ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានផ្អាកចរាចរណ៍តាមផ្លូវគោក និងផ្លូវដែកឆ្លងកាត់ស្ពានសំខាន់មួយទៅកាន់តំបន់គ្រីមា បន្ទាប់ពីមានការផ្ទុះដែលបានសម្លាប់មនុស្សពីរនាក់ ហើយមន្ត្រីបានស្តីបន្ទោសលើអ៊ុយក្រែន។
ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ប្រជាជននៅក្នុងតំបន់បានឮសំឡេងផ្ទុះខ្លាំងៗចំនួនពីរលើកនៅព្រឹកព្រលឹមថ្ងៃចន្ទ ដែលបានធ្វើឱ្យខូចខាតផ្នែកមួយនៃផ្លូវថ្នល់នៅលើស្ពានដ៏ធំឆ្លងកាត់ច្រកសមុទ្រ Kerch ដែលតភ្ជាប់ពីប្រទេសរុស្ស៊ីទៅគ្រីមា។
ទីភ្នាក់ងារព័ត៌មាន RIA Novosti ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថាប្រធានសភាគ្រីមាដែលតែងតាំងដោយរុស្ស៊ីលោក Vladimir Konstantinov បាននិយាយថាអ៊ុយក្រែន «វាយប្រហារ» មធ្យោបាយតភ្ជាប់នេះ។
ការបំផ្ទុះនៅលើស្ពានដែលជាសមិទ្ធផលសំខាន់បំផុតរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដែលលោកហៅថាជា «បេសកកម្មប្រវត្តិសាស្ត្រ» សម្រាប់រុស្ស៊ី មុនពេលវាបើកដំណើរការក្នុងឆ្នាំ ២០១៨ រយៈពេល៤ឆ្នាំបន្ទាប់ពីរុស្ស៊ីកាន់កាប់គ្រីមាក្នុងឆ្នាំ២០១៤ បានកើតឡើង ខណៈដែលពេលវេលាកាន់តែសល់តិចទៅៗលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅពីអ៊ុយក្រែន។
រុស្ស៊ីបានបង្ហាញកាលពីសប្តាហ៍មុនថា ខ្លួនអាចនឹងដកខ្លួននៅពាក់កណ្តាលអធ្រាត្រ ពីកិច្ចព្រមព្រៀងដែលត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី។
កាលពីសប្តាហ៍មុននេះ រុស្ស៊ីក៏បានអះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន៩គ្រឿង ដោយ៧គ្រឿងជាដ្រូននៅលើអាកាស និង២គ្រឿងបញ្ជានៅក្នុងទឹកដែលប៉ងវាយប្រហារកំពង់ផែនៅតំបន់គ្រីមានោះ៕