អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកាន់តំណែងបាន ១ អាណត្តិ និងប៉ងហក់ចូលប្រឡូកតំណែងប្រធានាធិបតីជាថ្មីនៅអាណត្តិបន្ទាប់នេះ កាលពីថ្ងៃអង្គារ បានរងការចោទប្រកាន់ពីបទរៀបចំផែនការផ្តួលរំលំការបោះឆ្នោតឆ្នាំ ២០២០ និងបទចោទផ្សេងទៀត។ យោងតាមការផ្សាយនានាដែលរាយការណ៍ពីឯកសារច្បាប់របស់ក្រុមប្រឹក្សាស៊ើបអង្កេតពិសេសស្ដីពីការចោទប្រកាន់លោក ត្រាំ។
បើតាមបណ្ដាញព័ត៌មាន BBC ឯកសារកម្រាស់ ៤៥ ទំព័របានបង្ហាញថា លោក ត្រាំ រងការចោទប្រកាន់លើបទចោទចំនួន ៤ ដែលរួមមានទាំងការសមគំនិតដើម្បីបន្លំសាធារណៈអាមេរិក ការបំភ្លៃសាក្សី និងការសមគំនិតប្រឆាំងនឹងសិទ្ធិពលរដ្ឋ។ បទចោទទាំងនេះ គ្របដណ្តប់លើការស៊ើបអង្កេតលើព្រឹត្តិការណ៍វាយប្រហារវិមានរដ្ឋសភា «កាពីតូល» ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១។
ការស៊ើបអង្កេតក្នុងសំណុំរឿងទាក់ទងនឹងការបោះឆ្នោតឆ្នាំ ២០២០ បានផ្តោតលើសកម្មភាពរបស់លោកត្រាំក្នុងរយៈពេល ២ ខែ ចន្លោះពីពេលដែលលោកចាញ់ឆ្នោតរហូតដល់ហេតុការណ៍វាយប្រហារលើវិមានកាពីតូលនៅក្រុងវ៉ាស៊ីនតោន ឌីស៊ី។
មន្ត្រីដឹកនាំការស៊ើបអង្កេតនេះ គឺលោក Jack Smith ដែលជាទីប្រឹក្សាពិសេសតែងតាំងដោយក្រសួងយុត្តិធម៌អាមេរិកបាននិយាយកាលពីល្ងាចថ្ងៃអង្គារថា៖ «ការវាយប្រហារលើរដ្ឋធានីនៃប្រទេសរបស់យើង កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ គឺជាការវាយប្រហារដែលមិនធ្លាប់មានពីមុនមក លើលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក»។
លោក Smith បានបញ្ចប់សេចក្តីថ្លែងការណ៍ខ្លីរបស់លោក ដោយសន្យាថា នឹងស្វែងរក «ការកាត់ទោសដ៏ឆាប់រហ័សមួយ» ដោយបន្ថែម លោក ត្រាំ៖ «ត្រូវតែសន្មតថាគ្មានទោសរហូតមានការបញ្ជាក់ថាមានទោស»៕