​ត្រឹមតែ​​ ១​ ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រមុខ​ការទូត​របស់​សហរ​ដ្ឋ​អាមេរិក​លោក អាន​តូ​នី ប្ល៊ី​ន​កែន (Antony Blinken) បញ្ចប់​ទស្សនកិច្ច​ដ៏​កម្រ​ក្នុង​រយៈពេល​ជិត​ ៥ ​ឆ្នាំ​នៅ​ទីក្រុង​ប៉េកាំង​ ដើម្បី​បន្ថយកម្ដៅ​នៃ​ការ​ប្រឈម​ដាក់គ្នា​រវាង​មហាអំណាច​លេខ​ ១​ និង​លេខ ​២ ​នេះ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន​(Joe Biden) កាលពី​ថ្ងៃ​អង្គារ​បាន​ហៅ​ប្រធានាធិបតី​ចិន​ស៊ី ជីន​ភីង (Xi Jinping) ថា​ជា​ «​ជន​ផ្តាច់ការ​» ដែល​ធ្លាក់​ដល់​របត់​ថ្មី​មួយទៀត​នៃ​ទំនាក់ទំនង​របស់​មហា​អំណាច​ទាំង​ ២​។

​ក្នុងជំនួប​ទ្វេភាគី​ ២​ ថ្ងៃ កាល​ពីថ្ងៃ​អាទិត្យ​ចន្ទ ភាគី​ចិន​បាន​ហៅ «​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ ២ ​ធ្លាក់​ដល់​ចំណុច​ដ៏​ទាប​បំផុត​ចាប់តាំងពី​ផ្តើម​រឹតចំណង​ការទូត​ជាមួយគ្នា​ឡើងវិញ​»​ នៅ​ឆ្នាំ​ ១៩៧៩ ក្រោយ​អាមេរិក​ទទួលស្គាល់​គោលនយោបាយ​ចិន​តែមួយ ដែល​បូក​បញ្ចូល​តៃវ៉ាន់​ជា​ផ្នែក​របស់​ចិន​។

​ថ្លែង​ក្នុង​កម្មវិធី​រៃអង្គាស​ថវិកា​មួយ​ពី​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ក្រៅពី​ហៅ​មេដឹកនាំ​ចិន​ថា​ «​ផ្តាច់ការ​» ប្រធានាធិបតី​អាមេរិក​ក៏បាន​និយាយថា ប្រធានាធិបតី ស៊ី ជីន​ភីង មានការ​ខ្មាសអៀន​ខ្លាំងណាស់ នៅពេលដែល​បា​ឡុង​ហោះ​របស់​ចិន​ត្រូវបាន​បង្ហោះ​លើ​លម្ហ​អាកាស​អាមេរិក​នៅ​ដើម​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

​ការហៅ​មេដឹកនាំ​ចិន​បែបនេះ បើតាម​រ៉​យ​ទ័​រ វា​មិន​ច្បាស់​ទេ​ថា ហេតុអ្វី​បានជា​លោក បៃ​​ដិ​ន ធ្វើ​អត្ថាធិប្បាយ​លើ​មេ​​ដឹកនាំ​ចិន ដែលជា​ប្រ​ធានា​ធិ​ប​តី​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន​ចាប់តាំងពី​ស្ថាបនិក​បក្ស​កុម្មុយនីស្ត​ចិន លោក ម៉ៅ សេទុង (Mao Zedong) ក្រោយ​លោក ​ស៊ី ជីន​ភីង ទទួលបាន​អាណត្តិ​ទី​ ៣ ​ដែល​មិន​ធ្លាប់មាន​ពីមុន​មកជា​ប្រធានាធិបតី និង​ជា​ប្រធាន​បក្ស​កុម្មុយនីស្ត​។​

​លោក បៃ​ដិ​ន បាន​និយាយថា​៖ «​មូលហេតុ​ដែល​លោក ស៊ី ជីន​ភីង​ ខកចិត្ត​ខ្លាំង ពេលដែល​ខ្ញុំ​បាន​បាញ់​ទម្លាក់​បា​ឡុង​មាន​ប្រអប់​ចំនួន​ ២​ ដែល​ពេញ​ដោយ​ឧបករណ៍​ចារកម្ម​នៅក្នុង​នោះ គឺ​គាត់​មិនដឹងថា​បា​ឡុង​មាននៅ​ទីនោះ​ទេ​»​។​

