អាជ្ញាធរ បានលើកឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា យាន​មុជទឹក​ ដែលដឹក​មនុស្ស​ចំនួន ៥ នាក់ ក្នុងដំណើរ​ស្រាវជ្រាវ និងសិក្សា​អំពី​កប៉ាល់​ទីតានិក (Titanic) បានធ្លាក់​នៅក្បែរ​កន្លែង​លិចកប៉ាល់​ទីតានិក​នោះ បណ្តាល​ឱ្យមនុស្ស​ទាំងអស់​នៅក្នុង​នោះ បានស្លាប់​យ៉ាង​អាណោចអាធ័ម។

ការណ៍នេះ​បាន​ធ្វើ​ឱ្យ​ក្តី​សង្ឃឹម​ក្នុងការ​ស្វែងរក​បុរស​ទាំង ៥ នាក់ ដែលអាច​ថា​នឹង​នៅរស់ បាន​បាត់បង់ បន្ទាប់ពី​ការផ្គត់ផ្គង់​អុកស៊ីហ្ស៊ែន​រយៈពេល ៩៦ ម៉ោង​របស់​យាន​មុជទឹក​នោះអស់​ក្រោយពេល​ធ្វើ​ដំណើរ​ចុះទៅ​ក្នុង​សមុទ្រ​កាលពី​ថ្ងៃអាទិត្យ។ ឆ្មាំ​ឆ្នេរ​សមុទ្រ​បានប្រកាស​ថា បំណែក​យាន​មុជទឹក​នោះ ត្រូវបាន​រកឃើញ​នៅចម្ងាយ​ប្រហែល ៤៨៨ ម៉ែត្រ ពី​កប៉ាល់​ទីតានិក​នៅក្នុង​សមុទ្រ​អាត្លង់ទិក​ខាងជើង។

លោក ចន មួហ្គឺរ (John Mauger) ឧត្តមនាវីទោ​ប្រចាំ​នៅស្រុក​ឆ្មាំ​សមុទ្រ​ទីមួយ បានថ្លែង​ថា «នេះ​គឺជា​ព្រឹត្តិការណ៍​បំផ្លិចបំផ្លាញ​យាន​មុជទឹក​មួយ​ដ៏មហន្តរាយ​បំផុត»។ គួរដឹង​ដែរ​ថា បន្ទាប់ពី​យាន​នេះ​បាន​បាត់ខ្លួន កងទ័ពជើង​ទឹក​សហរដ្ឋអាមេរិក​បានវិភាគ​ទិន្នន័យ​តាម​ទូរស័ព្ទ និងបានរក​ឃើញ​ភាព​មិនប្រក្រតី ដោយ​ហាក់​ដូចជា​បានឃើញ​សំឡេង​ផ្ទុះ កើតមាន​នៅជិត​ទីតាំង​ដែលបាត់បង់​សញ្ញា​ទាក់ទង។

ក្រុមហ៊ុន OceanGate Expeditions ដែល​ជាក្រុមហ៊ុន​គ្រប់គ្រង និងដំណើរការ​នាវា​មុជទឹក​នេះ បានអះអាង​នៅក្នុង​សេចក្តីថ្លែង​ការណ៍មួយ​ថា «មនុស្ស​ទាំង ៥ នាក់​នៅក្នុង​នាវា​នោះ ដោយ​មានអ្នកបើក​យន្តហោះ​ម្នាក់​ឈ្មោះ​ថា ស្តុកថុន រូស (Stockton Rush) បានបាត់បង់​ជីវិត​គួរឱ្យ​សោកស្ដាយ​ជាទីបំផុត»។

ដោយឡែក ៤ នាក់​ទៀត​ដែលនៅ​ក្នុងយាន​នោះ​ជាមួយគ្នា មាន ២ នាក់​ជាសមាជិក​គ្រួសារ​ជនជាតិ​ប៉ាគីស្ថាន​ដ៏លេចធ្លោ​មួយ​គឺ លោក សាហ្សាដា ដាវូដ (Shahzada Dawood) និង​កូនប្រុស​របស់​លោក​ឈ្មោះ​ថា ស៊ូឡេម៉ាន ដាវូដ (Suleman Dawood) និង ២ នាក់​ទៀត​គឺ អ្នកចូលចិត្ត​ដើរ​ផ្សងព្រេង​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ថា ហាមីស ហាឌិង (Hamish Harding) និង​អ្នកជំនាញ​កប៉ាល់​ទីតានិក​លោក ផូល ហេនរី ណឺជីអូឡេត (Paul-Henri Nergeolet)។

ឆ្នាំ សមុទ្រ​អាមេរិក​ថា នាវាមុជ​ទឹក ទីតាន បានផ្ទុះ​ធ្លាក់​ទៅបាត​សមុទ្រ បណ្ដាល​ឱ្យ​មនុស្ស​ទាំង ៥ នាក់​ នៅក្នុង​យាននោះ​ស្លាប់ ។ AFP

