ្ឋអាមេរិកទទួលស្គាល់ទីក្រុងប៉េកាំងជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសចិនរួមមានតៃវ៉ាន់ ប៉ុន្តែអាមេរិកនៅតែជាដៃគូសំខាន់របស់តៃវ៉ាន់៕