ខណៈមានការបន្ធូរបន្ថយទោសដល់អ្នកនយោបាយឆ្នើមនៃប្រទេសមីយ៉ាន់ម៉ាពីសំណាក់របបយោធាដែលធ្វើរដ្ឋប្រហារ អតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បាននិយាយថា ការលើកលែងទោសមួយចំនួនដល់អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី គឺគ្រាន់តែជាផ្នែកមួយនៃការស្វែងរកការទទួលស្គាល់ពីអន្តរជាតិ លើភាពស្របច្បាប់របស់របបយោធាប៉ុណ្ណោះ។
លោកស្រីបណ្ឌិត Yanghee Lee បានប្រាប់សារព័ត៌មាន CNA ក្នុងពេលថ្មីៗនេះថា ទង្វើមេដឹកនាំយោធាបង្ហាញសញ្ញាថា រដ្ឋាភិបាលយោធាដឹកនាំដោយលោក មីន អ៊ុងឡាំង៖ «ពិតជាអស់គំនិត» ទាល់ច្រកហើយ។ អតីតមន្ត្រី UN សម្រាប់កិច្ចការមីយ៉ាន់ម៉ា ដែលបម្រើការចន្លោះពីឆ្នាំ ២០១៤-២០២០ ដដែល បានបន្តថា៖ «ការបន្ថយទោសស្ត្រី អាយុ ៧៨ ឆ្នាំ ដែលជាប់ឃុំឃាំងដោយបទចោទប្រកាន់ក្លែងក្លាយផ្សេងៗ មិនគួរត្រូវបានមើលឃើញថាជាទង្វើ ឬកាយវិការផ្សះផ្សារបស់មេយោធាឃោរឃៅនោះទេ»។
លោកស្រីបន្ត៖ «ពួកគេគិតថា ការបន្ថយទោសលោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី Win Myint នឹងទទួលបានការគាំទ្រពីប្រជាជន ហើយសំខាន់ជាងនេះទៅទៀត ធ្វើឱ្យពួកគេមានការទទួលស្គាល់ជាអន្តរជាតិ»។
លោកស្រីបន្ថែម៖ «វាជាការយករឿងបាំងមុខ ដើម្បីឱ្យសហគមន៍អន្តរជាតិអាចទទួលស្គាល់ពួកគេថា ជារដ្ឋាភិបាលស្របច្បាប់របស់មីយ៉ាន់ម៉ា»។
អតីតអ្នកជំនាញ UN ដដែលនិយាយទៀតថា៖ «ខ្ញុំគិតថា វាដល់ពេលដែលសហគមន៍អន្តរជាតិត្រូវភ្ញាក់ឡើងហើយ និងដឹងថាអ្វីដែលលោក មីន អ៊ុងឡាំង កំពុងធ្វើ គឺជាល្បិចកលរាប់ទសវត្សរ៍»។ លោកស្រីបន្តថា៖ «វាគ្មានប្រសិទ្ធភាពនោះទេ ព្រោះលោកនឹងមិនទទួលបានការគាំទ្រពីប្រជាជនឡើយ»។
ការលើកឡើងរបស់លោកស្រី Lee ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោកស្រី អ៊ុងសាន ស៊ូជី ទទួលបានការលើកលែងទោសលើបទល្មើសចំនួន ៥ ក្នុងចំណោមបទល្មើសចំនួន ១៩ ដែលលោកស្រីរងការកាត់ទោសឱ្យជាប់គុកសរុប ៣៣ ឆ្នាំ។ ការលើកលែងទោសនេះ ត្រូវបន្ថយការជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ។
នាពេលនេះ របបយោធាពិបាកនឹងគ្រប់គ្រងប្រទេស ខណៈជម្លោះបន្តផ្ទុះឡើងនៅទូទាំងប្រទេស ហើយសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា បានជួបប្រទះនឹងការកើនឡើងនៃអតិផរណា។ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលយោធាបានបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ ខែទៀត ដោយពន្យារពេលការបោះឆ្នោតតាមការសន្យា៕