អតីតនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ ត្រូវបានចាប់ខ្លួនជាលើកទីពីរក្នុងរយៈពេលត្រឹមតែ៤ ខែប៉ុណ្ណោះ។ បើតាមសារព័ត៌មាន Reuterថា ក្រុមប៉ូលិស និងទាហានប៉ារ៉ា បានចូលចាប់ខ្លួនដល់ក្នុងផ្ទះរបស់លោក នៅ Lahore ទីក្រុងធំទី២របស់ប៉ាគីស្ថាន កាលពីថ្ងៃទី៥ ខែសីហាកន្លងមកនេះ។
ការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន នាពេលនេះ ជាឧបសគ្គកាន់តែធំសម្រាប់លោកក្នុងការចូលរួមនៅក្នុងការបោះឆ្នោតសភាប៉ាគីស្ថាន ដែលនឹងរៀបចំឡើងនៅអំឡុងខែវិច្ឆិកា ចុងឆ្នាំ ២០២៣ខាងមុខ។
យ៉ាងណាមិញ នៅក្នុងសារវីដេអូដែលលោកថតទុក នៅមុនការចាប់ខ្លួន កាលពីថ្ងៃទី ៥ ខែសីហា លោក អ៊ីមរ៉ាន់ ខាន់ បានរិះគន់ការសម្រេចរបស់តុលាការដែលមានលក្ខណៈនយោបាយ ប៉ុន្តែក៏បានអំពាវនាវឱ្យអ្នកគាំទ្ររបស់លោករក្សាភាពស្ងប់ស្ងាត់ និងកុំឱ្យមានការប្រែប្រួលណាមួយ។
លោក អ៊ីមរ៉ាន់ ខាន់ ដែលមានអាយុ ៧០ ឆ្នាំគឺជាមេដឹកនាំដ៏ពេញនិយមបំផុតរបស់ប្រទេសអាស៊ីខាងត្បូង។ នេះបើយោងតាមការស្ទង់មតិ ហើយការចាប់ខ្លួនមួយរយៈខ្លីកាលពីខែឧសភា កន្លងទៅ គឺធ្វើឡើងក្រោមបទចោទប្រកាន់ពុករលួយ បានបង្កឱ្យមានចលាចលយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស ចំពេលដែលប្រទេសកំពុងមានវិបត្តិសេដ្ឋកិច្ច។
សម្រាប់អតីតនាយករដ្ឋមន្ត្រីរូបនេះ លោកបានបដិសេធចំពោះការប្រព្រឹត្តខុសទាំងនោះ និងដោយថា ជាការចោទប្រកាន់របស់របបយោធាដែលជារបរដ៏មានអំណាច តាមរយៈការគ្រប់គ្រងប្រទេសប៉ាគីស្ថានចាប់តាំងពីឆ្នាំ ១៩៤៧មក។
គួររំលឹកថា លោក អ៊ីមរ៉ាន់ ខាន់ បានក្លាយជាអ្នកនយោបាយប្រឆាំងដ៏សំខាន់ បន្ទាប់ពីត្រូវបានសភាបោះឆ្នោតដកទំនុកចិត្ត ដែលធ្វើឲ្យលោកបាត់បង់តំណែងនាយករដ្ឋមន្រ្តី កាលពីខែមេសា ឆ្នាំ ២០២២។ ពេលជាមួយគ្នានោះ សាធារណជនមានការខកចិត្តជាខ្លាំងចំពោះអតិផរណាដ៏ខ្ពស់ ឱនភាពសេដ្ឋកិច្ច និងអំពើពុករលួយដែលលោកបានសន្យាថា នឹងដោះស្រាយនៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក។
នៅក្រោយការបណ្តេញចេញពីតំណែងនាយករដ្ឋមន្រ្តី លោកអ៊ីមរ៉ាន់ ខាន់ ត្រូវប្រឈមនឹងការស៊ើបអង្កេតជាង ១៥០ ករណីរបស់តុលាការប៉ាគីស្ថាន ជាពិសេសសំណុំរឿងប្រព្រឹត្តអំពើពុករលួយ។ បើតាមក្រុមអ្នកប្រឆាំង លោកអ៊ីមរ៉ាន់ ខាន់ និងភរិយាបានទទួលសំណូក អំណោយជាវត្ថុមានតម្លៃជាច្រើនលានដុល្លារនៅក្នុងពេលធ្វើទស្សនកិច្ចនៅបរទេស។
គួរបញ្ជាក់ថា លោក អ៊ីមរ៉ាន់ ខាន់ ត្រូវបានគេស្គាល់ថាជាវីរបុរសកីឡា cricket ដែលបានប្រមូលផ្ដុំ អ្នកគាំទ្រវ័យក្មេងប៉ាគីស្ថាន ដែលសុទ្ធសឹងជាអ្នកជួបប្រទះ អំពើពុករលួយជាសកល កង្វះអគ្គីសនីរ៉ាំរ៉ៃ និងវិបត្តិក្នុងវិស័យអប់រំ និងភាពអត់ការងារធ្វើជាដើម ឱ្យចូលមកគាំទ្រគោលនយោបាយបក្ស របស់លោក។
ពីមួយឆ្នាំទៅមួយឆ្នាំ សន្ទុះនៃការគាំទ្របានកើនឡើងកាន់តែខ្លាំង ដោយសូម្បីតែជនបរទេសដែលរស់នៅប៉ាគីស្ថានសុខចិត្តចាកចេញពីការងាររបស់ពួកគេដើម្បីទៅចូលរួមយុទ្ធនាការបក្សរបស់លោក ទៀតផង។
កាលពីឆ្នាំ ២០១៨ លោកបាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា គោលដៅរបស់លោកគឺ បង្វែរប្រទេសប៉ាគីស្ថានពីប្រទេសដែលមាន «ក្រុមតូចមួយនៃអ្នកមាន និងសមុទ្រនៃអ្នកក្រ» ទៅជា «គំរូសម្រាប់ប្រព័ន្ធមនុស្សធម៌ ប្រព័ន្ធយុត្តិធម៌ សម្រាប់ពិភពលោក និងសម្រាប់រដ្ឋឥស្លាមដែលមាន សុខមាលភាព»៕