ប្រទេស​ហ្វីលីពីន​​ នៅថ្ងៃ​​អាទិត្យ​នេះ​ បាន​ថ្កោល​ទោស​ឆ្មាំ​ឆ្នេរ​សមុទ្រ​ចិន​ចំពោះ​​ការ​បាញ់​កាណុង​​ទឹកដាក់​​កប៉ាល់​​​​របស់​ខ្លួន​ នៅ​​​ក្នុង​សមុទ្រ​​ចិន​ខាង​ត្បូង​ ​​ដោយ​ពណ៌នា​សកម្មភាព​នេះ​ថា​ «​ខុស​ច្បាប់​»​ និង​ «​គ្រោះ​ថ្នាក់​»​។

​រឿង​ហេតុ​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ពេល​ដែលនាវា​របស់​​ឆ្មាំ​ឆ្នេរ​សមុទ្រ​ហ្វីលីពីន​​​អម​ដំណើរ​ទូក​​ផ្ទុក​អាហារ ​ទឹក​ ប្រេង ​និង​​គ្រឿង​ផ្គត់​ផ្គង់​ផ្សេង​ទៀត​ ទៅ​ឱ្យ​​បុគ្គលិក​យោធា​ហ្វីលីពីន​ ដែល​ឈរ​ជើង​នៅ​កោះ​ Second Thomas Shoal ​ក្នុង​​បណ្ដំ​កោះ​ជម្លោះ​ស្រ្ពាតលី​។ ​

​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «​ឆ្មាំ​​ឆ្នេរ​​សមុទ្រ​​ហ្វីលីពី​​ន​​ (PCG) ​ថ្កោល​ទោ​ស​យ៉ាង​ខ្លាំង​ចំពោះ​​សកម្មភាព​ដ៏​គ្រោះ​ថ្នាក់​របស់​ឆ្មាំ​សមុទ្រ​ចិន​ (CCG) ​និង​ការ​ប្រើ​ប្រាស់​កាណុង​បាញ់​ទឹក​ខុស​ច្បាប់​ប្រឆាំង​នឹង​នាវា​របស់​ PCG »។

ឆ្មាំ​ហ្វីលីពីន​បន្ត​ថា​ ៖ «​​សកម្មភាព​បែប​នេះ​របស់​ CCG ​មិន​ត្រឹម​តែ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិភាព​របស់​នាវិក​ PCG ​និង​ទូក​ផ្គត់​ផ្គង់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បំពាន​ច្បាប់​អន្តរជាតិ​ផង​ដែរ​»។

​ចំណែក​ឯ​កង​កម្លាង​ប្រដាប់​អាវុធ​ហ្វីលីពីន​វិញ​ បាន​ឱ្យ​ដឹង​​ថា​ ​​ឆ្មាំ​​ឆ្នេរ​​សមុទ្រ​​​​ចិន​​​ ​បាន​ «​រា​រាំង​ និង​បាញ់​ទឹក​»​ ​លើ​​​នាវានាំ​មុខ​ទូក​​ផ្គត់​ផ្គង់​​រប​ស់​ខ្លួន​។ ​​អ្នក​នាំ​ពាក្យ​យោធា​ លោក​ Medel Aguilar ​បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​ ដោយ​សារ​តែ​សកម្មភាព​ «​ហួស​ហេតុ​ និង​​គឃ្លើន​»​ នោះ ​នាវា​នាំ​មុខ​ទី​២​ មិន​អាច​ផ្ទុក​ទំនិ​ញ​របស់​ខ្លួនស​ម្រាប់​ការ​បង្វិល​កង​ និង​ប្រតិបត្តិការ​ផ្គត់​ផ្គង់​ឡើង​វិញ​បាន​ទេ​​។

លោក​ Aguilar ​បន្ត​ថា ​៖ «​​​យើង​អំពាវ​នាវ​ឱ្យ​ឆ្មាំ​ឆ្នេរ​សមុទ្រ​ចិន​ និង​គណៈកម្មការ​យោធា​មជ្ឈិម​ ធ្វើ​សកម្ម​ភាព​ដោយ​ប្រុង​ប្រយ័ត្ន ​និង​ទទួល​ខុស​ត្រូវ​ក្នុង​សកម្មភាព​របស់​ពួក​គេ​ ដើម្បី​ការពារ​ការ​គណនា​ខុស​ និង​គ្រោះ​ថ្នាក់​ដែល​នឹង​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​»​។

