យោងតាមការផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃ សាកលវិទ្យាល័យថៃកំពុងជួបការលំបាកដោយសារតែការចុះឈ្មោះចូលរៀនទាប ដែលទាក់ទងនឹងការថយចុះយ៉ាងខ្លាំងនៃចំនួនអត្រាកំណើតថ្មី ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
អ្នកជំនាញផ្នែកអប់រំនៃប្រទេសនេះបាននិយាយថា ការធ្លាក់ចុះអត្រាកំណើតនេះក៏នឹងនាំផលប៉ះពាល់ដល់ប្រព័ន្ធអប់រំទៅថ្ងៃអនាគតផងដែរ។
លោក Arnond Sakworawich ប្រធានផ្នែកវិភាគអាជីវកម្ម និងកម្មវិធីតាមដាន នៃមហាវិទ្យាល័យស្ថិតិអនុវត្ត (Applied Statistics) នៃវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (Nida) បានកត់សម្គាល់ថា សាកលវិទ្យាល័យថៃភាគច្រើនមិនអាចបំពេញតាមគោលដៅចុះឈ្មោះចូលរៀនបានទេ។
លោកបានមានប្រសាសន៍ថា សាកលវិទ្យាល័យរដ្ឋ និងឯកជនជាច្រើនបានរៀបចំវគ្គចូលរៀនពី ៣ ទៅ ៥ ជុំ ប៉ុន្តែនៅតែមិនបានបំពេញកៅអីទាំងអស់។
ទីផ្សារឧត្តមសិក្សារបស់ប្រទេសថៃបច្ចុប្បន្នមានកម្រិតតិចតួច ដោយមានសាកលវិទ្យាល័យពី ២០០ទៅ ៣០០ ទទួលសិស្សតិចជាងសមត្ថភាពប្រចាំឆ្នាំរបស់ពួកគេ។
ក្រៅពីនេះ មានការធ្លាក់ចុះជាបន្តបន្ទាប់នៃចំនួនកំណើតក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។
កាលពីសាមសិបឆ្នាំមុន ប្រទេសថៃមានកំណើតជាងមួយលាននាក់ ប៉ុន្តែបច្ចុប្បន្នចំនួននេះបានធ្លាក់ចុះពាក់កណ្តាលមកត្រឹម ៥០ម៉ឺន -ទៅ៦០ម៉ឺននាក់ក្នុងមួយឆ្នាំ។
ប្រទេសថៃបានចុះបញ្ជីកំណើតចំនួន ៥៤៤ ពាន់នាក់ ក្នុងឆ្នាំ ២០២១ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលប្រាំមួយទសវត្សរ៍។
នៅឆ្នាំ ២០០៥ ប្រទេសនេះបានចាប់ផ្តើមក្លាយជាសង្គមមនុស្សចាស់ ហើយបានក្លាយទៅជាសង្គមមនុស្សចាស់ពេញលក្ខណៈនៅឆ្នាំ ២០២២។ បន្ទាប់មកស្ថិតិបានបង្ហាញថាចំនួនមនុស្សចាស់បានកើនឡើងដល់ ១២ ១១៦ ១១៩ នាក់ ស្មើនឹង ១៨,៣ ភាគរយនៃចំនួនប្រជាជនសរុបប្រហែល ៧០ លាននាក់។
នៅឆ្នាំ ២០២៧ប្រទេសថៃត្រូវបានគេរំពឹងថានឹងក្លាយទៅជាសង្គមវ័យចំណាស់មួយក្នុងកម្រិតមួយដែលស្រដៀងទៅនឹងប្រទេសជប៉ុនដែលមានចំនួនមនុស្សចាស់មានចំនួន ២៨ ភាគរយនៃចំនួនប្រជាជនសរុប។
អត្រាកំណើតមានកម្រិតទាបណាស់ ដោយមានចំនួនប្រជាជនកើនឡើងតែ ០,១៨ ភាគរយប៉ុណ្ណោះពីកំណើតថ្មី។
លោក Arnond បាននិយាយថា នៅពេលដែលចំនួននិស្សិតថៃចូលរៀនកម្រិតសកលវិទ្យាល័យ បន្តធ្លាក់ចុះ វាច្បាស់ណាស់ថា មានផលប៉ះពាល់ដល់ប្រព័ន្ធអប់រំថៃទាំងមូល។
សាកលវិទ្យាល័យរដ្ឋនិងឯកជនប្រហែលប្រឈមដើម្បីបន្តរស់រានក្នុងរយៈពេល៥ឆ្នាំប្រសើរពួកគេមិនសម្រប ប្រហែលជាឈានទៅរកការច្របាច់បញ្ចូលគ្នា ឬក៏បិទតែម្តង៕