លោកស្រីបណ្ឌិត Yanghee Lee អតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ាបាននិយាយថា ការលើកលែងទោសមួយចំនួនដល់អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី គឺគ្រាន់តែជាផ្នែកមួយនៃការស្វែងរកការទទួលស្គាល់ពីអន្តរជាតិ លើភាពស្របច្បាប់របស់របបយោធាប៉ុណ្ណោះ។
លោកស្រី Lee បានប្រាប់សារព័ត៌មាន CNA កាលពីថ្ងៃអង្គារថា ទង្វើនេះបង្ហាញសញ្ញាថា រដ្ឋាភិបាលយោធាដឹកនាំដោយលោក មីន អ៊ុងឡាំង «ពិតជាអស់គំនិត» ទាល់ច្រកហើយ។ អតីតមន្រ្តី UN សម្រាប់កិច្ចការមីយ៉ាន់ម៉ា ដែលបម្រើការចន្លោះពីឆ្នាំ ២០១៤-២០២០ ដដែល បានបន្តថា៖ «ការបន្ថយទោសស្ត្រីអាយុ ៧៨ ឆ្នាំ ដែលជាប់ឃុំឃាំងដោយបទចោទប្រកាន់ក្លែងក្លាយផ្សេងៗ មិនគួរត្រូវបានមើលឃើញថាជាទង្វើ ឬកាយវិការផ្សះផ្សារបស់មេយោធាឃោរឃៅនោះទេ»។
លោកស្រីបាននិយាយថា៖ «ពួកគេគិតថា ការបន្ថយទោសលោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី Win Myint នឹងទទួលបានការគាំទ្រពីប្រជាជន ហើយសំខាន់ជាងនេះទៅទៀត ធ្វើឱ្យពួកគេមានការទទួលស្គាល់ជាអន្តរជាតិ»។ លោកស្រីបន្តថា៖ «វាយករឿងបាំងមុខ ដើម្បីឱ្យសហគមន៍អន្តរជាតិអាចទទួលស្គាល់ពួកគេថា ជារដ្ឋាភិបាលស្របច្បាប់របស់មីយ៉ាន់ម៉ា»។
អតីតអ្នកជំនាញ UN ដដែលនិយាយទៀតថា៖ «ខ្ញុំគិតថា វាដល់ពេលដែលសហគមន៍អន្តរជាតិពិតជាភ្ញាក់ឡើងហើយ ហើយដឹងថា អ្វីដែលលោក មីន អ៊ុងឡាំងកំពុងធ្វើ គឺជាល្បិចកលរាប់ទសវត្សរ៍»។ លោកស្រីបន្តថា៖ «វាគ្មានប្រសិទ្ធិភាពនោះទេ ព្រោះលោកនឹងមិនទទួលបានការគាំទ្រពីប្រជាជនឡើយ»។
គួរគូសបញ្ជាក់ថា ការលើកឡើងរបស់លោកស្រី Lee ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោកស្រី អ៊ុងសាន ស៊ូជី ទទួលបានការលើកលែងទោសលើបទល្មើសចំនួន ៥ ក្នុងចំណោមបទល្មើសចំនួន ១៩ ដែលលោកស្រីរងការកាត់ទោសឱ្យជាប់គុកសរុប ៣៣ ឆ្នាំ។ ការលើកលែងទោសនេះ ត្រូវបន្ថយការជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ។
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint ដែលក្រុមយោធាចាប់ខ្លួនក្នុងពេលតែមួយជាមួយលោកស្រី អ៊ុងសាន ស៊ូជី ក្រោយរដ្ឋប្រហារនៅដើមខែកុម្ភៈឆ្នាំ ២០២១ ក៏ត្រូវបានលើកលែងទោសក្នុងបទចោទប្រកាន់មួយចំនួនផងដែរ។
នាពេលនេះ របបយោធាពិបាកនឹងគ្រប់គ្រងប្រទេស ខណៈជម្លោះបន្តផ្ទុះឡើងនៅទូទាំងប្រទេស ហើយសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា បានជួបប្រទះនឹងការកើនឡើងនៃអតិផរណា។ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលយោធា បានបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ ខែទៀត ដោយពន្យារពេលការបោះឆ្នោតតាមការសន្យា៕