ខណៈក្រុមបាតុកររាប់សែននាក់បានចេញតវ៉ាតាមដងផ្លូវទ្រង់ទ្រាយធំ នៅទីក្រុងតែលអាវីវ (TEL AVIV) របស់ប្រទេសអ៊ីស្រាអែល ក្រោយមានការតវ៉ាជាហូរហែប្រឆាំងនឹងផែនការបង្កើតច្បាប់កាត់បន្ថយអំណាចតុលាការរបស់នាយករដ្ឋមន្ត្រី កាន់អំណាចយូរឆ្នាំ លោក Benjamin Netanyahu ការស្ទង់មតិថ្មីមួយបង្ហាញពីនិន្នាការផ្លាស់ប្តូរទីតាំងរបស់ក្រុមហ៊ុនបង្កើតថ្មីចេញពីប្រទេសនេះ។
តាមការស្ទង់មតិមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ២៣ ខែកក្កដា ដែលធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញមួយនៅប្រទេសអ៊ីស្រាអែល ជុំវិញការផ្លាស់ប្តូរផ្នែកតុលាការបានរកឃើញថា អាជីវកម្មដែលបង្កើតថ្មីឬក្រុមហ៊ុន Start-Up នៅអ៊ីស្រាអែលប្រមាណ ៧០ ភាគរយ គ្រោងផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ពួកគេចេញពីប្រទេសនេះ។
ក្រុមអាជីវកម្មបង្កើតថ្មីទាំងនោះបានលើកឡើងថា មូលហេតុចម្បងនៃការផ្លាស់ប្តូរ គឺកើតចេញពីបញ្ហាកៀរគររកទុនវិនិយោគក្នុងវិស័យបច្ចេកវិទ្យានៅក្នុងឆមាសទី១ នៃឆ្នាំ ២០២៣ ដោយវាបានធ្លាក់ចុះរហូតដល់ ៧០ ភាគរយ។
បច្ចេកវិទ្យាជាវិស័យដ៏សំខាន់បំផុតមួយរបស់ប្រទេសអ៊ីស្រាអែល ដោយវិស័យនេះរួមចំណែក ១៥ ភាគរយនៃទិន្នផលសេដ្ឋកិច្ចសរុបបង្កើតការងារសរុប ១០ ភាគរយនិងច្រើនជាង ៥០ ភាគរយទៅលើការនាំចេញនិងប្រាក់ចំណូលពន្ធបានពីវិស័យនេះមានដល់ទៅ ២៥ ភាគរយ។
ការស្ទង់មតិដដែលដែលបានបញ្ចប់ដោយមានការចូលរួមពីអ្នកជំនាញតំណាងឱ្យក្រុមហ៊ុនចំនួន ៥២១ បានបង្ហាញថា ៦៨ ភាគរយនៃអាជីវកម្មបង្កើតថ្មីបានចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់និងហិរញ្ញវត្ថុយ៉ាងសកម្មដូចជាការដកទុនបម្រុងការផ្លាស់ប្តូរទីស្នាក់ការកណ្តាលទៅក្រៅប្រទេស ការរៀបចំផ្លាស់លំនៅរបស់និយោជកនិងការកាត់បន្ថយបុគ្គលិកនៅប្រទេសអ៊ីស្រាអែលនេះផងដែរ។
លើសពីនេះទៀតក្រុមហ៊ុនប្រមាណ ២២ ភាគរយបាននិយាយថា ពួកគេបានបង្វិលប្រាក់ចេញពីប្រទេសអ៊ីស្រាអែល រួចរាល់ហើយ ចំណែកឯវិនិយោគិនចំនួន ៣៧ ភាគរយផ្សេងទៀតបានលក់ភាគហ៊ុនរបស់ពួកគេនិងដកជាសាច់ប្រាក់ផ្លាស់ចេញទៅក្រៅប្រទេសរួចរាល់ដូចគ្នាដែរ។
លទ្ធផលនៃការស្ទង់មតិនេះត្រូវបានចេញផ្សាយចំពេលដែលសមាជិកសភាចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់ដែលនឹងរារាំងតុលាការកំពូលពីការលុបចោលច្បាប់មួយចំនួនក្រោមហេតុផល «មិនសមរម្យ»។
អស់រយៈពេលជាច្រើនខែមកនេះ ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មតវ៉ាតាមដងផ្លូវធំៗប្រឆាំងនឹងផែនការរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ជុំវិញការកែទម្រង់ប្រព័ន្ធតុលាការឬកែប្រែច្បាប់ក្នុងការកាត់បន្ថយអំណាចរបស់តុលាការដែលប្រជាជនអ៊ីស្រាអែលចាត់ទុកថាជាស្ថាប័នឯករាជ្យដែលសំខាន់បំផុត៕