តុលាការធម្មនុញ្ញប្រទេសថៃ ដែលកំពុងកាន់កាប់រឿងក្តីនយោបាយរបស់អ្នកនយោបាយវ័យក្មេង ភិថា លឹមចារើនរ៉ាត បានពន្យាពេលសម្រេចក្តីដែលគ្រោងធ្វើនៅថ្ងៃនេះ ដោយអះអាងថា ខ្លួនត្រូវការពេលបន្ថែមទៀតដើម្បីពិនិត្យមើលសំណុំរឿង។ នេះបើយោងតាមការចេញផ្សាយរបស់ The Straits Times។
ការពន្យាពេលនេះ ត្រូវបានគេមើលឃើញថា បានរារាំងការបង្កើតរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបន្តទៅទៀត បន្ទាប់ពីការបោះឆ្នោតខែឧសភា ខណៈដែលកិច្ចប្រជុំរួមគ្នារបស់សភាទាំង ២ ថ្នាក់ ដែលមានសមាជិកសរុប ៧៥០ ដែលគ្រោងធ្វើនៅថ្ងៃសុក្រសម្រាប់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដែលបេក្ខភាពនាយករដ្ឋមន្ត្រីដែលស្នើឡើង ក៏នឹងត្រូវលើកពេលដោយរង់ចាំសាលក្រមរបស់តុលាការ។
ការពន្យារពេលកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឡើងតាមសេចក្តីប្រកាសរបស់តុលាការធម្មនុញ្ញដែលបញ្ជាក់ថាខ្លួនត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពិនិត្យមើលញត្តិដែលជំទាស់នឹងការសម្រេចចិត្តរបស់សភាកាលពីថ្ងៃទី ១៩ ខែកក្កដា ក្នុងការបដិសេធបេក្ខភាពលោក ភិថា លឹមចារើនរ៉ាត មកពីគណបក្សឆ្ពោះទៅមុខ (MFP)។
តាមខ្លឹមសារដែល The Straits Times ដកស្រង់ តុលាការក៏បាននិយាយផងដែរថា ខ្លួនកំពុងស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងករណីនេះ ព្រោះវាពាក់ព័ន្ធនឹង «បញ្ហាសំខាន់» ទាក់ទងនឹងគោលការណ៍រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវការការពិចារណាដោយប្រុងប្រយ័ត្ន។
តុលាការនឹងពិចារណាសម្រេចលើសំណុំរឿងក្តីនេះនៅថ្ងៃទី ១៦ សីហា៕