កាលពីថ្ងៃអង្គារ ក្រសួងអប់រំកូរ៉េខាងត្បូង បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង នឹងលុបសំណួរពិបាកខ្លាំង ដែលគេហៅថាជា «សំណួរពិឃាត»ចេញពីការប្រឡងចូលមហាវិទ្យាល័យ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកទៅលើសាលាឯកជនខ្លាំងជ្រុល។
ជារៀងរាល់ឆ្នាំ សិស្សានុសិស្សជាងកន្លះលាននាក់ ដែលបានចូលរួមធ្វើតេស្ដសមត្ថភាព ឬហៅថា ការប្រឡង ដែលមានរយៈពេលរហូតដល់ទៅ ៩ ម៉ោង និងដែលគេស្គាល់ថាជា «ស៊ុនអ៊ូ»។
ការប្រឡងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់និស្សិតមហាវិទ្យាល័យ អាជីពការងារ និងសូម្បីតែអនាគតអាពាហ៍ពិពាហ៍របស់ពួកគេ។
គួរដឹងដែរថា ការដាក់បញ្ចូល «សំណួរពិឃាត» គឺជាសំណួរ ដែលមិនអាចឆ្លើយបាន ដោយគ្រាន់តែឆ្លងកាត់ការសិក្សាតាមកម្មវិធីសិក្សានៅសាលារដ្ឋនោះទេ ពោលគឺជាសំណួរដែលចង់ស្វែងរក ក៏ដូចជាបែងចែករកសិស្សពូកែកំពូលៗ។ប៉ុន្តែ កត្តាសំណួរពិឃាតនេះ បាននាំឱ្យមានការកើនឡើងនៃការចំណាយលើការអប់រំ ដោយឪពុកម្តាយ និងសិស្សបានងាកទៅរកមជ្ឈមណ្ឌលបង្រៀនឯកជន ដែលមានតម្លៃថ្លៃ។
លោក លី ជូហូ (Lee Ju-ho) រដ្ឋមន្ត្រីក្រសួងអប់រំ បាននិយាយកាលពីថ្ងៃចន្ទថា៖ «ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានតាមសមត្ថភាពរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីដកសំណួរនៅខាងក្រៅប្រព័ន្ធអប់រំសាធារណៈចេញ ដើម្បីធ្វើឱ្យការប្រឡងក្លាយជាការសាកល្បងដោយយុត្តិធម៌»។
បន្ថែមលើនេះ ក្រសួងអប់រំបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តធ្វើកំណែទម្រង់ ដោយបញ្ជាក់ថា ខ្លួនគាំទ្រការលើកឡើងរបស់លោក លី។ កន្លងមក ការព្យាយាមធ្វើការលើកំណែទម្រង់នេះ ក៏ធ្លាប់បានធ្វើដែរ ពោលគឺធ្លាប់បានព្យាយាមដកសំណួរពិឃាតចេញពីការប្រឡងសាកល្បងកាលពីដើមឆ្នាំ ប៉ុន្តែបានបរាជ័យ។
សារៈសំខាន់នៃការធ្វើតេស្តសាកល្បងនេះបានបង្ហាញឱ្យឃើញអំពីការដាក់ចេញវិធានការផ្សេងៗ ដោយអាជ្ញាធរ ដើម្បីធានាថាគ្មានការរំខានណាមួយកើតឡើង ដូចជាការផ្អាកជើងហោះហើរ និងការចុះចតជាបណ្តោះអាសន្ននៅអាកាសយានដ្ឋាន ជាពិសេសក្នុងអំឡុងពេលធ្វើតេស្តស្តាប់ភាសាអង់គ្លេស។
សម្ពាធខ្លាំងទៅលើសិស្សនៅក្នុងប្រព័ន្ធអប់រំ ដែលមានការប្រកួតប្រជែងខ្ពស់របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានចាត់ទុកថាជាកត្តាចម្បងដែលរួមចំណែកដល់អត្រានៃការធ្លាក់ទឹកចិត្តរបស់យុវវ័យ និងការធ្វើអត្តឃាត។ ហើយអត្រាធ្វើអត្តឃាតនៅប្រទេសកូរ៉េខាងត្បូង មានកម្រិតខ្ពស់បំផុតនៅលើពិភពលោក។
លោក លី បានបញ្ជាក់បន្ថែមថាមន្រ្តីគ្រប់រូបគួរតែឆ្លុះបញ្ចាំងពីខ្លួនឯង ឱ្យបានច្រើន ជាពិសេសការបរាជ័យកន្លងមក ក្នុងការដោះស្រាយបញ្ហាលំបាកនៃការធ្វើតេស្តនេះ ដែលលោកបានហៅថាភាពលំបាកនៃការធ្វើតេស្តថា ជាកម្លាំងជំរុញនៅពីក្រោយការរីកចម្រើនវិស័យអប់រំឯកជន។លោកបានបន្ថែមថា «ខណៈដែលរដ្ឋាភិបាលឈរនៅស្ងៀម ហោប៉ៅរបស់សាលាឯកជនកំពុងធាត់ខ្លាំង»។
កាលពីឆ្នាំមុន នៅប្រទេសកូរ៉េខាងត្បូង ក្នុង ១ គ្រួសារ បានចំណាយប្រាក់ជាង ២០ ប៊ីលានដុល្លារអាមេរិក លើការអប់រំឯកជន សម្រាប់សិស្សបឋមសិក្សា មធ្យម និងវិទ្យាល័យ។នេះបើយោងតាមស្ថិតិរបស់កូរ៉េខាងត្បូង ផ្ទាល់។ តួលេខនេះ បើយើងគិតជាការចំណាយជាមធ្យមប្រចាំខែនោះគឺ គ្រួសារមួយត្រូវចំណាយចំនួន ៣២០ ដុល្លារអាមេរិកក្នុងសិស្សម្នាក់៕