ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការថ្លែងអំណរគុណទៅកាន់កងកម្លាំងរបស់លោក និងអង្គភាពសន្តិសុខរុស្ស៊ី ដែលបានខិតខំប្រឹងប្រែងអនុវត្តវិធានការផ្សេងៗ យ៉ាងមានប្រសិទ្ធភាព ដើម្បីបញ្ឈប់សង្គ្រាមស៊ីវិលមិនឱ្យផ្ទុះឡើង នៅក្នុងប្រទេស កាលពីចុងសប្តាហ៍ ដោយពួកគេត្រូវប្រឈមមុខនឹងការបះបោរប្រដាប់អាវុធដោយទាហានស៊ីឈ្នួល ដែលបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ។
កាលពីថ្ងៃទី២៧ ខែមិថុនា លោក ពូទីន បានថ្លែងនៅទីលានមួយក្នុងវិមានក្រឹមឡាំង ទៅកាន់សមាជិកយោធា កងកម្លាំងសន្តិសុខ និងឆ្នាំជាតិ សរុបប្រមាណ ២៥០០ នាក់ ដែលពួកគេបានជួយសង្គ្រោះប្រទេសរុស្ស៊ីពីការធ្លាក់ចូលទៅក្នុងភាពចលាចល។
លោក ពូទីន បានលើកឡើងថា «អ្នកបានការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ជីវិតមនុស្ស សន្តិសុខ និងសេរីភាពរបស់ប្រជាពលរដ្ឋយើង។ អ្នកបានសង្រ្គោះមាតុភូមិរបស់យើងពីភាពចលាចល។ តាមពិតទៅ អ្នកបានបញ្ឈប់សង្រ្គាមស៊ីវិលមិនឱ្យកើតមានឡើង»។ លោកបានបន្ថែមថា «នៅក្នុងស្ថានភាពដ៏លំបាកនេះ អ្នកបានសាមគ្គីគ្នា ធ្វើសកម្មភាពយ៉ាងអស្ចារ្យ ហើយអ្នកបានបង្ហាញពីភាពស្មោះត្រង់របស់អ្នកចំពោះប្រជាជនរុស្ស៊ី ស្របទៅ តាមពាក្យសម្បថយោធា។ អ្នកបានបង្ហាញការទទួលខុសត្រូវរបស់អ្នកចំពោះជោគវាសនានៃមាតុភូមិរបស់យើង និងអនាគតរបស់យើង»។
ដោយឡែក វិមានក្រឹមឡាំង បានអះអាង កាលពីថ្ងៃអង្គារថា ខ្លួនមិនយល់ស្របទៅនឹងអ្វី ដែលអ្នកមួយចំនួនបានលើកឡើងថា ការបះបោររបស់ក្រុមទាហានស៊ីឈ្នួល បានធ្វើឱ្យរង្គោះរង្គើដំណែងរបស់លោក ពូទីន និងភាពជាអ្នកដឹកនាំរបស់លោក។
វិមានក្រឹមឡាំង បានពណ៌នាអំពីមេដឹកនាំរុស្ស៊ីរបស់ខ្លួន ដែលបានឡើងកាន់អំណាចជាប្រធានាធិបតីចាប់តាំងពីឆ្នាំ១៩៩៩ ថា លោកបានធ្វើសកម្មភាពប្រកបដោយភាពឈ្លាសវៃ ដើម្បីជៀសវាងការកើតឡើង នូវព្រឹត្តិ ការណ៍ដ៏អាក្រក់ណាមួយ ពោលគឺលោក ពូទីន បានបង្កឱ្យមានការចរចាកើតឡើង ដើម្បីឈានដល់កិច្ចព្រមព្រៀងសនិ្តភាពមួយ និងរួចផុតពីការប្រើប្រាស់អំពើហិង្សា។
កាលពីថ្ងៃអង្គារ លោក ពូទីន បានប្រកាសទៅកាន់ហ្វូងមនុស្ស ដែលបានប្រមូលផ្តុំគ្នានៅទីលានវិហារនៃវិមានក្រឹមឡាំងថា អ្នកបើកយន្តហោះយោធារុស្ស៊ីជាច្រើននាក់បានបាត់បង់ជីវិត ដោយសារតែពួកគេបានព្យាយាមបញ្ឈប់សកម្មភាពរបស់ក្រុមបះបោរ។ គួរដឹងដែរថា ក្រុមទាហានបះបោរទាំងនោះ បានព្យាយាមទម្លាក់មេដឹកនាំយោធាកំពូលរុស្ស៊ីចេញពីដំណែង ដោយសារតែបានចោទប្រកាន់ថាពួកគេគ្មានសមត្ថភាព និងមានអំពើពុករលួយ។
លោក ពូទីន បានបញ្ជាក់ថា «អាកាសយានិកបានបាត់បង់ជីវិតដោយសារតែបានប្រឈមមុខជាមួយពួកក្រុមបះបោរ។ពួកគេមិនបានធ្វេសប្រហែសនោះទេ ប៉ុន្តែពួកគេបានអនុវត្តតាមបញ្ជា និងកាតព្វកិច្ចរបស់យោធាប្រកបដោយកិត្តិយសបំផុត»។បន្ទាប់មក លោក ពូទីន បានសុំឱ្យទាំងអស់គ្នារក្សាភាពស្ងៀមស្ងាត់មួយនាទី ដើម្បីគោរពដល់អាកាសយានិកដែលបានស្លាប់ទាំងនោះ។
ជាការកត់សម្គាល់ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ាហ្គៃ សូវហ្គូ (Sergei Shoigu) ក៏មានវត្តមាននៅទីលាននោះផងដែរ។ អំឡុងពេលនោះ លោក ពូទីន បានធានាថា បញ្ជាការដ្ឋានសំខាន់ៗ និងតំបន់សំខាន់ៗ ជាពិសេសតំបន់ព្រំដែន គឺត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ក្នុងអំឡុងពេលមានការបះបោរ។
លោកបានមានប្រសាសន៍បន្ថែមថា «ការដាក់ពង្រាយកងកម្លាំងបានយ៉ាងឆាប់រហ័ស និងអង្គភាពអនុវត្តច្បាប់បានត្រឹមត្រូវ បានធ្វើឱ្យយើងអាចបញ្ឈប់ការវិវត្តស្ថានការណ៍ដ៏គ្រោះថ្នាក់នៅក្នុងប្រទេស និងទប់ស្កាត់ការប្រយុទ្ធគ្នាឈានដល់មានការបាត់បង់ជីវិត និងរបួសនៃប្រជាជនស៊ីវិល»។ បន្ទាប់ពីលោកបានថ្លែងចប់ភ្លេងជាតិរុស្ស៊ីដែលជាភ្លេងដូចគ្នាទៅនឹងភ្លេងសម័យសូវៀតត្រូវបានបន្លឺឡើង៕