​លោក បៃ​ដិ​ន និយាយថា​ «​នោះ​ជាការ​អាម៉ាស់​យ៉ាងខ្លាំង​សម្រាប់​ជន​ផ្តាច់ការ​។ នៅពេលដែល​ពួកគេ​មិនដឹងថា​មាន​អ្វី​បាន​កើតឡើង​។ បា​ឡុង​នោះ​មិន​ត្រូវបាន​រំពឹង​ទៅ​កន្លែង​ណា​ដែល​វា​ត្រូវ​ទៅនោះ​ទេ​។ វា​ត្រូវបាន​បង្ហោះ​ទៅហើយ​»​។​

​តាម​រ៉​យ​ទ័​រ​ដដែល លោក បៃ​ដិ​ន ​ក៏បាន​លើកឡើងថា ប្រទេស​ចិន​ជួបប្រទះ​ផល​លំបាក​ខាង​សេដ្ឋកិច្ច​យ៉ាងពិត​ប្រាកដ​ក្នុងអំឡុង​ពេលនេះ​។​

​ទោះយ៉ាងណា​ក៏ដោយ រហូតដល់​ពេលនេះ ប្រធានាធិបតី​ចិន លោក​ ស៊ី ជីន​ភីង និង​ក្រសួងការបរទេស​ចិន​មិនទាន់​ឆ្លើយតប​ជា​ផ្លូវការ​ទៅនឹង​អ្វីដែល​ប្រធានាធិបតី​អាមេរិក​លើកឡើង​នោះទេ​។

​ក្នុងជំនួប​ដ៏​កម្រ​កាលពីដើម​សប្តាហ៍​នេះ ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង និង​រដ្ឋមន្ត្រី​ការ​​បរទេស​អាមេរិក អាន​តូ​នី ប្ល៊ី​ន​កែន បាន​ព្រមព្រៀងគ្នា​ដើម្បី​ធ្វើឱ្យ​អរិភាព​ដ៏​ខ្លាំង​របស់​ពួកគេ​ងាក​មក​ធម្មតា​ឡើងវិញ​។ ក្រៅ​ពី​ការសន្យា​បន្ធូរបន្ថយ​ភាព​តានតឹង ភាគី​ទាំង ​២​ បាន​បរា​ជ័យ​ក្នុងការ​បង្កើត​លទ្ធផល​សំខាន់​ផ្សេងទៀត​ក្នុងអំឡុង​​ពេល​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទៅកាន់​ប្រទេស​ចិន​។​

​នៅក្នុង​ជំនួប​នោះ ពួកគេ​ក៏បាន​បើកផ្លូវ​ឱ្យ​មន្ត្រីការទូត​ជួបពិភាក្សា​គ្នា​ឡើងវិញ​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។

​បេសកជន​ផ្នែក​អាកាសធាតុ​របស់​សហរ​ដ្ឋ​អាមេរិក លោក ច​ន ឃើ​រី (John Kerry) អាច​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ក្នុងពេល​ឆាប់ៗ​នេះ​។ នេះ​បើតាម​ការលើក​ឡើង​របស់លោក​បៃ​ដិ​ន​កាល​​ពីថ្ងៃ​អង្គារ​ដែល​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ដកស្រង់​។

​លោក ​បៃ​ដិ​ន​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​គិតថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ ​ស្ថិតនៅលើ​ផ្លូវត្រូវ​។​

​ទោះបី​អាមេរិក​បង្កើត​ក្រុម​សន្តិសុខ​យុទ្ធសាស្ត្រ Quad ដែល​រួមមាន​ប្រទេស​ជប៉ុន អូស្ត្រាលី ឥណ្ឌា និង​សហរដ្ឋអាមេរិក ប៉ុន្តែ​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន​និយាយថា អាមេរិក​មិនបាន​ព្យាយាម​ឡោមព័ទ្ធ​ប្រទេស​ចិន​ទេ​៕