​នៅ​ថ្ងៃទី​ ៣១ ខែកក្កដា ឆ្នាំ​ ២០២៣ ប្រទេស​ចិន​ បានប្រកាស​ពី​វិធានការ​រឹតបន្តឹង​ការគ្រប់គ្រង​ការនាំចេញ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ហៅ​កាត់​ថា ដ្រូ​ន និង​ឧបករណ៍​ទាក់ទង​នឹង​ដ្រូ​ន​មួយចំនួន ដោយ​អះអាងថា​ ខ្លួន​ចង់​ការពារ​សន្តិសុខ និង​ផលប្រយោជន៍​របស់​ជាតិ ខណៈដែល​កំពុងមាន​ភា​ព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក​ជុំវិញ​បញ្ហា​បច្ចេកវិទ្យា​។​

​ក្រសួងពាណិជ្ជកម្ម​ចិន​បានឱ្យដឹងថា វិធានការ​រឹតបន្តឹង​លើ​ឧបករណ៍​ទាំងនោះ​រួមមាន​ម៉ាស៊ីន​ដ្រូ​ន​មួយចំនួន ឡាស៊ែរ ឧបករណ៍​ទំនាក់ទំនង និង​ប្រព័ន្ធ​ប្រឆាំង​ដ្រូ​ន​។ ហើយ​វិធានការ​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​ ១​ ខែកញ្ញា តទៅ​។​

​អ្នកនាំពាក្យ​ក្រសួង​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា វិធានការ​គ្រប់គ្រង​នេះ ក៏​នឹងមាន​វិសាលភាព​ដល់​ជន​ស៊ីវិល​ដែល​ប្រើប្រាស់​ដ្រូ​ន​មួយចំនួន​ផងដែរ ហើយ​គ្មាន​ដ្រូ​ន​ស៊ីវិល​ណាមួយ​អាច​ត្រូវបាន​នាំចេញ​ក្នុង​គោលបំណង​បម្រើ​ដល់​ប្រយោជន៍​យោធា​នោះទេ​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​និយាយថា​៖ «​ការពង្រីក​វិសាលភាព​នៃ​ការគ្រប់គ្រង​ដ្រូ​ន​របស់​ប្រទេស​ចិន​នៅពេលនេះ គឺជា​វិធាន​ការសំខាន់​មួយ​ដើម្បី​បង្ហាញ​ពី​ជំហរ​របស់​យើង ថា​ជា​តួអង្គ​សំខាន់​ដែលមាន​ការទទួលខុសត្រូវ អនុវត្ត​គំនិត​ផ្តួចផ្តើម​ការពារ​សន្តិសុខ​ពិភពលោក និង​រក្សា​សន្តិភាព​ពិភពលោក​»​។​

​ជាក់ស្ដែង អាជ្ញាធរ​បាន​ជូនដំណឹង​ទៅកាន់​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​មួយចំនួន​រួចស្រេច​ហើយ​។ គួរ​ដឹង​ដែរ​ថា ចិន​ជា​ប្រទេស​ដែលមាន​ឧស្សាហកម្ម​ផលិត​ដ្រូ​ន​ដ៏​ធំ ហើយ​នាំចេញ​ទៅកាន់​ទីផ្សារ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​។​

​សមាជិកសភា​អាមេរិក​ម្នាក់​បាន​និយាយថា ជាង ៥០​ភាគរយ​នៃ​ដ្រូ​ន​ដែល​ដាក់លក់​នៅ​សហរដ្ឋអាមេរិក​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន DJI ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ហើយ​ពួកវា​គឺជា​យន្តហោះ​ដ្រូ​ន​ដែល​ភ្នាក់ងារ​សុវត្ថិភាព​សាធារណៈ​អាមេរិក ពេញនិយម​ប្រើប្រាស់​បំផុត​។​

​យ៉ាងណាក៏ដោយ ក្រុមហ៊ុន DJI បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​តែងតែ​គោរព​និង​អនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នៃ​ប្រទេស ឬ​តំបន់​ដែល​ខ្លួន​ប្រតិបត្តិការ​យ៉ាង​ខ្ជាប់ខ្ជួន រួមទាំង​ស្របតាម​បទ​ប្បញ្ញត្តិ​គ្រប់គ្រង​ការនាំចេញ​របស់​ប្រទេស​ចិន​ផងដែរ​។​

