ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក១គ្រឿង បានធ្វើដំណើរទៅដល់ទីក្រុងដាណាងភាគកណ្តាលនៃប្រទេសវៀតណាមនៅថ្ងៃអាទិត្យទី ២៥ ខែមិថុនា ប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុងហាណូយបានតវ៉ាប្រឆាំងនឹងនាវា និងទូករបស់ចិន ចំពោះប្រតិបត្តិការក្នុងដែនទឹករបស់ខ្លួន។
ដំណើរការចុះចតនៅកំពង់ផែក្រុងដាណាងនៃនាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan នាពេលនេះ ធ្វើឡើង ខណៈសហរដ្ឋអាមេរិក និងវៀតណាម ប្រារព្ធខួបលើកទី ១០ នៃ «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ» ដោយប្រទេសទាំង២ បានចែករំលែកទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធ ក៏ដូចជាការព្រួយបារម្ភអំពីការរីកសាយភាពអំណាចរបស់ចិននៅក្នុងតំបន់។
គេមើលឃើញថា ទំនាក់ទំនងរវាងចិន និងវៀតណាម មានភាពតានតឹង ក្នុងមួយរយៈពេលចុងក្រោយនេះ។ នាវាដែលបម្រើឱ្យការស្ទង់មតិ កប៉ាល់ឆ្មាំឆ្នេរសមុទ្រ និងទូកនេសាទជាច្រើនរបស់ចិន បានដំណើរការជាច្រើនសប្តាហ៍នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមនៅសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យមានការទាមទារពីក្រសួងការបរទេសវៀតណាម ឱ្យចិនដកយានលើទឹកទាំងអស់នេះចេញ ដោយនៅទីបំផុត ចិនក៏ដកទូកទាំងនោះចេញវិញនាដើមខែមិថុនា។
បេក្ខជនបណ្ឌិតផ្នែកសន្តិសុខដែនសមុទ្រនៅសាកលវិទ្យាល័យ New South Wales Canberra លោក Nguyen The Phuong បានថ្លែងប្រាប់ AFP ថា៖«ដំណើរទស្សនកិច្ច [របស់នាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិក] ផ្តល់សារថា វៀតណាមកំពុងបន្តធ្វើឱ្យមានតុល្យភាពប្រឆាំងនឹងប្រទេសចិន ដោយការកែលម្អទំនាក់ទំនងសន្តិសុខរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងជាមួយមហាអំណាចខាងក្រៅផ្សេងទៀត»។
គួររំឭកថា កាលពីខែមុខ នាវាកងទ័ពជើងទឹកឥណ្ឌា បានធ្វើដំណើរទៅដល់ទីក្រុងដាណាដដូចគ្នា ខណៈកាលពីដើមសប្ដាហ៍នេះ នាវាចម្បាំងដ៏ធំបំផុតរបស់ប្រទេសជប៉ុនបានធ្វើដំណើរទស្សនកិច្ចនៅកំពង់ផែនៃទីក្រុងCam Ranhដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគអាគ្នេយ៍។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Pham Thu Hang បាននិយាយកាលពីដើមសប្តាហ៍នេះថា ការចុះតាមកំពង់ផែវៀតណាមដូច្នេះ គឺជាការផ្លាស់ប្តូរមិត្តភាពជាធម្មតាសម្រាប់ «សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក»។ លោកបន្តថា ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងវៀតណាមគឺជាគន្លឹះសម្រាប់ទីក្រុងវ៉ាស៊ីនតោន ប្រសិនបើខ្លួនចង់រក្សាអំណាចលេចធ្លោនៅក្នុងតំបន់។
កាលពីខែមេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អ៊ែនថូនី ប្ល៊ីងកែន បានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងហាណូយ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូតរវាងប្រទេសទាំង២៕