អាហ្រ្វិកខាងត្បូងដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្លុក BRICS នៅក្នុងខែសីហាខាងមុខនេះ បានអះអាងពីការអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅចូលរួមប្រជុំផ្ទាល់ ខណៈលោក ពូទីន ប្រឈមការចាប់ខ្លួនតាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Creminal Court-ICC) ដែលអ្រាហ្វិកខាងត្បូងជាសមាជិកហត្ថលេខីនៃស្ថាប័នយុត្តិធម៌នេះនឹងមានកាតព្វកិច្ចត្រូវចូលរួមអនុវត្ត។
ប្រធានាធិបតីអ្រាហ្វិកខាងត្បូង លោក Cyril Ramaphosa បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំកំពូល BRICS នៅខែសីហា ដែលប្រធានាធិបតីរុស្ស៊ីត្រូវបានអញ្ជើញឱ្យចូលរួមនោះ នឹងត្រូវធ្វើឡើងដោយផ្ទាល់ បើទោះបីជាមានដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ីក៏ដោយ។
រុស្ស៊ីទាត់ចោលមិនទទួលស្គាល់ដីកាចាប់ខ្លួនលោកពូទីនដែលត្រូវបានចេញកាលពីពាក់កណ្តាលខែមីនា ឆ្នាំ ២០២៣ ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយចោទប្រកាន់លោកពូទីនពីការចាប់ជំរិតកុមារដោយបង្ខំពីប្រទេសអ៊ុយក្រែនជាទីដែលលោកបញ្ជាឱ្យមានប្រតិបត្តិការសង្គ្រាម យកទៅចិញ្ចឹមនៅក្នុងប្រទេសរុស្ស៊ី។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian មានមូលដ្ឋាននៅប្រទេសអង់គ្លេស ប្រទេសរុស្ស៊ីក៏ជាប្រទេសហត្ថលេខីលើការបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិនេះដែរ ប៉ុន្តែបានប្រកាសដកខ្លួនចេញពីស្ថាប័នយុត្តិធម៌អន្តរជាតិនេះកាលពីឆ្នាំ ២០១៦។
អ្រាហ្វិកខាងត្បូងគឺជាប្រធានបច្ចុប្បន្ននៃ BRICS ដែលជាក្រុមនៃប្រទេសមានសម្ទុះអភិវឌ្ឍន៍ខ្លាំង រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយបច្ចុប្បន្នមានប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើនពីតំបន់មជ្ឈិមបូព៌ាស្នើចូលជាសមាជិក ដើម្បីប្រកួតប្រជែងជាមួយរចនាសម្ព័ន្ធអភិបាលកិច្ចសកលដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអឺរ៉ុប។
យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Ramaphosa បានប្រាប់អ្នកកាសែតអ្រាហ្វិកខាងត្បូងនៅខាងក្រៅសន្និសីទមួយដោយសភាជាតិអាហ្រ្វិកដែលកំពុងកាន់អំណាច ដោយលោកបញ្ជាក់ថា៖ «កិច្ចប្រជុំកំពូល BRICS កំពុងបោះជំហានទៅមុខ ហើយយើងកំពុងបញ្ចប់ការពិភាក្សារបស់យើងលើទម្រង់»។
លោក Ramaphosa មិនបាននិយាយថាតើលោកពូទីនដែលត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចាប់ខ្លួនជុំវិញការចោទប្រកាន់ថា រុស្ស៊ីបាននិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់នឹងចូលរួម ឬក៏អត់។
ប្រធានាធិបតីរុស្ស៊ីដែលប្រឈមនឹងដីកាចាប់ខ្លួនដែលអ្នកវិភាគភាគច្រើនមើលឃើញថាគ្មានឥទ្ធិពលលើការដឹកនាំរបស់លោក ពូទីន នោះ ហាក់មិនបានធ្វើដំណើរចេញក្រៅប្រទេសឡើយ ហើយកិច្ចប្រជុំកំពូលភាគច្រើនធ្វើឡើងតែតាមអនឡាញប៉ុណ្ណោះ ជាក់ស្តែងកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសៀងហៃដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះដែលទើបបញ្ចប់ទៅកាលពីសប្តាហ៍មុននេះ។
លោក Ramaphosa បាននិយាយថា កិច្ចប្រជុំកំពូល BRICS ត្រូវធ្វើឡើងដោយផ្ទាល់ក្នុងឆ្នាំនេះ ព្រោះវាបានខកខានប្រជុំផ្ទាល់អស់រយៈពេល ៣ ឆ្នាំកន្លងមក។
លោកបានសង្កត់ធ្ងន់ថា៖ «យើងមិនបានធ្វើកិច្ចប្រជុំកំពូលមួយអស់រយៈពេលជិត ៣ ឆ្នាំមកហើយ។ វានឹងមិនមែនជាការប្រជុំពីចម្ងាយទេ»។
មានការរំពឹងទុកថា កិច្ចប្រជុំនេះអាចនឹងផ្លាស់ប្តូរកិច្ចចរចាទៅកាន់ប្រទេសចិន ដែលមិនមែនជាប្រទេសហត្ថលេខីនៃការបង្កើតតុលាការ ICC ដើម្បីចៀសវាងការត្រូវបានដាក់ឱ្យស្ថិតក្នុងជំហរនៃការចាប់ខ្លួនលោក ពូទីន៕