ទីបំផុតកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការនាំយកប្រទេសដែលប្រកាន់ជំហរអព្យាក្រឹតអស់រយៈពេលជាច្រើនទសវត្សរ៍ចូលទៅក្នុងអង្គការប្រដាប់អាវុធណាតូ ក្រោយការបើកភ្លើងបៃតងរបស់ប្រមុខដឹកនាំតួកគីដែលជំទាស់បេក្ខភាពស៊ុយអែតចាប់តាំងពីការដាក់ពាក្យដំបូងក្នុងឆ្នាំ ២០២២។
នៅជំនួបកាលពីថ្ងៃចន្ទ មុនកិច្ចប្រជុំកំពូលណាតូចាប់ផ្តើមនៅថ្ងៃអង្គារ ប្រធានាធិបតី តួកគីលោក Recep Tayyip Erdogan បានបញ្ជូនសញ្ញាទៅរដ្ឋសភាដើម្បីផ្តល់សច្ចាប័នទៅលើការស្នើសុំរបស់ប្រទេសស៊ុយអែតចូលជាសមាជិករបស់អង្គការណាតូ អ្នកសារព័ត៌មានលោកខាងលិចមើលឃើញថា វាហាក់ដូចជាបានបញ្ចប់រឿងដែលកើតឡើងជាច្រើនខែជុំវិញបញ្ហាដែលបានធ្វើឱ្យប្លុកនេះកាន់តែតានតឹង ខណៈដែលសង្គ្រាមបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន។
ក្រោយជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson និងលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី នៅមុនកិច្ចប្រជុំកំពូលមេដឹកនាំណាតូ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់សារព័ត៌មានមួយថាជំនួបរបស់មេដឹកនាំទាំង ២ គឺជាជំហាន «ប្រវត្តិសាស្ត្រ»។
លោក Jens និយាយថា៖ «ខ្ញុំរីករាយក្នុងការប្រកាស...ថាប្រធានាធិបតី Erdogan បានយល់ព្រមបញ្ជូនពិធីសារចូលជាសមាជិកស៊ុយអែតទៅកាន់សភាជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាដើម្បីធានាបាននូវការផ្តល់សច្ចាប័ន»។
អគ្គលេខាធិការណាតូរូបនេះត្រូវបានគេរាយការណ៍ថា បានកោះប្រជុំទ្វេភាគីរវាងមេដឹកនាំស៊ុយអែត និងតួកគី ដោយការពិភាក្សាប្រើពេលច្រើនម៉ោងហើយនៅទីបំផុត ភាពជាប់គាំងរបស់ប្រទេសទាំង ២ ត្រូវបានបំបែក។
ប្រទេសហ្វាំងឡង់ ដែលជាប្រទេសជិតខាងស៊ុយអែតដែរមានព្រំដែនជាប់ប្រទេសរុស្ស៊ីដ៏វែង និងបានដាក់សំណើចូលអង្គការណាតូដំណាលគ្នានឹងប្រទេសស៊ុយអែត បានទទួលការយល់ព្រមចូលជាសមាជិកទី៣១ របស់អង្គការនេះកាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣ ដោយតួកគី និងហុងគ្រីទុកឱ្យស៊ុយអែតនៅតែលតោលតែឯង។
តួកគីបានចោទប្រកាន់ប្រទេសស៊ុយអែតថា មិនបានធ្វើគ្រប់គ្រាន់ប្រឆាំងនឹងប្រជាជនដែលតួកគីមើលឃើញថា ជាភេរវករ ដែលភាគច្រើនជាសមាជិកនៃគណបក្សពលករឃើដ (PKK) ដែលត្រូវបានចាត់ទុកថាជាអង្គការភេរវកម្មដោយតួកគី សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
រ៉យទ័ររាយការណ៍ថា លោក Erdogan និងលោក Kristersson ហាក់មានភាពធូរស្រាលមុនកិច្ចប្រជុំកំពូលណាតូនៅថ្ងៃទី ១១-១២ ខែកក្កដានេះ៕