ក្រុមហ៊ុន OceanGate បានលើកឡើង​នៅក្នុង​សេចក្តីថ្លែង​ការណ៍មួយ​ថា «បុរស​ទាំង ៥ នាក់​នេះ គឺជា​អ្នករុករក​ដ៏ពិតប្រាកដ ដែលបាន​ចែក​រំលែក​ស្មារតី​នៃការផ្សងព្រេង និង​ចំណង់​ចំណូលចិត្ត​យ៉ាងជ្រាលជ្រៅ​ក្នុងការរុករក និងការពារ​មហាសមុទ្រ​របស់​ពិភពលោក»។ ក្រុមហ៊ុន​នេះបន្ត​ថា «យើង​សោកស្ដាយ​ខ្លាំងណាស់​ចំពោះការ​បាត់បង់​ជីវិត​របស់​ពួកគេ»។

គួរបញ្ជាក់ដែរ​ថា ក្រុមហ៊ុន OceanGate បានចងក្រង​ឯកសារ​អំពី​ភាពពុកផុយ​របស់​កប៉ាល់​ទីតានិក និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅជុំវិញ​នោះ តាមរយៈ​ការធ្វើ​ដំណើរ​ទៅកាន់ទី​នោះ​រៀងរាល់ឆ្នាំ។ ដោយឡែក ឆ្មាំ​ឆ្នេរ​សមុទ្រ​ក៏នៅតែ​បន្ត​ការស្វែងរក​ព័ត៌មាន​បន្ថែម និងតម្រុយ​ដែលអាច​រកបាន​ដោយ​កងទ័ព​ជើងទឹក អំពី​ការផ្ទុះ​យាន​មុជទឹក​នោះ។ កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​នេះ បានពង្រីក​តំបន់​រុករក​ឱ្យកាន់តែ​ធំជា​បន្ត​បន្ទាប់ ហើយប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន ក៏បាន​ផ្តល់ព័ត៌មាន​ថ្មីៗ​អំពី​ប្រតិបត្តិការ​នោះផងដែរ។

បន្ថែមលើ​នេះ សេតវិមាន​អាមេរិក ក៏បាន​សម្តែង​ការអរគុណ​ចំពោះ​ឆ្មាំ​ឆ្នេរ​សមុទ្រ​អាមេរិក និង​ដៃគូ​អន្តរជាតិ​ដែលចូលរួម​ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក និងជួយ​សង្គ្រោះ​ក្នុង​ប្រតិបត្តិការ​នេះ។ មិនត្រឹមតែ​ប៉ុណ្ណោះ ពួកគេបានចូលរួម​រំលែកទុក្ខ​ដល់ក្រុមគ្រួសារ​រងគ្រោះ​ផងដែរ។

នាវាមុជ​ទឹក ទីតាន បានផ្ទុះ​ធ្លាក់​ទៅបាត​សមុទ្រ។ AFP

គួររំឭក​ថា នាវា​មុជទឹក​របស់​ក្រុមហ៊ុន OceanGate បានដឹក​មនុស្ស ៤៦ នាក់​ទៅកាន់​កន្លែង​នាវា​ទីតានិក​ដោយជោគជ័យ​កាលពី​ឆ្នាំ២០២១ និងឆ្នាំ២០២២ នេះ​បើយោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​ផ្ទាល់។ ចំពោះ​អតីត​អ្នកដំណើរ ពួកគេ​បានលើកឡើង​ពីការព្រួយ​បារម្ភ​ជុំវិញ​សុវត្ថិភាព​របស់​នាវា​មុជទឹក ដោយលើកឡើង​ពីស្ថានភាព​ចង្អៀត និងពន្លឺ​មានតិចតួច​បំផុត​អំឡុងពេល​ចុះ​ទៅដល់​ខាងក្រោម។

គួរដឹងដែរ​ថា មុនពេល​ពួកគេ​ចាប់ផ្ដើម​ធ្វើ​ដំណើរ​តាមយាន​មុជទឹក​នោះ មានការពន្យារ​ពេល​ដោយសារតែ​បញ្ហា​បច្ចេកទេស ដែលតម្រូវ​ឱ្យ​មានការ​ជួសជុល ដោយបាន​ពន្យារពេល​ការធ្វើ​ដំណើរ​រហូត​ដល់​ទៅ ១០ ម៉ោង​កន្លះ។ លោក នីកូឡាយ រ៉ូថឺមែន (Nicolai Roterman) អ្នក​បរិស្ថាន​វិទ្យា​នៅសមុទ្រ​ជ្រៅ បានព្រមាន​ថា «ឧបទ្ទវហេតុ​បែប​នេះ​បានបង្ហាញ​ពីហានិភ័យ​ពីធម្មជាតិ​នៃ​ទេសចរណ៍​សមុទ្រ​ជ្រៅ ហើយអាច​នឹងកើត​មាន​ឧបទ្ទវហេតុ​ស្រដៀងគ្នា​បន្ថែមទៀត នៅពេល​ដែលឧស្សាហកម្ម​ទេសចរណ៍​សមុទ្រ​ជ្រៅ​កាន់តែ​រីកចម្រើន​បន្ថែមទៀត»៕