ប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានធ្វើសមយុទ្ធការពារកាំជ្រួចនាវាចររួមគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីទប់ទល់នឹងការគំរាមកំហែងនៃនុយក្លេអ៊ែរ និងកាំជ្រួចដែលវិវត្តិកាន់តែខ្លាំងឡើងរបស់កូរ៉េខាងជើង។ នេះបើយោងតាមរ៉យទ័រ។
ដើម្បីកំញើញកូរ៉េខាងត្បូងនិងជប៉ុនដែលទៅចូលរួមប្រជុំកំពូលអង្គការណាតូក្នុងប្រទេសលីទុយអានី កាលថ្ងៃទី១១-១២កក្កដា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលដែលមានឈ្មោះថា Hwasong-18 ចុងក្រោយបំផុតរបស់ខ្លួន ដែលទីក្រុងព្យុងយ៉ាងពិពណ៌នាថាជាស្នូលនៃកម្លាំងវាយប្រហារនុយក្លេអ៊ែររបស់ខ្លួន នៅឯឆ្នេរសមុទ្រភាគខាងកើតកាលពីថ្ងៃពុធ ក្នុងអ្វីដែលខ្លួនបាននិយាយថា ជាការព្រមានជាក់ស្តែងខ្លាំងចំពោះសត្រូវ។
កងទ័ពជើងទឹកបាននិយាយថា សមយុទ្ធត្រីភាគីនៅថ្ងៃអាទិត្យត្រូវបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិរវាងកូរ៉េខាងត្បូង និងជប៉ុន ដោយនាំយកនាវាពិឃាតបំពាក់ដោយប្រព័ន្ធរ៉ាដា Aegis មកពីប្រទេសទាំងបី។
ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន បាននិងកំពុងធ្វើការកែលម្អប្រព័ន្ធចែករំលែកព័ត៌មានរបស់ពួកគេ ស្តីពីមីស៊ីលរបស់កូរ៉េខាងជើង។ កូរ៉េខាងត្បូង និងជប៉ុនមានទំនាក់ទំនងដោយឯករាជ្យទៅនឹងប្រព័ន្ធរ៉ាដារបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមែនរវាងប្រទេសគេទាំងពីរនោះទេ។
យោធាបាននិយាយថា សមយុទ្ធនេះមានគោលបំណងគ្រប់គ្រងលើការឆ្លើយតបរបស់សម្ព័ន្ធមិត្តចំពោះការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងជាមួយនឹងសេណារីយ៉ូដែលបង្ហាញពីគោលដៅនិម្មិត។
មន្ត្រីកងទ័ពជើងទឹកកូរ៉េខាងត្បូងម្នាក់បាននិយាយថា៖«យើងនឹងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ជាមួយនឹងប្រព័ន្ធឆ្លើយតបដ៏រឹងមាំរបស់យោធារបស់យើង និងកិច្ចសហប្រតិបត្តិការត្រីភាគី»។
ការបាញ់បង្ហោះមីស៊ីល ICBM របស់កូរ៉េខាងជើង ត្រូវបានសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថ្កោលទោស បើទោះបីជាទីក្រុងព្យុងយ៉ាងបានច្រានចោលការថ្កោលទោសនេះ ដោយនិយាយថា វាគឺជាការអនុវត្តសិទ្ធិការពារខ្លួន។
កូរ៉េខាងជើងបានបង្ហាញការតវ៉ាយ៉ាងក្តៅគគុកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយចោទប្រកាន់យន្តហោះចារកម្មអាមេរិកថាបានហោះហើរពីលើដែនទឹកតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន និងថ្កោលទោសការចូលចតទៅកាន់កូរ៉េខាងត្បូងនាពេលថ្មីៗនេះ ដោយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងបានប្តេជ្ញាចាត់វិធានការជាប្រតិកម្មឆ្លើយបតវិញ៕