រដ្ឋាភិបាល​ចិន​នឹង​បន្ត​ឡើងវិញ​នូវ​ការ​សម្រួល​​​​​​ចូល​ទៅ​​​​​កាន់​​​​ប្រទេស​ចិន​ ដោយ​គ្មាន​​​ទិដ្ឋាការ​​រយៈ​ពេល​​ ១៥​ថ្ងៃ ​សម្រាប់​ប្រជាជន​សិង្ហ​បុរី​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ចាប់ពី​ពាក់​កណ្តាល​អធ្រាត្រ​​នៅ​ថ្ងៃ​ពុធ​​​ទី​២៦ខែ​កក្កដា​​នេះ បន្ទាប់​វា​ត្រូវ​បាន​ផ្អាក​​​អស់​​រយៈពេល​​ជា​ង​៣​ឆ្នាំ​ ។

ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​សិង្ហ​បុរី​បានប្រកាស​​​​​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​​ថា ទាំង​នេះ​រួមមាន​ទិដ្ឋាការ​សម្រាប់​ទេសចរណ៍ អាជីវកម្ម ការ​​ទៅលេង​សាច់ញាតិ និង​មិត្តភក្តិ និង​គោលបំណង​ឆ្លងកាត់​​ប្រទេស​​ចិន​​។

សេចក្តី​ប្រកាស​​​បាន​បន្ថែម​ថា ទិដ្ឋាការ​ដែល​ត្រូវ​បានចេញ​ឱ្យ​ពលរដ្ឋ​សិង្ហ​បុរី​នៅតែមាន​សុពលភាព ហើយ​ពាក្យសុំ​ទិដ្ឋាការ​ដែល​​ត្រូវ​បានដាក់​​ឱ្យ​អនុវត្តរួចហើយ​នឹង​​ដំណើរការ​ជាធម្មតា។

ប្រទេស​ចិន​បាន​បញ្ឈប់​ការផ្តល់​ទិដ្ឋាការ​ដល់​ជនបរទេស​នៅក្នុង​ខែមីនា​ឆ្នាំ ២០២០​ បន្ទាប់ពី​ការ​ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​ជំងឺ​កូវីដ​១៩ ហើយ​ក៏បាន​ផ្អាក​ការផ្តល់​ទិដ្ឋាការ​រយៈពេល១៥​ថ្ងៃ​សម្រាប់​ប្រជាជន​សិង្ហ​បុរី​ផងដែរ។

រដ្ឋាភិបាល​ចិន​បាន​បន្ត​ឡើង​វិញ​​នូវ​​ការចេញ​ទិដ្ឋាការ​គ្រប់​ប្រភេទ​ដល់​ជនបរទេស​ក្នុង​ខែមីនា​ឆ្នាំនេះ ប៉ុន្តែ​ នៅ​បន្ត​​ផ្អាក​​ការ​ផ្តល់​ទិដ្ឋាការ​ដោយ​មិន​គិត​ថ្លៃ​​។

តាមសេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ The Straits Times ​អ្នក​ដែល​​កំពុង​ស្វែងរក​ការ​ធ្វើ​ដំណើរ​​ទៅកាន់​ប្រទេស​ចិន​ បាន​​ឈរ​តម្រង់ជូរ​យ៉ាងវែង​ និង​​ពេលវេលា​រង់ចាំ​យូរ​សម្រាប់​ការ​ណាត់ជួប​នៅ​មជ្ឈមណ្ឌល​ផ្តល់​​ទិដ្ឋាការ​​។​

កាលពី​ខែឧសភា ឧបនាយករដ្ឋមន្ត្រី Lawrence Wong បាន​បង្ហាញ​​ក្តីសង្ឃឹម​ថា ប្រទេស​ចិន​​នឹង​ស្ដារឡើងវិញ​នូវ​ការរៀបចំ​ដោយ​គ្មាន​ទិដ្ឋាការ ក្នុង​អំឡុងពេល​ទស្សន​កិច្ច​ផ្លូវការ​លើក​ដំបូង​​របស់​​គាត់​ទៅកាន់​ប្រទេស​ចិន​​​ក្នុងនាម​ជា​ឧបនាយក​រដ្ឋមន្ត្រី​។

លោក​​បាន​​និយាយ​ថា ការរៀបចំ​ទិដ្ឋាការ​ត្រូវបាន​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​របស់លោក​ជាមួយ​មេដឹកនាំ​ចិន ដោយ​កត់សម្គាល់ថា​ភាគី​ទាំងពីរ​បានទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​​និង​​ប្រជាជន៕​​​