តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្សេងៗ​កាលពី​ថ្ងៃ​ពុធ ប្រទេស​ចិន​បាន​លុបចោល​ដំណើរ​​ទស្សនកិច្ច​របស់​ប្រធាន​គោ​លន​យោ​​បាយ​ការបរទេស​សហភាព​អឺរ៉ុប លោក Josep Borrell ដែល​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍​ក្រោយ ទាំង​មិនបាន​ផ្តល់​មូលហេតុ​ច្បាស់លាស់​។​

​មុន​ការលុបចោល​នេះ ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ចិន លោក Jorge Toledo បានឱ្យដឹងថា លោក​Josep Borrell និង​អ្នកការទូត​ចិន រំពឹងថា​នឹង​ពិភាក្សាគ្នា​អំពី​ពាណិជ្ជកម្ម សិទ្ធិមនុស្ស និង​បញ្ហា​សង្គ្រាម​ដែល​អូសបន្លាយ​នៅ​អ៊ុយ​ក្រែ​ន​។​

​ជុំវិញ​ការលុបចោល​នេះ អ្នកនាំពាក្យ​សហភាព​អឺរ៉ុប លោកស្រី​​ Nabila Massrali បាន​និយាយប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP តាមរយៈ​សារ​អេ​ឡិច​ត្រូ​និក​ថា​៖ «​ជា​អកុសល យើង​ទទួល​​បាន​ដំណឹង​ពី​សម​ភាគី​ចិន​ថា កាល​បរិច្ឆេទ​ដែល​បាន​រំពឹងទុក​នៅ​សប្តាហ៍​​ក្រោយ មិនអាច​ធ្វើទៅ​បានទេ ហើយ​ឥឡូវនេះ​យើង​ត្រូវ​ស្វែងរក​ជម្រើស​ជំនួស​»​។

​លោកស្រី​បន្ថែម​៖ «​ចិន​ជា​អ្នក​ត្រូវ​ប្រាប់​មូលហេតុ យើង​នឹង​សម្រប​ខ្លួន ហើយ​ស្វែងរក​កាលបរិច្ឆេទ​ថ្មី​ជាមួយគ្នា​»​។​

​ចំណែកឯ​ក្រសួងការបរទេស​ចិន​ឯណោះ​វិញ បាន​និយាយថា ទីក្រុង​ប៉េកាំង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ចិន​-​អឺរ៉ុប ហើយ​បាន​រក្សា​ការផ្លាស់ប្តូរ​ជាមួយ​អឺរ៉ុប​នៅ​គ្រប់​កម្រិត និង​ក្នុង​ទិដ្ឋភាព​ផ្សេងៗ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Wang Wenbing​ បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​​ប៉េកាំង ថា លោក Borrell នឹង​ទទួល​ការស្វាគមន៍​ចូលទៅ​ចិន ​«​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន តាម​ភាព​ងាយស្រួល​នៃ​ភាគី​ទាំង ​២»​។​

​ការវិវឌ្ឍ​ចុងក្រោយ​នេះ​កើតមានឡើង​បន្ទាប់ពី​សហភាព​អឺរ៉ុប​បានអនុម័ត​លើ​សំណើ​នាំចូល​ប្រភព​វត្ថុធាតុដើម​សំខាន់ៗ​ពី​ប្រទេស​ផ្សេងៗ​ក្រៅតែពី​ចិន ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​កាលពី​សប្ដាហ៍​មុន​។ យ៉ាងណាមិញ សហភាព​​អឺរ៉ុប​បាន​និយាយថា ខ្លួន​មិន​ចង់​ងាក​ចេញពី​ចិន​ទាំងស្រុង​ទេ​។

​នេះ​គឺជា​លើក​ទី​ ២ ​ហើយ​ដែល​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉េកាំង​របស់លោក Borrell ត្រូវបាន​លុប​ចោល​នៅក្នុង​ឆ្នាំនេះ​។ កាលពី​ខែ​​មេសា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ត្រូវបាន​ពន្យារពេល​ដោយសារតែ​លោក​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ ​១៩​។

​ក្នុង​សុន្ទរកថា​ដែល​រៀបចំ​សម្រាប់​ទស្សនកិច្ច​កាលពី​ខែមេសា លោក Borrell បាន​និយាយថា សហភាព​អឺរ៉ុប​អាច​ជឿទុកចិត្ត​លើ​ប្រទេស​ចិន​បាន លុះត្រាតែ​ប្រទេស​នេះ​ស្វែងរក​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​ដែរ​។ កន្លងមក ចិន​តាំងខ្លួន​ជា​អ្នកអព្យាក្រឹត​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​បន្ត​មិន​ថ្កោលទោស​រុស្ស៊ី ហើយ​រៀបចំ​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​រុស្ស៊ី​ដែល​រង​ការ​ថ្កោលទោស​ស្ទើរតែ​ពេញ​សកលលោក​ដោយសារ​ការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ ក្រៅតែពី​ពាណិជ្ជកម្ម មហា​យក្ស​ចិន​ក៏​នៅមាន​បញ្ហា​ចម្រូងចម្រាស​ជាមួយ​តំបន់​សេដ្ឋកិ្ច​អឺរ៉ុប ជុំវិញ​បញ្ហា​សិទ្ធិ​​មនុស្ស​ផងដែរ​៕