​ក្រុម​ហេកឃឺ (Hacker) ដែលមាន​ជាប់ពាក់ព័ន្ធ​ជាមួយ​ទីក្រុង​ប៉េកាំង បានលួច​ចូល​ទៅក្នុង​គណនី​អ៊ីមែល​របស់​លោក នីកូឡាស បឺន (Nicholas Burns) ដែលជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន ដែល​ការលួច​ចូល​នេះ ត្រូវបាន​គេ​ជឿ​ថា ក្រុម​ហេកឃឺ​បានប្រមូល​យក​សារ​អ៊ីមែល​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​រាប់រយ​រាប់ពាន់​សារ។ នេះបើ​យោងតាម​ការរាយ​ការណ៍​របស់​កាសែត Wall Street Journal កាលពី​ថ្ងៃ​ទី២០ ខែកក្កដា ម្សិលមិញ។

គួររំឭក​ថា លោក ដានីញ៉ែល គ្រីស្ថិនប្រ៊ីង (Daniel Kritenbrink) ដែលជា​ជំនួយការ​រដ្ឋលេខាធិការ​ប្រចាំ​តំបន់​អាស៊ីបូព៌ា ក៏ត្រូវ​បានគេ​លួច​ចូល​គណនី​អ៊ីមែល​របស់​លោក ដើម្បី​ធ្វើ​ប្រតិបត្តិការ​ចារកម្ម​របស់​ពួកគេ។ នេះ​បើយោងតាម​ក្រុមហ៊ុន Microsoft ដែលបាន​រកឃើញ​កាលពី​ដើម​ខែនេះ។

នៅពេល​ដែលមាន​ការសាកសួរ​អំពី​ការបំពាន​លើ​គណនី​របស់​អ្នកការទូតទាំង​ពីររូប​ខាងលើ ក្រសួង​ការបរទេស​អាមេរិក​បានបដិសេធ​មិនផ្តល់​ព័ត៌មាន​លម្អិត​ណាមួយឡើយ ហើយបាន​និយាយ​ថា ខ្លួន​កំពុង​បន្ត​បើកការ​ស៊ើបអង្កេត​លើប្រតិបត្តិការ​ចារកម្ម​នេះ។

រហូត​មកទល់​ពេល​នេះ លោក បឺន និងលោក គ្រីស្ថិនប្រ៊ីង រួមជាមួយ​នឹង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក លោកស្រី ជីណា រ៉ាយម៉ូនដូ (Gina Raimondo) បានក្លាយ​ជាជន​រងគ្រោះ​ដែលត្រូវបាន​ប្រកាស​ឱ្យដឹង​ជាសាធារណៈ​ថា ពួកគេ​ត្រូវបាន​ក្រុមហេកឃឺ​លួចចូល​ធ្វើ​ចារកម្ម​ទៅលើ​ទន្និន័យ​មួយចំនួន។ ហេតុកាណ៍​នេះ បានជំរុញ​ឱ្យ​មន្ត្រី​ការទូត​កំពូល​របស់​ទីក្រុង​វ៉ាស៊ីនតោន ចេញសារ​ព្រមាន​ទៅកាន់​សមភាគី​ចិន។

យ៉ាងណាក៏ដោយ ស្ថានទូត​ចិន​នៅទីក្រុង​វ៉ាស៊ីនតោន មិនបាន​ឆ្លើយ​តបភ្លាមៗ​ចំពោះ​សំណើ​សុំការ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ទេ ប៉ុន្តែ​កាលពី​មុន ក្រសួង​ការបរទេស​ចិន​ធ្លាប់បាន​ហៅការចោទ​ប្រកាន់​បែបនេះ ថា​ជាព័ត៌មាន​មិនពិត។

កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន Microsoft បានរាយការណ៍​ថា​ពួក​ហេកឃឺ​ចិន បានប្រើប្រាស់​សោឌីជីថល​របស់​ខ្លួន​ក្នុងការទាញ​យក​កំហុស​ឆ្គង​កូដ​មួយ​ចំនួន ដើម្បី​លួចចូល​អ៊ីមែល​របស់​ភ្នាក់ងារ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និងអតិថិជន​របស់​ខ្លួន​ជាច្រើន​ផ្សេងទៀត។ យ៉ាងណាមិញ ក្រុមហ៊ុន Microsoft មិនបាន​ឆ្លើយតប​នឹង​ការសាកសួរ​ទាក់ទង​នឹង​របាយការណ៍​របស់​កាសែត Wall Street Journal នោះទេ។

ការបំពាន​ដោយ​ហេកឃឺ​នេះ បានធ្វើ​ឱ្យ​ក្រុមហ៊ុន Microsoft ជាពិសេស​ពាក់ព័ន្ធនឹង​ការអនុវត្ត​ស្ដីពី​គោលការណ៍​សុវត្ថិភាព​របស់​ខ្លួន ស្ថិតនៅ​ក្រោម​ការត្រួត​ពិនិត្យ។ មិនត្រឹមតែ​ប៉ុណ្ណោះ ក្រុម​មន្ត្រី និង​សមាជិក​សភា​អាមេរិក កំពុងជំរុញ​ឱ្យក្រុមហ៊ុន​ផ្តល់នូវ​សេវាសវនកម្ម​ឌីជីថល ដល់​អតិថិជន​ទាំងអស់​ដោយឥត​គិតថ្លៃ​ផងដែរ។

ក្រុមហ៊ុន Microsoft បាននិយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​កំពុងទទួល​យកការរិះគន់​ទាំងអស់​ពី​អតិថិជន។ កាលពី​សប្តាហ៍មុន លោក អាដាម ហូច អ្នកនាំ​ពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន បានលើក​ឡើង​ថា ការឈ្លានពាន​ដោយ​ចូល​ទៅក្នុង​ប្រព័ន្ធ​សុវត្ថិភាព​ពពក (Cloud Security) របស់​ក្រុមហ៊ុន Microsoft បានប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្សេងៗ​របស់​អាមេរិក​ដែលមិនបាន​ចាត់ចែង​ច្បាស់លាស់ ប៉ុន្តែ​លោកមិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​នោះទេ។

លោកបាន​បន្ថែម​ថា៖«ក្រុម​មន្រ្តី​ជំនាញ​បានទាក់ទង​ក្រុមហ៊ុន Microsoft ភ្លាមៗ ដើម្បី​ស្វែងរក​ប្រភព និង​ភាពងាយ​រងគ្រោះ​នៃសេវាកម្ម​ពពក​របស់​ពួកគេ»។ លោកបាន​រំលេច​ថា៖«ក្រសួង​ការបរទេស​បានរកឃើញ​សកម្មភាព​មិនប្រក្រតី និងបានចាត់​វិធានការ​ភ្លាមៗ​ដើម្បី​ធានា​សុវត្ថិភាព​ប្រព័ន្ធ​របស់​យើង»៕