យោងតាមអគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តុលថេនបឺក (Jens Stoltenberg) បានឱ្យដឹងថា កិច្ចព្រមព្រៀងស្ដីពីការផ្តល់សច្ចាប័នលើការចូលជាសមាជិកអង្គការណាតូរបស់ប្រទេសស៊ុយអែត ជិតឈានដល់ការសម្រេចហើយ។ កាលពីថ្ងៃព្រហស្បតិ៍ លោកបានលើកឡើងអំពីបញ្ហានេះ បន្ទាប់ពីបានជួបជាមួយតំណាងនៃប្រទេសស៊ុយអែត តួកគី និងហ្វាំងឡង់ នៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធភាពយោធាមួយនេះ នាទីក្រុងប្រ៊ុចសែល ប្រទេសហែលហ្ស៊ិក។
មេដឹកនាំអង្គការណាតូរូបនេះបាននិយាយថា លោកបានកោះប្រជុំរវាងប្រធានាធិបតីតួកគី លោក រីសេប តាយីប អ៊ែដូហ្កាន (Recep Tayyip Erdogan) និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ូហ្វ គ្រីស្ទើសុន (Ulf Kristersson) នៅថ្ងៃចន្ទ ទី១០ ក្នុងទីក្រុងវីលនីញូស (Vilnius) ប្រទេសលីទុយអានី ពោលគឺមុនពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំណាតូដែលនឹងធ្វើឡើងនៅថ្ងៃទី១១ និងទី១២ ខែកក្កដា។
លោក ស្តុលថេនបឺក បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «អ្វីដែលអាចធ្វើទៅបាន និងអ្វីដែលយើងទាំងអស់គ្នាកំពុងធ្វើ គឺការសម្រេចចិត្តជាវិជ្ជមាននៅក្នុងកិច្ចប្រជុំកំពូល ដែលប្រទេសតួកគីបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សច្ចាប័ន ប៉ុន្តែបន្ទាប់មកយើងនៅតែមានការងារមួយចំនួនដែលត្រូវធ្វើ ហើយយើងកំពុងធ្វើការលើវាឥឡូវនេះ»។
លោកបានបន្តថា៖«យើងបានមានកិច្ចប្រជុំតូចមួយ ហើយយើងកំពុងធ្វើការនៅថ្ងៃចុងសប្តាហ៍នេះ បន្ទាប់មក ខ្ញុំនឹងជួបជាមួយនាយករដ្ឋមន្ត្រី និងប្រធានាធិបតីនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ»។ គួរដឹងដែរថា ប្រទេសស៊ុយអែតបានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូជាមួយប្រទេសហ្វាំងឡង់ភ្លាមៗបន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានទឹកដីអ៊ុយក្រែន។
ប៉ុន្តែប្រទេសតួកគី បានធ្វើការរារាំងពាក្យស្នើសុំរបស់ទីក្រុងស្តុកខុល (Stockholm) ដោយចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងស្តុកខុល បានផ្តល់ជម្រកដល់ភេរវករឃឺដ (Kurdish PKK)។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក ថូបៀស បៀកស្ត្រម (Tobias Billström) បានប្រាប់សារព័ត៌មាន Euronews ថា លោកមានទំនុកចិត្តថា ប្រទេសរបស់លោកបានបំពេញរាល់ការទាមទាររបស់ទីក្រុងអង់ការ៉ា រួចអស់ហើយ។
លោកបាននិយាយក្នុងបទសម្ភាសន៍មួយថា «ខ្ញុំមិនចង់លម្អិតពេកទេ ព្រោះកិច្ចប្រជុំនេះជាកិច្ចប្រជុំបិទទ្វារ ហើយយើងមិនចង់ជ្រៀតជ្រែកទៅក្នុងរឿងរ៉ាវដែលបានលើកឡើងនៅក្នុងកិច្ចពិភាក្សានោះទេ»។ លោកបានបន្ថែមថា «ប៉ុន្តែខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀត យើងជឿជាក់ថាយើងបានបំពេញតាមការសន្យារបស់យើងទាំងអស់ហើយ»។
លោកបានបញ្ជាក់បន្ថែមថា៖«ឥឡូវនេះ យើងកំពុងធ្វើការរៀបចំត្រៀមខ្លួនឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងវីលនីញូស នៅសប្តាហ៍ក្រោយ»។
គួរបញ្ជាក់ផងដែរថា នៅពេលដែលកិច្ចព្រមព្រៀងស្ដីពីការចូលជាសមាជិករបស់ស៊ុយអែត ត្រូវបានយល់ព្រមពីសមាជិកណាតូ អស់ហើយ សភាតួកគីនឹងត្រូវបើកកិច្ចប្រជុំសភាម្ដងទៀត ដើម្បីធ្វើការផ្តល់សច្ចាប័នជាផ្លូវការនូវសមាជិកភាពទៅកាន់ប្រទេសស៊ុយអែត។
គួរកត់សម្គាល់ថា រហូតមកដល់ពេលនេះ ហុងគ្រី គឺជាប្រទេសតែមួយគត់ដែលបានបដិសេធមិនព្រមផ្តល់សច្ចាប័នដូចនឹងប្រទេសតួកគីដែរ ប៉ុន្តែហុងគ្រីបាននិយាយថា ខ្លួននឹងមិនរារាំងសមាជិកភាពរបស់ប្រទេសស៊ុយអែតនោះទេ៕