នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូលស៍ (Olaf Scholz) បានព្រមានក្រុងប៉េកាំង អំពីបំណងចង់ប្រើប្រាស់កម្លាំងយោធា ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅតៃវ៉ាន់ និងបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិន បន្ទាប់ពីលោកបានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិនកាលពីប៉ុន្មានថ្ងៃមុនរួចមក។
លោក ស្កូលស៍ បានប្រាប់សមាជិកសភាអាល្លឺម៉ង់ថា ទីក្រុងប៊ែរឡាំងចង់បានទំនាក់ទំនងជាវិជ្ជមានមួយជាមួយនឹងប្រទេសចិន ព្រោះប្រទេសនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាសកលលោក ដូចជាសន្តិសុខស្បៀង ការប្រែប្រួលអាកាសធាតុ និងភាពក្រីក្រជាដើម។
លោកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសទាំង ៧ (G7) ថា «ទន្ទឹមនឹងនេះ យើងបានជំរុញឱ្យប្រទេសចិន ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ»។ លោកបានបន្តថា «ទឹកដីនៃប្រទេសនីមួយៗ គួរតែត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន រួមទាំងទ្វីបអឺរ៉ុប និងពិភពលោកទាំងមូលផងដែរ»។
លោក ស្កូលស៍ បានសង្កត់ធ្ងន់ថា «យើងសូមធ្វើការបដិសេធទាំងស្រុង នូវរាល់ការប៉ុនប៉ងធ្វើការផ្លាស់ប្តូរស្ថានភាពនៅតំបន់សមុទ្រចិនខាងកើត និងខាងត្បូងដោយប្រើប្រាស់កម្លាំងយោធា ឬការបង្ខិតបង្ខំណាមួយ»។ ការលើកឡើងបែបនេះ គឺលោកចង់សំដៅទៅលើបញ្ហាដែលកំពុងកើតមាននៅកោះតៃវ៉ាន់តែម្ដង»។
សូមបញ្ជាក់ថា ទីក្រុងប៉េកាំងតែងតែចាត់ទុកកោះតៃវ៉ាន់ដែលមានរដ្ឋាភិបាលគ្រប់គ្រងដោយខ្លួនឯង ថាជាផ្នែកមួយនៃប្រទេសចិន ហើយបាននិងកំពុងពង្រីកវត្តមានយោធារបស់ខ្លួននៅជុំវិញតំបន់នេះ។ លោកបានរំលេចថា «យើងក៏ព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅក្នុងប្រទេសចិនផងដែរ។ ខ្ញុំបានគូសបញ្ជាក់បញ្ហាទាំងអស់នេះ កាលពីម្សិលមិញ ក្នុងអំឡុងពេលមានជំនួបជាមួយនាយករដ្ឋមន្ត្រីចិន»។
ជាការកត់សម្គាល់ ការអត្ថាធិប្បាយរបស់លោក ស្កូលស៍ នៅក្នុងសភា ហាក់ដូចជាបានបង្ហាញឫកពាក្លៀវក្លា ខ្លាំងជាងកាលពីលោកថ្លែងជាសាធារណៈនៅក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអង្គារជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang)។ គួរដឹងដែរថា នេះជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក លី បើគិតចាប់តាំងពីលោកបានក្លាយជានាយករដ្ឋមន្ត្រីចិន កាលពីខែមីនាកន្លងទៅ។
យោងតាមការិយាល័យរបស់លោក ស្កូលស៍ បានឱ្យដឹងថា អ្នកសារព័ត៌មានទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យសួរសំណួរក្នុងអំឡុងពេលធ្វើសេចក្ដីថ្លែងការណ៍នោះទេ។ ហើយការមិនអនុញ្ញាតនេះផងដែរ ធ្វើឡើងស្របទៅតាមសំណើរបស់គណៈប្រតិភូចិន៕