សហរដ្ឋអាមេរិក គ្រោងនឹងដាក់ទណ្ឌកម្មថ្មីក្នុងសប្តាហ៍នេះលើបណ្ដាធនាគាររដ្ឋរបស់មីយ៉ាន់ម៉ា ដើម្បីកាត់ផ្តាច់ហិរញ្ញវត្ថុដល់របបយោធា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះដឹងអំពីព័ត៌មាននេះ និងប្រព័ន្ធផ្សព្វផ្សាយថៃ។
ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃកាលពីថ្ងៃអង្គារទី ២០ ខែមិថុនា បានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងប្រកាសដាក់ទណ្ឌកម្មថ្មីលើធនាគារពាណិជ្ជកម្មបរទេសមីយ៉ាន់ម៉ា ធនាគារវិនិយោគមីយ៉ាន់ម៉ា និងពាណិជ្ជកម្មមីយ៉ាន់ម៉ា ក្នុងប្រទេសមីយ៉ាន់ម៉ានាថ្ងៃពុធនេះ។រ៉យទ័រ បានបញ្ជាក់ការចុះផ្សាយនេះ ពីប្រភពមិនបញ្ចេញឈ្មោះ២រូប ខណៈស្ថានទូតអាមេរិកប្រចាំប្រទេសថៃ មិនបានឆ្លើយតបភ្លាមៗយ៉ាងណា ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
គួររំឭកថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានដាក់ទណ្ឌកម្មជាច្រើនលើកទៅលើមេដឹកនាំយោធាមីយ៉ាន់ម៉ា ចាប់តាំងរដ្ឋប្រហារយោធាដណ្ដើមអំណាចក្នុងឆ្នាំ ២០២១ ដែលផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសានស៊ូជី និងបង្កជាភាពចលាចល និងអំពើហិង្សាដោយបង្ហូរឈាម ទូទាំងប្រទេសរហូតមកទល់ពេលនេះ។
ជុំវិញព័ត៌មានចុងក្រោយនេះ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលោកZaw Min Tun បាននិយាយប្រាប់បណ្តាញព័ត៌មានរដ្ឋមីយ៉ាន់ម៉ាMWD កាលពីល្ងាចថ្ងៃអង្គារថា ខ្លួនមិនមានការព្រួយបារម្ភអំពីទណ្ឌកម្មថ្មីណាមួយនោះទេ។ លោកបន្តថា ប្រទេសនេះធ្លាប់មានបទពិសោធន៍ដាក់ទណ្ឌកម្មពីមុនមក ហើយមីយ៉ាន់ម៉ានឹងមិនប្រឈមមុខនឹងការខាតបង់ទេ ប្រសិនបើមានការដាក់ទណ្ឌកម្មថ្មីលើធនាគាររដ្ឋរបស់ខ្លួន។
លោកZaw Min Tun បាននិយាយទៀតថា សហរដ្ឋអាមេរិកគ្រាន់តែធ្វើបែបនេះ ដើម្បីបង្កការលំបាកក្នុងសេដ្ឋកិច្ច និងនយោបាយ តែប៉ុណ្ណោះ។
យ៉ាងណាមិញកាលពីថ្ងៃអង្គារ សារព័ត៌មានថៃBangkok Business News បានរាយការណ៍ដោយដកស្រង់ប្រភពថៃដែលនិយាយថា ការដាក់ទណ្ឌកម្មលើធនាគាររដ្ឋមីយ៉ាន់ម៉ា នឹងប៉ះពាល់ផ្នែកហិរញ្ញវត្ថុដល់ប្រទេសថៃ និងប្រទេសដទៃទៀតក្នុងតំបន់ ដោយសារតែការតភ្ជាប់នៃទំនាក់ទំនងរវាងបណ្ដាធនាគារ៕