ប្រទេសនៅអឺរ៉ុបខាងជើងស៊ុយអែតដែលស្វែងរកសមាជិកភាពអង្គការណាតូជាមួយប្រទេសជិតខាងហ្វាំងឡង់ បានជាប់គាំងមិនអាចក្លាយជាសមាជិកអង្គការណាតូពេញសិទ្ធិរហូតដល់ពេលនេះ ខណៈអាមេរិកដែលជាមេអង្គការយោធានេះបានបង្ហាញជំហរគាំទ្រជាថ្មី ប៉ុន្តែតួកគីដែលជំទាស់បេក្ខភាពស៊ុយអែតនៅតែមិនគាំទ្រ ខណៈពេលដែលបាតុកម្មថ្មីៗនេះបង្ហាញសញ្ញាអាប់អួបន្ថែមទៀត។
ការស្វែងរកការចូលជាសមាជិករបស់ស៊ុយអែតទៅក្នុងអង្គការណាតូកាលពីឆ្នាំ ២០២២ ជាក្តីសង្ឃឹមថា អង្គការប្រដាប់អាវុធសន្តិសុខយោធាដ៏ធំនេះអាចការពារខ្លួននៅពេលណាមួយដែលរុស្ស៊ីឈ្លានពានដូចករណីដែលរុស្ស៊ីធ្វើទៅលើអ៊ុយក្រែនដែលស្វែងរកចូលជាសមាជិក និងមិនទាន់ក្លាយជាសមាជិករបស់អង្គការណាតូហើយគ្មានប្រទេសណាមួយចូលទៅជួយដូច្នេះដែរ។
ខណៈពេលដែលអង្គការណាតូនឹងបើកកិច្ចប្រជុំកំពូលរបស់មេដឹកនាំ មេដឹកនាំស៊ុយអែតដែលមិនអស់ចិត្តនឹងការរារាំងរបស់តួកគីលើបេក្ខភាពរបស់ខ្លួន បានទៅជួបមេដឹកនាំមួយចំនួនដើម្បីទទួលបានការគាំទ្រជាថ្មីនៅកិច្ចប្រជុំថ្ងៃទី ១១ ដល់ ១២ ខែកក្កដាខាងមុខនេះនៅប្រទេសលីទុយអានី។
កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson នៅឯសេតវិមាន បានបង្ហាញការគាំទ្រចំពោះការចូលរបស់ស៊ុយអែតទៅក្នុងអង្គការយោធាណាតូ ខណៈដែលមានការសង្ស័យថា ប្រទេសតួកគីនឹងដកការប្រឆាំងរបស់ខ្លួនទាន់ពេលវេលាសម្រាប់កិច្ចប្រជុំកំពូលសម្ព័ន្ធមិត្តយោធានៅសប្តាហ៍ក្រោយ។
ប៉ុន្តែសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃពុធដដែលនេះបានលើកឡើងថា ប្រធានាធិបតីតួកគីដែលទើបជាប់ឆ្នោតសម្រាប់អាណត្តិទី ៣ របស់ខ្លួននៅប្រទេសតួកគីមិនទាន់បង្ហាញសញ្ញាគាំទ្រនោះទេ គ្រាន់តែមានការលើកសរសើរខ្លះពីការបោះជំហានទៅមុខសម្រាប់ភាពប្រសើរឡើងនៃទំនាក់ទំនងរបស់ប្រទេសទាំង ២ ដោយឆ្លើយតបទៅអ្វីដែលតួកគីចង់បានលើការប្រឆាំងក្រុមភេរវកម្មនៅភាគខាងជើងប្រទេសស៊ីរី។
ប្រធានាធិបតីអាមេរិក លោក បៃដិន បាននិយាយថា លោកកំពុងទន្ទឹងរង់ចាំសមាជិកភាពរបស់ស៊ុយអែតដោយអន្ទះសានៅក្នុងអង្គការណាតូ ដែលជាពាក្យកាត់មកពី «អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង»។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រនាយករដ្ឋមន្ត្រី ស៊ុយអែត លោក Kristersson បានប្រាប់អ្នកយកព័ត៌មាននៅឯស្ថានទូតស៊ុយអែតក្នុងទីក្រុងវ៉ាស៊ីនតោនថា៖ «ប៉ុន្តែយើងទាំង ២ ក៏ដឹងដែរថាមានតែប្រទេសតួកគីប៉ុណ្ណោះដែលអាចធ្វើការសម្រេចចិត្តរបស់តួកគី»។
ក្នុងអំឡុងឆ្នាំ ២០២២ ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិកណាតូព្រមគ្នា ហើយមានតួកគីដែលជាសមាជិកណាតូ ១ គត់ ជំទាស់នឹងការចូលជាសមាជិករបស់ប្រទេសទាំង ២ ដោយលើកហេតុផលថា ប្រទេសទាំង ២ នោះគាំទ្រក្រុមភេរវកម្មដែលប្រយុទ្ធនៅប្រទេសស៊ីរី និងវាយប្រហារនឹងកងទ័ពតួកគីទៀតផង ដោយតួកគីដាក់លក្ខខណ្ឌទាមទារដល់ប្រទេសទាំង ២។
ក្រោយមកតួកគីក៏បានប្តូរចិត្តគាំទ្រប្រទេសហ្វាំងឡង់តែ ១ វិញ ដោយទុកបេក្ខភាពប្រទេសស៊ុយអែតនៅតែលតោលតែម្នាក់ឯង និងស្វះស្វែងរកការគាំទ្រជាបន្តទៀតនៅមុនកិច្ចប្រជុំកំពូលមេដឹកនាំណាតូដែលបច្ចុប្បន្នមាន៣១ប្រទេសគ្រោងប្រជុំនៅសប្តាហ៍ក្រោយនេះ៕