ប្រមុខ​ការទូត​អ៊ី​រ៉ង់​ដែល​ស្ថិតនៅ​តំបន់​មជ្ឈិមបូព៌ា និង​គោរព​សាសនា​អ៊ិ​ស្លាម​ជាសំខាន់​នោះ នៅ​ថ្ងៃទី​​ ២ ខែមិថុនា ឆ្នាំ ​២០២៣ បាន​អះអាងថា​ខ្លួន​នឹងមិន​បញ្ជូន​អគ្គ​រដ្ឋ​ទូត​ថ្មី​ទៅកាន់​ប្រទេស​ស៊ុយអែត​ទេ បន្ទាប់ពី​ការដុត​គុម្ពីរ​កូ​រ៉ា​ន​នៅក្រៅ​វិហារ​អ៊ិ​ស្លាម​ក្នុងប្រទេស​ស៊ុយអែត​។​

​រដ្ឋមន្ត្រីការបរទេស​​អ៊ី​រ៉ង់ លោក ហូ​​សេន អា​មី​រ៉ា​បដូ​ឡា​ហៀន (Hossein Amirabdollahian)​ បាន​លើកឡើងថា ប្រទេស​​អ៊ី​រ៉ង់ បដិសេធ​មិន​បញ្ជូន​ឯក​អគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ប្រទេស​ស៊ុយអែត​ទៅ​ទេ ដែលជា​ការឆ្លើយតប​ទៅនឹង​ការដុត​គម្ពីរ​កូ​រ៉ា​ន​នៅ​ខាងក្រៅ​វិហារ​អ៊ិ​ស្លាម​ក្នុង​ទីក្រុង​ស្តុក​ខុល (Stockholm) កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។

​ក្នុង​ហេតុការណ៍​នោះ បុរស​ម្នាក់​បាន​ហែក និង​ដុត​គម្ពីរ​កូ​រ៉ា​ន់​នៅ​ខាងក្រៅ​វិហារ​អ៊ិ​ស្លាម ស្ថិតនៅ​កណ្តាល​ក្រុង​ស្តុក​ខុល ហើយ​វា​ក៏​ជា​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ឈប់សម្រាក​ប្រចាំ​សាសនា​របស់​ជនជាតិ​មូស្លីម​។​

​យ៉ាងណាមិញ ប៉ូលិស​ស៊ុយអែត​បានធ្វើការ​ចោទប្រកាន់​បុរស​ដែល​បាន​ដុត​សៀវភៅ​គម្ពីរ​សាសនា​អ៊ិ​ស្លាម​នោះ​ពីបទ​ញុះញង់​ឱ្យ​មានការ​ស្អប់​ប្រឆាំងនឹង​ក្រុម​ជនជាតិភាគតិច ឬ​ជាតិ​សាសន៍​ជាក់លាក់​មួយ​។

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត បុរស​ម្នាក់​នោះបាន​ប្រាប់​ឱ្យដឹងថា ខ្លួន​ជា​ជនភៀសខ្លួន​មកពី​​អ៊ី​រ៉ង់ និង​មានបំណង​ចង់ឱ្យ​សៀវភៅ​គម្ពីរ​កូ​រ៉ា​ន​នេះ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​យកមក​រៀនសូត្រ​តាម​ទេ​។​

​ដោយឡែក ក្រសួងការបរទេស​​អ៊ី​រ៉ង់​បាន​កោះហៅ​តំណាង​ប្រទេស​ស៊ុយអែត​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ថ្កោលទោស​ចំពោះ​ការប្រមាថ​ដល់​គម្ពីរ​កូ​រ៉ា​ន​ដែលជា​ទីសក្ការៈ​ដ៏​ពិសិដ្ឋ​បំផុត​របស់​សាសនិក​អ៊ិ​ស្លាម​នៅ​ទូទាំង​ពិភពលោក​។​

​លោក អា​មី​រ៉ា​បដូ​ឡា​ហៀន​បាន​ថ្លែង​នៅលើ​បណ្ដាញ​សង្គម​ Twitter កាលពី​ថ្ងៃអាទិត្យ​ថា​៖ «​បើទោះបីជា​នីតិវិធី​​រដ្ឋបាល​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ប្រទេស​ស៊ុយអែត​ បានធ្វើ​រួចហើយ​ក៏ដោយ ក៏​ដំណើរ​នៃ​ការបញ្ជូន​អ្នកការទូត​ទៅកាន់​ប្រទេស​ស៊ុយអែត ​នឹងត្រូវ​បាន​បញ្ឈប់ ដោយសារ​រដ្ឋាភិបាល​ស៊ុយអែត​បានចេញ​លិខិតអនុញ្ញាត​ឱ្យមាន​ការ​ប្រមាថ​ដល់​គម្ពីរ​កូ​រ៉ា​ន​»​។​

​លោក​មិនបាន​បញ្ជាក់ថា​ តើ​មាន​រយៈ​ពេល​យូរ​ប៉ុនណា​ដែល​​អ៊ី​រ៉ង់​នឹង​ប​ដិ​​សេធ​មិន​បញ្ជូន​ឯកអគ្គរដ្ឋទូត​ទៅកាន់​ប្រទេស​ស៊ុយអែត​ នោះទេ​។

​កាលពី​ថ្ងៃ​ពុធ ប៉ូលិស​ស៊ុយអែត​បានអនុញ្ញាត​ឱ្យមាន​ការធ្វើ​បាតុកម្ម ដោយ​ទទួលស្គាល់ថា វា​អាច​នឹងមាន​ផល​ប៉ះ​ពាល់​ផ្នែក​គោលនយោបាយ​ការបរទេស​ខ្លះ ប៉ុន្តែ​ពួកគេ​បាន​ពិចារណា​ពី​ហានិភ័យ និង​ផលវិបាក​ផ្នែក​សុវត្ថិភាព​ដែល​ទាក់ទង​នឹង​ការដុត​គម្ពីរ​កូ​រ៉ា​ន​៕