តៃប៉ិ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា កោះតៃវ៉ាន់ភាគខាងត្បូងបានបិទអាជីវកម្ម និងសាលារៀន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍នានា បានលុបចោលជើងហោះហើរក្នុងស្រុករាប់រយជើងចំពេលមានការភ័យខ្លាចពីការរអិលបាក់ដី និងទឹកជំនន់ខណៈដែលព្យុះទីហ្វុង Doksuri បានបោកបក់កាត់កោះទៅកាន់ប្រទេសចិននៅចុងសប្តាហ៍នេះ។
គិតត្រឹមម៉ោង ៨ និង៣០ ព្រឹកនេះ ព្យុះទីហ្វុង Doksuri ដែលត្រូវបានចាត់ថ្នាក់ជាកម្រិតព្យុះទីហ្វុងខ្លាំងបំផុតទីពីរដោយការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់ បានធ្វើដំណើរឆ្ពោះទៅកាន់ច្រកសមុទ្រតៃវ៉ាន់ភាគខាងត្បូង ជាមួយនឹងកម្លាំងខ្យល់អតិបរមា ១៩១ គីឡូម៉ែត្រក្នុង ១ ម៉ោង។
Doksuri គឺជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ ប៉ុន្តែបានបាត់បង់ឥទ្ធិពលមួយផ្នែក បន្ទាប់ពីវាបានបោកបក់ឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ ដោយបានបក់បោកច្រាំងទន្លេ និងបានធ្វើឱ្យដាច់ចរន្តអគ្គិសនីផងដែរ។
បើយោងតាមទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសហ្វីលីពីន ព្យុះ Doksuri បានសម្លាប់មនុស្ស ៥ នាក់ នៅក្នុងប្រទេសនេះ។
ការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់បានចេញសេចក្ដីប្រកាសអំពីបញ្ហាខ្យល់ និងភ្លៀងនៅថ្ងៃព្រហស្បតិ៍ នេះ សម្រាប់តំបន់ភាគខាងត្បូងនៃកោះនេះ រួមទាំងទីក្រុងកំពង់ផែដ៏សំខាន់នៃ Kaohsiung ជាកន្លែងដែលអាជីវកម្ម និងសាលារៀនត្រូវបានបិទទ្វារ ហើយក៏មានការដាស់តឿនអំពីការរអិលបាក់ដីផងដែរ។
ជើងហោះហើរក្នុងស្រុកទាំងអស់ត្រូវបានផ្អាកនៅតៃវ៉ាន់ ស្របពេលដែលជើងហោះហើរអន្តរជាតិមួយចំនួនធំត្រូវបានលុបចោល។ ការធ្វើដំណើរតាមផ្លូវដែកពីភាគខាងត្បូងទៅភាគខាងកើតក៏ត្រូវបានបិទផងដែរ។
មនុស្សជាង ៤០០០ នាក់ ត្រូវបានជម្លៀសចេញ ដោយប្រុងប្រយ័ត្ន ចេញពីតំបន់ភ្នំភាគខាងត្បូង និងភាគខាងកើតនៃកោះតៃវ៉ាន់ ដែលតំបន់នេះមានកម្រិតទឹកភ្លៀងជិត ០,៧ ម៉ែត្រ ហើយតំបន់ខ្លះទៀត គេបានព្យាករណ៍ថាមានកម្រិតទឹកភ្លៀងរហូតដល់ ១ ម៉ែត្រ។
ព្យុះនេះក៏បានកាត់ផ្តាច់ចរន្តអគ្គិសនីរបស់គ្រួសារជាអ្នកប្រើប្រាស់ជាង ១៥,៧០០ នៅទូទាំងកោះតៃវ៉ាន់ ប៉ុន្តែពួកគេក៏មានដំណោះស្រាយបានភាគច្រើនផងដែរ។
អភិបាលក្រុង Kaohsiung លោក Chen Chi-mai បានបង្ហោះសារនៅក្នុងហ្វេសប៊ុកកាលពីល្ងាចថ្ងៃពុធ ថា «ព្យុះទីហ្វុង Doksuri គឺមិនអាចប៉ាន់ស្មានដឹងនោះទេ» ។
លោកបាននិយាយអំពីតំបន់ភ្នំដែលរងការគំរាមកំហែងថា៖ «កម្លាំងប៉ូលិស និងយោធានឹងចូលរួមជួយក្នុងការជម្លៀសប្រជាជនដោយបង្ខំចិត្តត្រូវតែចាកចេញ ប្រសិនបើចាំបាច់»៕