មេដឹកនាំបេឡារុស លោក អេឡិចហ្សេនឌើរ លូខាហ្សិនកូ (Alexander Lukashenko) ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានស្រោចស្រង់ស្ថានការណ៍នៅរុស្ស៊ីឱ្យវិលទៅរកប្រក្រតីភាពឡើងវិញ ដែលហៀបនឹងបង្ហូរឈាមរវាងក្រុមហ៊ុនទាហានស៊ីឈ្នួល និងកងទ័ពរុស្ស៊ីកាលពីថ្ងៃសុក្រឈានដល់ថ្ងៃសៅរ៍។
ការចល័តកងកម្លាំងរបស់ក្រុមទាហានស៊ីឈ្នួលសំដៅទៅរដ្ឋធានីម៉ូស្គូដែលនៅសល់ប្រមាណ ២០០ គីឡូម៉ែត្រទៀតប៉ុណ្ណោះ កើតមានឡើងក្រោយការចោទប្រកាន់ពីមេដឹកទាហានស៊ីឈ្នួលរុស្ស៊ី វ៉ាក់នើរ (Wagner) ដឹកនាំដោយ លោក យ៉េវហ្គេនី ប្រ៊ីហ្គោហ្ស៊ីន ដែលជាមិត្តជិតស្និទ្ធរយៈពេល ២០ ឆ្នាំរបស់លោកពូទីន មានទំនាស់ពាក្យសម្តីជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិរុស្ស៊ី និងទាមទារឱ្យមានការផ្តាស់ប្តូរក្បាលម៉ាស៊ីនកងទ័ពរុស្ស៊ី។ លើសពីនេះទាហានស៊ីឈ្នួលនោះបានដណ្តើមបានមូលដ្ឋានទ័ពយ៉ាងហោច ២ កន្លែងនៅទីក្រុង Rostov កាន់កាប់អាវុធ និងមធ្យោបាយសឹកជាច្រើន។
តាមការចេញផ្សាយរបស់សារព័ត៌មាន Mint មានមូលដ្ឋាននៅប្រទេសបេឡារុស ក្រោយប្រធានាធិបតីបេឡារុសធ្វើជាអ្នកសម្របសម្រួលការចរចាជាមួយវិមានក្រឹមឡាំងឱ្យទម្លាក់បទចោទនានាប្រឆាំងមេដឹកនាំក្រុមនិងពួកទាហានស៊ីឈ្នួលរុស្ស៊ី មេទាហានស៊ីឈ្នួលលោក យ៉េវហ្គេនី ប្រ៊ីហ្គោហ្ស៊ីន បានយល់ព្រមដកកងទ័ពថយ ហើយ លោកត្រូវទៅកាន់ប្រទេសបេឡារុស។
ក្រោយពីបង្កចលាចលផ្អើលនៅទូទាំងពិភពលោក ទាហានស៊ីឈ្នួលកាលពីថ្ងៃសៅរ៍បានដកថយចេញពីមូលដ្ឋានរបស់ទ័ពរុស្ស៊ីដែលខ្លួនដណ្តើមកាន់កាប់បាននៅទីក្រុង Rostov-on-Don ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។
ទីបញ្ជាការយោធារុស្ស៊ីនៅទីក្រុង Rostov គឺជាគន្លឹះក្នុងប្រតិបត្តិការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ក្រោយជម្លោះនេះ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីនឹងធ្វើកិច្ចសន្យាជាមួយទាហានស៊ីឈ្នួលដែលមិនបានពាក់ព័ន្ធក្នុងការចូលរួមសកម្មភាពចល័តទ័ពដោយបញ្ចូលពួកគេទៅក្នុងការគ្រប់គ្រងរបស់ខ្លួនចាប់ពីថ្ងៃទី ១ ខែកក្កដាខាងមុខនេះ។
សំណុំរឿងព្រហ្មទណ្ឌដែលបានចាប់ផ្តើមប្រឆាំងនឹងលោក ប្រ៊ីហ្គោហ្ស៊ីនសម្រាប់ការបះបោរប្រដាប់អាវុធនឹងត្រូវបានទម្លាក់ ហើយអ្នកប្រយុទ្ធវ៉ាក់នើរ ដែលបានចូលរួមក្នុង «ការប្រឆាំងដើម្បីយុត្តិធម៌» របស់គាត់នឹងមិនប្រឈមមុខនឹងសកម្មភាពណាមួយឡើយ នៅក្នុងការទទួលស្គាល់ការផ្តល់សេវាពីមុនរបស់ពួកគេទៅកាន់ប្រទេសរុស្ស៊ី។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov)។
លោក ប្រ៊ីហ្គោហ្ស៊ីន បានប្រកាសថា ខណៈពេលដែលកងកម្លាំងរបស់គាត់មានចម្ងាយត្រឹមតែ ២០០ គីឡូម៉ែត្រ (១២០ ម៉ាយ) ពីទីក្រុងម៉ូស្គូ លោកបានសម្រេចចិត្តដកថយដើម្បីចៀសវាង «ការបង្ហូរឈាមរុស្ស៊ី»។ ទាហានស៊ីឈ្នួលរបស់លោក ត្រូវបានបញ្ជាឱ្យដកថយទៅកាន់ជំរំក្នុងទឹកដីអ៊ុយក្រែនវិញជាទីដែលពួកគេរួមប្រយុទ្ធកងទ័ពរុស្ស៊ីជាប្រចាំ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានចេញសារវីដេអូមួយដោយបានលើកឡើងថា លោក វ្ល៉ាឌីមៀរ ពូទីន មានការភ័យខ្លាចនិងលាក់ខ្លួនបន្ទាប់ពីការបះបោរប្រដាប់អាវុធនេះ៕