កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) អំពីការវិវត្តស្ថានភាពជុំវិញប្រទេសអ៊ុយក្រែន និងយុទ្ធសាស្ត្រដែលទីក្រុងម៉ូស្គូបានដោះស្រាយបញ្ហាការបះបោរដោយទាហានស៊ីឈ្នួលប្រដាប់អាវុធកាលពីប៉ុន្មានថ្ងៃមុន។ នេះបើយោងតាមការលើកឡើងរបស់ទីក្រុងក្រឹមឡាំង និងទីក្រុងញូវដេលី។
ទីក្រុងម៉ូស្គូ បានឱ្យដឹងថា លោក ម៉ូឌី បានសម្តែងការគាំទ្រចំពោះដំណោះស្រាយដែលវិមានក្រឹមឡាំងបានធ្វើឡើង ពោលគឺការសម្រេចចិត្តរបស់មេដឹកនាំរុស្ស៊ីក្នុងការដោះស្រាយជាមួយការបះបោរដោយក្រុមទាហានស៊ីឈ្នួល វ៉ែកណឺ (Wagner) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។
រដ្ឋាភិបាលឥណ្ឌាបានប្រកាសថា ក្នុងអំឡុងពេលសន្ទនារបស់ពួកគេទាំងពីរ លោក ពូទីន ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលតាមអនឡាញ ស្ដីពីកិច្ចសហប្រតិបត្តិការសៀងហៃ ជាមួយលោក ម៉ូឌី នៅថ្ងៃអង្គារខាងមុខនេះ បានធ្វើបច្ចុប្បន្នភាពឱ្យលោកនាយករដ្ឋមន្ត្រី ម៉ូឌី បានដឹងអំពីព្រឹត្តិការណ៍ដែលបានកើតឡើងថ្មីៗនៅក្នុងប្រទេសរុស្ស៊ី។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោក ម៉ូឌី បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលទាំងសហរដ្ឋអាមេរិក និងឥណ្ឌាបានបង្ហាញពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធបំផុតនៅក្នុងពិភពលោក។
គួរដឹងដែរថា ឥណ្ឌាមិនបានថ្កោលទោសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តចាស់របស់ខ្លួន ជុំវិញការឈ្លានពានទឹកដីប្រទេសអ៊ុយក្រែននោះទេ ហើយឥណ្ឌាបានជំរុញភាគីជម្លោះទាំងពីរ ឱ្យដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការទូតវិញ។ លោក ម៉ូឌី បានប្រាប់លោក ពូទីន កាលពីឆ្នាំមុនថា សម័យសព្វថ្ងៃនេះមិនមែនជាសម័យធ្វើសង្រ្គាមនោះទេ។
ទីក្រុងញូវដេលីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខណៈដែលកំពុងពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន នាយករដ្ឋមន្ត្រី ម៉ូឌី បានរំឭកឡើងវិញ នូវការអំពាវនាវរបស់លោកឱ្យមានការសន្ទនា និងការដោះស្រាយតាមរយៈការទូត»។
ដោយឡែក មេបញ្ជាការក្រុមទាហានស៊ីឈ្នួល វ៉ែកណឺ របស់រុស្ស៊ី លោក យ៉េវហ្គេនី ព្រីហ្គោស៊ីន (Yevgeny Prigozhin) បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល តាមរយៈការបានដឹកនាំការបះបោរប្រដាប់អាវុធកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។ យ៉ាងណាក៏ដោយ លោកបានប្រាប់ទៅកាន់ទាហានឱ្យដកថយវិញ ខណៈដែលក្រុមយុទ្ធជនរបស់លោកទាំងអស់នោះ បានចូលទៅជិតទីក្រុងម៉ូស្គូ។
យោងតាមក្រុមសន្តិសុខឥណ្ឌាបានឱ្យដឹងថា កាលពីថ្ងៃពុធ ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក អាជីត ដូវ៉ាល (Ajit Doval) បាននិយាយទៅកាន់សមភាគីរបស់លោកគឺ លោក នីកូឡាយ ផាធ្រូហ្សេវ (Nikolai Patrushev) អំពីបញ្ហានៃការបះបោរដែលបានបរាជ័យនោះផងដែរ។ គួរបញ្ជាក់ថា ឥណ្ឌានៅតែពឹងផ្អែកទៅលើទីក្រុងម៉ូស្គូ ជាពិសេសតម្រូវការការពារជាតិ និងបានបង្កើនការនាំចូលប្រេងពីរុស្ស៊ីដែលមានតម្លៃថោកយ៉ាងខ្លាំង ដែលធ្វើឱ្យលោកខាងលិចមានការខកចិត្តខ្លាំងផងដែរ៕