ប្រទេស​​ស្រីលង្កា ដែល​ធ្លាក់​ចូល​​ក្នុង​វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ​មុន ​កំពុង​ពិចារណា​​ពី​លទ្ធភាព​ប្រើប្រាស់​រូបិយប័ណ្ណ​ «រូពី​»​ របស់​​​ឥណ្ឌា​ សម្រាប់​ប្រតិបត្តិការ​នៅ​ក្នុង​ស្រុក​​​ ដើម្បី​ទាក់​ទាញ​ទេសចរ​ឥណ្ឌា ​និង​បង្កើន​ទុនបម្រុង​របស់​ខ្លួន​ឡើងវិញ​។

លោក Ali Sabry រដ្ឋមន្ត្រី​ការ​បរទេស​ស្រីលង្កា​ កាលពី​ថ្ងៃ​ទី២២ ខែកក្កដា​បាន​និយាយ​ថា​​ការផ្លាស់ប្តូរ ​ដែល​អនុញ្ញាត​ឱ្យ​រូបិយប័ណ្ណ​របស់​ប្រទេស​ជិត​ខាង​​ដ៏​ធំ​របស់ខ្លួន​ចរាចរ​ក្នុងប្រទេស​បាន ​និង​បង្កលក្ខណៈ​ងាយ​ស្រួល​​ដល់​អ្នកទេសច​រ​និង​ក្រុម​មនុស្ស​​មកពី​ប្រទេស​ឥណ្ឌា​អាច​ប្រើប្រាស់​​ប្រាក់​រូពី​ឥណ្ឌា​ដោយផ្ទាល់​នៅ​ទីនេះ​ដោយ​មិនចាំបាច់​ឆ្លងកាត់​​​នូវ​ភាពស្មុគស្មាញ​​ ដែល​​កើត​មាន​​​ដោយ​ការ​ប្តូរប្រាក់​នោះទេ។

ប្រទេស​ឥណ្ឌា​ជា​ដៃគូ​ពាណិជ្ជកម្ម​​ដ៏​ធំ​បំផុត​របស់​ប្រទេស​ស្រីលង្កា​ ដោយ​ស្រីលង្កា​​បាន​នាំ​ចូល​​នូវ​ទំនិញ​សព្វសារពើ​ពី​ប្រទេស​ឥណ្ឌា​រួមមាន៖ អាហារ​ ឱសថ​សម្ភារ​សំណង់​ រថយន្ត ​ជី ​និង​សារ​ធាតុគីមី​ជាដើម។​យោង​តាម​​តួលេខ​ផ្លូវការ​បាន​ឱ្យ​ដឹង​ថា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​ មាន​ទំហំ ៥,៤៥ ពាន់​លាន​ ដុល្លារ​ក្នុង​ឆ្នាំ២០២២។

លោក​ Sabry បាន​និយាយ​ថា​ការទទួលយក​ប្រាក់​រូពី​ឥណ្ឌា​​ នឹង​​ហុច​ផលប្រយោជន៍​ល្អ​ សម្រាប់​​ស្រីលង្កា​ ខណៈដែល​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ ​​​គ្មាន​​តុល្យភាព​នៅ​ពេល​នេះ។

មួយថ្ងៃ​បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ជាមួយ​ប្រធានាធិបតី​ស្រីលង្កា​ Ranil​Wickremesinghe លោក ​Sabry បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖«យើង​ត្រូវការ​រូបិយប័ណ្ណ​ឥណ្ឌា​បន្ថែម​ ដូច្នេះ​ប្រជាជន​ឥណ្ឌា ​កាន់តែច្រើន​នឹង​​មក​ទី​នេះហើយ​ការចំណាយ​ជា​រូបិយប័ណ្ណ​ឥណ្ឌា ​គឺ​ល្អ​សម្រាប់​​សេដ្ឋកិច្ច​របស់​យើង»។

​ស្រីលង្កា​​ជាប់បំណុល​​​សាធារណៈ​​​លើស​ពី​ ៨៣​ ពាន់​​លាន​​ដុល្លារ ​​ក្នុងនោះ​​បំណុល​បរទេស​មាន​​ ៤១,៥ ​ពាន់​​លាន​​និង​បំណុល​​ក្នុងស្រុក​​ចំនួន​ ៤២,១ ពាន់​លាន​​ដុល្លារ​អាមេរិក៕