អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានលើកឡើងកាលពីថ្ងៃពុធថា ប្រទេសជិតខាងរបស់ប្រទេសមីយ៉ាន់ម៉ា នៅតំបន់អាស៊ីអាគ្នេយ៍ហៅកាត់អាស៊ាន ត្រូវតែពិចារណាលើការដាក់វិធានការណាមួយ ដើម្បីឱ្យក្រុមយោធាដែលកំពុងដឹកនាំប្រទេសទទួលខុសត្រូវ ខណៈពេលដែលវិធានការ ៥ ចំណុចដែលបានដាក់ចេញកន្លងមកដែលមានមេដឹកនាំយោធាចូលរួមផង មិនត្រូវបានអនុវត្តដើម្បីកែលម្អស្ថានការណ៍នៅមីយ៉ាន់ម៉ាទេ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានការណ៍សិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា លោក ថូម៉ាស អាន់ ឌ្រូ (Thomas Andrews) បាននិយាយថា ក្រុមប្រទេសនៅក្នុងតំបន់នេះហាក់កំពុងជាប់គាំងមិនដឹងពីរបៀបដោះស្រាយវិបត្តិដែលកំពុងបន្តកើតមាននៅប្រទេសមីយ៉ាន់ម៉ាសោះ។
លោក ថូម៉ាស បានថ្លែងថា៖ «សមាគម អាស៊ានមិនត្រូវចូលដៃចូលជើងជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាទេ ព្រោះថាមេដឹកនាំយោធានេះ មិនបានអនុវត្តផែនការសន្តិភាពទាំង ៥ ចំណុចដែលបានព្រមព្រៀងគ្នារវាងមេដឹកនាំយោធា និងបណ្ដាប្រទេសសមាជិកអាស៊ាន បន្ទាប់ពីខ្លួនបានដណ្តើមអំណាចដោយប្រើរដ្ឋប្រហារ កាលពីឆ្នាំ ២០២១»។
លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីថា៖ «វាដល់ពេលហើយដែលត្រូវស្វែងរកវិធីផ្សេងទៀតដើម្បីដោះស្រាយបញ្ហាជាប់គាំងដ៏គ្រោះថ្នាក់នេះ»។
លោកបានបន្ថែមថា៖ «អាស៊ានត្រូវតែពិចារណាលើការបង្កើតវិធានការដាក់បន្ទុកលើរបបយោធាចំពោះការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការមិនយកចិត្តទុកដាក់លើការអនុវត្តផែនការសន្តិភាពទាំង៥ចំណុចដែលបានដាក់ចេញ»។
ផែនការសន្តិភាពទាំង ៥ ចំណុចនោះ រួមមាន ការបញ្ឈប់ជាបន្ទាន់រាល់អំពើអរិភាព ការអនុញ្ញាតឱ្យក្រុមការងារមនុស្សធម៌ចូលទៅក្នុងប្រទេសប្រកបដោយសុវត្ថិភាព និងកិច្ចសន្ទនាជាបរិយាប័ន្នដើម្បីសម្រេចបាននូវសន្តិភាពនៅក្នុងប្រទេស ដែលកំពុងរងគ្រោះដោយសារជម្លោះផ្ទៃក្នុង ជាដើម។
កាលពីខែវិច្ឆិកា ឆ្នាំមុន កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាន បានចេញសេចក្ដីព្រមានដល់របបយោធាមីយ៉ាន់ម៉ាហើយបានទាមទារឱ្យមានសូចនាករជាក់ស្តែងនិងអាចវាស់វែងបានជាមួយនឹងការកំណត់ពេលវេលាជាក់លាក់មួយក្នុងការអនុវត្តចំណុចទាំង ៥ នោះ។ ប៉ុន្តែការខកចិត្តក៏បានកើតមានឡើង ដោយមេដឹកនាំយោធាបានបើកការវាយលុកទៅលើគូប្រជែងជាបន្តបន្ទាប់។
របបយោធាមីយ៉ាន់ម៉ាបច្ចុប្បន្នដឹកនាំប្រទេសក្រោយការធ្វើរដ្ឋប្រហារយោធានៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១៕