ដូចអ្វីដែលមេដឹកនាំលីទុយអានី លោក Gitanas Nauseda ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលណាតូ ដែលអំពាវនាវឱ្យសមាជិកណាតូទាំង ៣១ ប្រទេសបង្ហាញការគាំទ្រតាមរយៈវោហារស័ព្ទ ដល់ប្រទេសអ៊ុយក្រែន ដើម្បីក្លាយជាសមាជិករបស់អង្គការណាតូក្នុងពេលណាមួយពេលដែលចប់សង្គ្រាម អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា អ៊ុយក្រែននឹងទទួលបាន «សារវិជ្ជមានមួយនៅលើផ្លូវទៅកាន់សមាជិកភាព» នៅថ្ងៃអង្គារនេះ។
មេដឹកនាំនៃប្រទេសជាសមាជិករបស់អង្គការប្រដាប់អាវុធណាតូ កំពុងជួបប្រជុំពីថ្ងៃអង្គារនិងថ្ងៃពុធក្នុងប្រទេសលីទុយអានីដែលជាអតីតរដ្ឋក្នុងសហភាពសូវៀត ដោយរបៀបវារៈសំខាន់ត្រូវបានគេរំពឹងថា ផ្តោតលើបញ្ហាសន្តិសុខតំបន់ សង្គ្រាមនៅអ៊ុយក្រែន និងការកៀគរជំនួយបន្ថែមសម្រាប់ប្រទេសអ៊ុយក្រែនដែលកំពុងប្រយុទ្ធជាមួយមហាអំណាចរុស្ស៊ី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការថា ភាពមិនចុះសម្រុងគ្នាក្នុងចំណោមសមាជិកទាំង៣១ប្រទេសរបស់ណាតូមានន័យថានឹងមិនមានការអញ្ជើញដោយត្រង់ៗសម្រាប់ប្រទេសអ៊ុយក្រែនឱ្យចូលរួមកិច្ចប្រជុំកំពូលនេះ ដែលប្រធានាធិបតីអ៊ុយក្រែន វ៉ុលឌីមៀរ ហ្សេលេស្គី ចង់ចូលរួមនោះទេ។
ប៉ុន្តែលោក Stoltenberg បាននិយាយថា ក្រុងកៀវនឹងទទួលបានជំនួយផ្នែកយោធាបន្ថែមទៀត និងការបន្ធូរបន្ថយលក្ខខណ្ឌផ្លូវការ ក៏ដូចជាទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធភាព ដែលហៅថា«ក្រុមប្រឹក្សាណាតូ-អ៊ុយក្រែន»។
លោក Stoltenberg បាននិយាយមុនពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៅរដ្ឋធានីលីទុយអានីថា៖«ខ្ញុំមានទំនុកចិត្តថាវានឹងក្លាយជាសារវិជ្ជមាន និងរឹងមាំលើអ៊ុយក្រែន និងផ្លូវឆ្ពោះទៅមុខសម្រាប់សមាជិកភាព»។
ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Jake Sullivan ក៏បាននិយាយផងដែរថា ការប្រមូលផ្តុំនេះនឹងបញ្ជូន «សញ្ញាវិជ្ជមាន» អំពីការស្នើចូលជាសមាជិកភាពរបស់ទីក្រុងកៀវ។
នៅមុនកិច្ចប្រជុំនេះ ប្រធានាធិបតី លីទុយអានីដែលជាម្ចាស់ផ្ទះរៀបចុះកិច្ចប្រជុំក៏ស្នើឱ្យមេដឹកនាំនៃប្រទេសជាសមាជិកណាតូបង្ហាញការគាំទ្រដល់អ៊ុយក្រែន តាមរយៈការបញ្ចេញ ពាក្យសម្តីគាំទ្រខ្លាំងៗដែលនឹងបើកផ្លូវឱ្យអ៊ុយក្រែនចូលជាសមាជិកណាតូ ពេលណាសង្គ្រាមចប់៕