
ត្រីបាឡែនប្រភេទ Pilot Whales ដេកងាប់លើឆ្នេរកោះ Lewis ក្នុងប្រទេសស្កុតឡែន។ AFP
ត្រីបាឡែនប្រភេទ Pilot Whales ចំនួន ៥៥ ក្បាល បានដេកងាប់លើឆ្នេរកោះ Lewis ក្នុងប្រទេសស្កុតឡែន ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNN កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣។
អង្គការសង្គ្រោះសត្វសមុទ្រអង់គ្លេស (BDMLR) បានឱ្យដឹងថា ត្រីបាឡែនទាំងអស់នោះដេកងាប់ដោយសារជាប់ទើរនៅលើឆ្នេរកាលពីថ្ងៃអាទិត្យ។ អង្គការដដែលបន្តថា ត្រីបាឡែនចំនួន ១៥ ក្បាលផ្សេងទៀតនៅរស់នៅឡើយ ពេលគេប្រទះឃើញនាព្រឹកថ្ងៃអាទិត្យ។
លោក Dan Jarvis នាយកផ្នែកសុខុមាលភាពសត្វរបស់ BDMLR បាននិយាយថា៖ «សត្វជាច្រើនត្រូវបានគេរកឃើញថាបានងាប់រួចទៅហើយ ដូច្នេះវាប្រហែលជាជាប់នៅលើឆ្នេរតាំងពីពេលយប់»។
លោកJarvisបានពន្យល់ថា ត្រីបាឡែនអាចរស់បានតែប្រហែល៦ម៉ោងនៅលើដីគោក មុនពេលវាចាប់ផ្ដើមដកដង្ហើមផ្ដឹកៗ។ លោកបានបន្តថា៖ «ពួកគេ(ត្រីបាឡែន)លែងអាចទ្រទម្ងន់ខ្លួនឯងបាន នៅពេលដែលពួកគេចេញផុតទឹក ដោយសារតែពួកគេរស់នៅក្នុងបរិស្ថានសមុទ្រ»។
មូលហេតុដែលធ្វើឱ្យត្រីបាឡែនជាប់គាំងលើឆ្នេរ មិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែ BDMLR សន្និដ្ឋានថា ហ្វូងដែលជាប់ អាចនឹងហែលតាមត្រីបាឡែនញី។ BDMLR និយាយថា៖ «ត្រីបាឡែនមួយក្នុងចំណោមត្រីបាឡែនដែលងាប់ មានទ្វារមាសបើក ដូច្នេះវាអាចថា ហ្វូងទាំងមូលជាប់គាំងដោយសារតាមញីដែលបង្កើតកូន»។
អង្គការបន្តថា៖ «ត្រីបាឡែន Pilot ល្បីខាងមានទំនាក់ទំនងដ៏រឹងមាំក្នុងហ្វូងរបស់ខ្លួន ដូច្នេះជារឿយៗ នៅពេលដែលត្រីបាឡែនមួយជួបការលំបាក ហើយជាប់លើឆ្នេរ នោះត្រីបាឡែនផ្សេងទៀតនឹងធ្វើតាម»។
ចំណែកឯទីភ្នាក់ងារនៃគម្រោងឃ្លាំមើលសត្វសមុទ្ររបស់ប្រទេសស្កុតលែន (SMASS) បាននិយាយថាការជាប់គាំងរបស់ត្រីបាឡែនកាលពីថ្ងៃអាទិត្យ អាចជាព្រឹត្តិការណ៍ជាប់គាំង ហើយងាប់ ដ៏ធំបំផុតនៅក្នុងប្រទេសស្កុតឡែន ដែលមិនធ្លាប់មានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ទីភ្នាក់ងារដដែលបន្តថា ខ្លួននឹងចាប់ផ្តើមពិនិត្យសាកសពរបស់ត្រីបាឡែន ដើម្បីកំណត់ពីមូលហេតុដែលបណ្តាលឱ្យមានការជាប់ទើរ ហើយស្លាប់។
គួរបញ្ជាក់ថា ការជាប់លើឆ្នេរនៃត្រីបាឡែន Pilot គឺជារឿងធម្មតានៅទូទាំងពិភពលោក។ សម្រាប់ចក្រភពអង់គ្លេស ការជាប់គាំងដ៏ធំបំផុតនៃត្រីបាឡែន Pilot បានកើតឡើងនៅស្កុតឡែនដូចគ្នា ក្នុងឆ្នាំ ២០១១ ដោយត្រីបាឡែនចំនួន ៧៧ ក្បាលបានទើរលើឆ្នេរភាគខាងជើងនៃប្រទេសនេះ។
កាលពីខែតុលាឆ្នាំមុន ត្រីបាឡែន Pilot ជិត ៥០០ ក្បាល បានដេកងាប់ក្នុងព្រឹត្តិការណ៍ទើរលើឆ្នេរដូចគ្នា លើឆ្នេរប្រជុំកោះ Chatham នៃប្រទេសនូវែលសេឡង់។ រឿងដ៏អកុសលនេះ កើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីត្រីបាឡែនដដែល ចំនួន ២៣០ ក្បាល បានដេកងាប់នៅលើបណ្តោយឆ្នេរខ្សាច់ Ocean Beach ក្នុងប្រទេសអូស្រ្តាលី៕