ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា រុស្ស៊ី​មាន​គ្រាប់បែក​ចង្កោម​ក្នុង​ស្តុក​គ្រប់គ្រាន់ ហើយនឹង​ប្ដូរ​សិទ្ធិ​ឱ្យ​យោធា​របស់ខ្លួន​អាច​ប្រើប្រាស់​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​បាន ប្រសិនបើ​អ៊ុយ​ក្រែ​ន​ប្រើ​អាវុធ​ប្រភេទ​នេះ​ដើម្បី​កម្ចាត់ទ័ព​រុស្ស៊ី​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

​ការ​គំរាម​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​ក្នុង​ពេលនេះ​ដែល​សម្រេច​លើកទ័ព​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ កាលពីដើមឆ្នាំ​​ ២០២២ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​សន្យា​ផ្តល់ជំនួយ​សព្វាវុធ​បន្ថែមទៀត​ដែល​សរុប​ទឹកប្រាក់​ជាង ​៨០០​ លាន​ដុល្លារ ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយ​រួមបញ្ចូល​គ្រាប់បែក​ចង្កោម ដើម្បី​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី ខណៈពេលដែល​កងកម្លាំង​របស់​អ៊ុយ​ក្រែ​ន​កំពុង​បង្កើន​ការ​វាយបក​យ៉ាងខ្លាំង​នៅ​ភាគខាងត្បូង និង​ខាងកើត​។​

រុស្ស៊ី​ត្រូវបាន​គេ​រាយការណ៍​ថា កាល​ពី​ពេលកន្លងមក​ថា បាន​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ក្នុង​ប្រតិបត្តិ​ការឈ្លានពាន​អ៊ុយ​ក្រែ​នរួចទៅហើយ ប៉ុន្តែ​ប្រ​ធានា​ធិបតី​ចេញមុខ​ប្រកាស​ជា​សាធារណៈ លើក​នេះ គឺ​ក្រោយ​សម្ព័ន្ធមិត្ត​លោក​ខាងលិច​ក្នុងពេល​ប្រជុំ​មេដឹកនាំ​ប្រទេស​សមាជិក​អង្គការ​ណា​តូ បាន​បង្កើន​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន​។

​លោក ពូ​ទីន បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ថា​៖ «​ខ្ញុំ​ចង់​ប្រាប់ថា សហព័ន្ធរុស្ស៊ី​មាន​សន្និធិ​គ្រាប់បែក​ចង្កោម​ប្រភេទ​ផ្សេងៗ​គ្នា គ្រប់គ្រាន់​។ យើង​មិនទាន់បាន​ប្រើ​វា​នៅឡើយ​ទេ ប៉ុន្តែ​ជាការ​ពិតណាស់ ប្រសិនបើ​គ្រាប់បែក​ប្រភេទ​នេះ ត្រូវបាន​ប្រើ​ដើម្បី​ប្រឆាំងនឹង​យើង នោះ​យើង​នឹង​ឆ្លើយតប​សកម្មភាព​ដូចគ្នា​ទៅវិញ​»​។

​មេដឹកនាំ​រុស្ស៊ី​ដដែលបាន​បន្តថា លោក​ចាត់ទុក​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម​ថា ជា​ឧក្រិដ្ឋកម្ម ហើយ​រហូតមក​ដល់ពេលនេះ រុស្ស៊ី​មិនចាំបាច់​ប្រើប្រាស់​វា​ដោយ​ខ្លួនឯង​ទេ ទោះបីជា​ធ្លាប់​ទទួល​រង​នូវ​បញ្ហា​ខ្វះ​គ្រាប់​ក៏ដោយ​។

​គ្រាប់បែក​ចង្កោម​ត្រូវបាន​ហាមឃាត់​នៅក្នុង​ប្រទេស​ជាង ១០០ ដោយសារតែ​វា​មាន​គ្រោះ​ថ្នាក់ខ្ពស់​លើ​ជន​ស៊ីវិល នៅពេល​វា​បញ្ចេញ​គ្រាប់​តូចៗ​ពេល​ទម្លាក់​ដល់​ផ្ទៃផែនដី​។ គ្រាប់​ខ្លះ​មិន​ផ្ទុះ អាច​បង្ក​គ្រោះថ្នាក់​ជាច្រើន​ទសវត្សរ៍ ជាពិសេស​ចំពោះ​កុមារ​។

​កន្លងមក អ៊ុយ​ក្រែ​ន​ព្រមាន​ប្រើ​គ្រាប់​​បែក​ចង្កោម​ដើម្បី​រំសាយ​ការប្រមូលផ្តុំ​ទាហាន​សត្រូវ​ពេល​ព្យាយាម​ដណ្តើមយក​ទឹកដី​ខ្លួន​វិញ ប៉ុន្តែ​នឹងមិន​ប្រើ​វា​នៅលើ​ទឹកដី​រុស្ស៊ី​ឡើយ​។

​ប៉ុន្តែ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​អះអាងថា ទាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន សុទ្ធតែ​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ក្នុង​ជម្លោះ​ដែល​អូសបន្លាយ​អស់​រយៈ​ពេល​ជាង​ ៥០០ ​ថ្ងៃ​ទៅហើយនោះ​៕