​ក្រុមហ៊ុន​ផលិត​ដ្រូ​ន​នេះ​បាន​បន្ថែមថា «​យើង​មិនដែល​បាន​រចនា និង​ផលិត​ផលិតផល ឬ​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​នោះទេ ហើយក៏​មិន​ធ្លាប់ធ្វើ​ទីផ្សារ ឬ​លក់​ផលិតផល​របស់​យើង​សម្រាប់​ប្រើប្រាស់​នៅក្នុង​ជម្លោះ​យោធា ឬ​សង្គ្រាម​នៅក្នុង​ប្រទេស​ណាមួយ​នោះដែរ​»​។​

​យ៉ាងណាមិញ គួររំឭកថា កាលពី​ខែមីនា ឆ្នាំ​២០២២ ក្រុមហ៊ុន​លក់រាយ​មួយ​របស់​អាឡឺម៉ង់​បាន​ចោទប្រកាន់​ក្រុមហ៊ុន DJI ពីបទ​ធ្វើឱ្យ​លេច​ធ្លាយ​ទិន្នន័យ​ស្តីពី​ទីតាំង​យោធា​អ៊ុយ​ក្រែ​ន​ទៅកាន់​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ក្រុមហ៊ុន​DJI បាន​ច្រានចោល​ថា​ជា​រឿង​មិន​ពិត​ទាំងស្រុង​។​

​ក្រសួងពាណិជ្ជកម្ម​ចិន​ក៏​ធ្លាប់បាន​ប្រកាស​កាលពី​ខែមេសា​ឆ្នាំនេះ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​កំពុង​ផ្សព្វផ្សាយ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន ពោលគឺ​តែងតែ​ចោទ​ប្រទេស​ចិន​ថា​កំពុង​នាំចេញ​ដ្រូ​ន​ទៅកាន់​សមរភូមិ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។

​ជាការ​ឆ្លើយតប​ក្រសួង​បានចេញ​របាយការណ៍​មួយ​ដើម្បី​បង្ហាញ​ការចោទប្រកាន់​ទាំងនោះ ថា​ជាការ​ប៉ុនប៉ង​ដើម្បី​លាប​ពណ៌​ក្រុមហ៊ុន​ចិន​។ បន្ថែម​លើ​នេះ ក្រសួង​ក៏បាន​សង្កត់ធ្ងន់ថា ខ្លួន​នឹង​បន្ត​ពង្រឹង​ការគ្រប់គ្រង​ការនាំចេញ​ដ្រូ​ន​បន្ថែមទៀត​។​

​ការ​រឹតបន្តឹង​ការនាំចេញ​ដ្រូ​ន​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ចិន​បានប្រកាស​ដាក់ចេញ​វិធានការ​គ្រប់គ្រង​ការនាំចេញ​លោហៈ​មួយចំនួន​ដែល​ប្រើប្រាស់​ក្នុង​ការផលិត​បន្ទះ​សៀគ្វី​កាលពី​ខែ​មុន​។ ការ​រឹតបន្តឹង​នេះ​ផងដែរ​ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​បានចាប់ផ្ដើម​រឹតបន្តឹង​ការចូល​ប្រើប្រាស់​របស់​ចិន​ទៅកាន់​បច្ចេកវិទ្យា​សំខាន់ៗ​ដូចជា​ឧបករណ៍​ផលិត​បន្ទះ​សៀគ្វី​ជាដើម​។​

​កាលពី​សប្ដាហ៍​មុន របាយការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក បានចេញ​ផ្សាយ​ថា ទីក្រុង​ប៉េកាំង​ ទំនងជា​បានផ្តល់​ឧបករណ៍​យោធា​ទៅកាន់​រុស្ស៊ី ប្រើប្រាស់​នៅក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ កាលពី​ថ្ងៃ​សុក្រ ទីក្រុង​ប៉េកាំង​បាន​អះអាងថា ខ្លួន​ជាមួយ​រុស្ស៊ី​គ្រាន់​តែមាន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ធម្មតា​តែប៉ុណ្ណោះ​៕