ជុំ​វិញ​បញ្ហា​នេះ​ ស្ថាន​ទូត​ចិន​ប្រចាំ​ក្រុង​ម៉ានីល​មិន​បាន​ចេញ​ប្រតិកម្ម​យ៉ាង​ណា​ ភ្លាម​ៗ​នោះ​ទេ​។ ​

គួរ​​បញ្ជាក់​ថា​ ទីក្រុង​ប៉េកាំង​បាន​ទាម​ទារ​ស្ទើរ​តែ​ដែន​ទឹក​ទាំង​មូល​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ ​ហើយ​ក្រុម​ម៉ានីល​ ​និយាយ​ថា​ ឆ្មាំ​ឆ្នេរ​សមុទ្រ ​និង​នាវា​កង​ទ័ព​ជើង​ទឹក​ចិន​ ​តែង​តែ​រារាំង​ ឬ​​ធ្វើ​សកម្មភាព​ប្រឆាំង​នាវា​ហ្វីលីពីន​ ដែល​ដើរ​ល្បាត​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​។​

ក្រុង​ម៉ានីល ​និង​ប៉េកាំង ​មាន​ជម្លោះ​ដែន​សមុទ្រ​យូរ​មក​ហើយ ​ជុំ​វិញ​សមុទ្រ​ចិន​ខាង​ត្បូង​ ប៉ុន្តែ​អតីត​ប្រ​ធា​នាធិបតី​ហ្វីលីពីន​ លោក​ Rodrigo Duterte មា​ន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​រិះ​គន់ចិន​ ​​ខណៈ​លោក​ស្វែង​រក​ទំនា​ក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ទីក្រុង​ប៉េកាំង ​​ដើម្បី​​ទាក់​ទាញ​ការ​វិនិយោគ​។​

យ៉ាង​ណា​មិញ​ ​ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​ក្នុង​ខែ​មិថុនា ​ឆ្នាំ​ ២០២២​ ​មក​ ​​ប្រធានាធិបតី​ហ្វីលីពីន​បច្ចុប្បន្ន​ លោក​ Ferdinand Marcos ​បាន​ទទូច​ថា​ លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​ចិន​ជាន់​ឈ្លី​សិទ្ធិ​របស់​ប្រទេស​ខ្លួន​នៅ​ក្នុង​សមុទ្រ​នោះ​ទេ​ ហើយ​បាន​ងាក​ទៅ​រក​សហរដ្ឋ​អាមេរិក​ ​ដោយ​​ព្យាយាម​ពង្រឹង​ទំនាក់​ទំនង​ការពារ​ជាតិ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​។

​ភាព​តាន​តឹង​រវាង​ទីក្រុង​ម៉ានីល ​និង​ទីក្រុង​ប៉េកាំង​ បាន​ផ្ទុះ​ឡើង​នៅ​ដើម​ឆ្នាំ​នេះ​ បន្ទាប់​ពី​នាវា​ឆ្មាំ​ឆ្នេរ​សមុទ្រ​ចិន រង​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រើ​ឡាស៊ែរ​កម្រិត​ «​យោធា​» ប្រឆាំង​នឹង​ទូក​ឆ្មាំ​ឆ្នេរ​សមុទ្រ​ហ្វីលីពីន​នៅ​ជិត​កោះ​ Second Thomas Shoal​។

យ៉ាង​ណា​មិញ​ ​ទីក្រុង​ប៉េកាំង​បាន​ចោទ​ប្រកាន់​​ទូក​ហ្វីលីពីន​នា​ពេល​នោះ​​ ថា​បាន​ឈ្លាន​ពាន​ចូល​ទៅ​ក្នុង​ដែន​ទឹក​អធិបតេយ្យ​របស់​ចិន​ដោយ​គ្មាន​ការ​អនុញ្ញាត​៕​