ប្រទេសឥណ្ឌា និងសិង្ហបុរីបង្ហាញទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការផ្នែកអវកាស បន្ទាប់ពីផ្កាយរណបសិង្ហបុរីចំនួន ៧ ត្រូវបានបាញ់បង្ហោះដោយជោគជ័យដោយប្រទេសឥណ្ឌាទៅកាន់គន្លងវិថីតាមបំណងរបស់ពួកគេចង់បានកាលពីថ្ងៃអាទិត្យ។ នេះបើយោងពីសារ ព័ត៌មានសិង្ហបុរី The Straits Times និងអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRI)។
ផ្កាយរណបទាំងនោះបានហោះនៅម៉ោង ៦:៣១ នាទីព្រឹក នៅយានបាញ់បង្ហោះរបស់ អង្គការស្រាវជ្រាវអវកាសឥណ្ឌា ចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan នៅ Sriharikota នៅឯឆ្នេរសមុទ្រ Andhra Pradesh ប្រទេសឥណ្ឌាខាងត្បូង។
ផ្កាយរណបដំបូង ដាក់បាញ់បង្ហោះសម្រាប់បេសកកម្មនេះដែលត្រូវបានឧទ្ទិសទាំងស្រុងសម្រាប់ប្រទេសសិង្ហបុរីគឺ DS-SAR ដែលជាផ្កាយរណបអង្កេតផែនដីដែលមានទម្ងន់ ៣៥២ គីឡូក្រាមដែលត្រូវបានបង្កើតឡើងដោយភាពជាដៃគូរវាងទីភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រសួងការពារជាតិប្រទេសសិង្ហបុរី និង ST Engineering ដែលជាក្រុមហ៊នពហុជាតិឯកទេសបច្ចេកវិទ្យានិងវិស្វកម្មអវកាស។
នៅពេលដាក់ពង្រាយ និងដំណើរការ វានឹងគាំទ្រតម្រូវការរូបភាពផ្កាយរណបរបស់ទីភ្នាក់ងាររដ្ឋាភិបាលសិង្ហបុរីច្រើនទៀត។ តាមការចុះផ្សាយ ផ្កាយរណបនេះ បំពាក់ដោយប្រព័ន្ធរ៉ាដា ដែលត្រូវបានបង្កើតឡើងដោយ ឧស្សាហកម្មអវកាសអ៊ីស្រាអែល (Israel Aerospace Industries) អាចផ្តល់ការគ្របដណ្តប់គ្រប់អាកាសធាតុ ក៏ដូចជាការគ្របដណ្តប់ពេលថ្ងៃ និងពេលយប់។
ផ្កាយរណបផ្សេង ១ ទៀត គឺ NuLIoN ពីក្រុមហ៊ុន NuSpace ដែលជាក្រុមហ៊ុនសិង្ហបុរីដែលផ្តល់ការតភ្ជាប់អ៊ីនធឺណិតនៅទូទាំងតំបន់នៅអាស៊ីអាគ្នេយ៍ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធមានកម្រិតទៅកាន់ទំនាក់ទំនងគ្មានដែនកំណត់៕