ចាប់ពីថ្ងៃត្រង់ថ្ងៃពុធ ក្រុមអ្នកតវ៉ាគាំទ្រមេបក្សជាប់ឆ្នោតបានបង្កើនការប្រមូលផ្តុំនៅតំបន់ប្រជុំសំខាន់ៗ ដើម្បីបង្កើនការដាក់សម្ពាធដល់ការសម្រេចចិត្តរបស់ក្រុមជំនុំជម្រះតុលាការធម្មនុញ្ញថៃ ដែលគ្រោងសម្រេចលើជោគវាសនារបស់លោក ភិថា លឹមចារើនរ៉ាត ថាតើគួរបន្តជាបេក្ខភាពនាយករដ្ឋមន្ត្រីទៀតឬទេ បន្ទាប់ពីសមាជិកសភាភាគច្រើនបោះឆ្នោតបញ្ឈប់បេក្ខភាពលោក។
ទន្ទឹមគ្នានឹងការបង្កើនការតវ៉ានេះ សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានអះអាងថា គណបក្សភឿថៃដែលជាបក្សឈ្នះឆ្នោតលំដាប់ទី២ និងជាបក្សមួយក្នុងសម្ព័ន្ធមិត្ត៨ គណបក្ស បានប្រកាសចែកផ្លូវជាមួយបក្សឆ្ពោះទៅមុខ ដឹកនាំដោយលោក ភិថា លឹមចារើនរ៉ាត ដើម្បីទៅចាប់ដៃជាមួយគណបក្សផ្សេងៗទៀតមាននិន្នាការអភិរក្សនិយមនិងមានប្រវត្តិចេញពីយោធា។
ដើម្បិឱ្យផ្តល់បុព្វសិទ្ធិដល់លោក ភិថា លឹមចារើនរាត់ ដើម្បីអាចឈរឈ្មោះជានាយករដ្ឋមន្ត្រីថៃឡើងវិញ បើទោះបីជាលោកត្រូវសមាជិកសភានិងព្រឹទ្ធសភាបោះឆ្នោតហាមមិនឱ្យឈរឈ្មោះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅប្រទេសថៃ ក្រុមបាតុករតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលភាគច្រើនប្រើប្រាស់ម៉ូតូ និងរថយន្តសម្រាប់ការដង្ហែរក្បួនក្នុងទីក្រុងបាងកកជារដ្ឋធានីដែលបក្សឆ្ពោះទៅមុខឈ្នះកៅអីសភាស្ទើរទាំងស្រុងចំនួន៣២កៅអីក្នុងចំណោម៣៣កៅអី បានប្រកូរប្រកាសគ្នាជួបជុំនៅតំបន់ប្រសប់ Asok ចាប់ពីវេលាថ្ងៃត្រង់ និងនៅតំបន់ Sukhumvit ដែលជាតំបន់ពាណិជ្ជកម្មដ៏ល្បីល្បាញរបស់ថៃ ខណៈសមត្ថកិច្ចថៃ បានគូសតម្រាយផ្លូវផ្សេងសម្រាប់ការតវ៉ារបស់ពួកគេ។
ដូចការរំពឹងទុក គណបក្ស ភឿថៃ ដែលដាក់ត្រៀមបេក្ខភាពនាយករដ្ឋមន្ត្រីដល់ទៅបីរូបសម្រាប់ការបោះឆ្នោតសភា និងជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ បានប្រកាសថា ខ្លួននឹងតែងតាំងលោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ជាបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី ដែលសភាទាំងពីរគ្រោងនឹងប្រជុំលើកទី៣ នៅថ្ងៃសុក្រសប្តាហ៍នេះ គឺមួយថ្ងៃក្រោយតុលាការធម្មនុញ្ញសម្រេចលើជោគវាសនាបេក្ខភាពសមាជិកសភារបស់ភិថា និងថាតើលោកភិថានឹងមានសិទ្ធិឈរឈ្មោះជាថ្មីឬទេ៕