សេចក្តីរាយការរបស់សារព័ត៌មានរបស់បច្ចឹមប្រទេសបានលើកឡើងពីការសង្ស័យថា កូរ៉េខាងជើង និងមហាអំណាចរុស្ស៊ីមានកិច្ចព្រមព្រៀងទាក់ទងអាវុធ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏កម្រមួយរបស់ប្រមុខក្រសួងការពារជាតិរុស្ស៊ីទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងទិវាបញ្ចប់សង្គ្រាមកូរ៉េកាលពីពេលថ្មីៗនេះ។
ដោយយោងតាម ប្រព័ន្ធតាមដានទិន្នន័យពី FlightRadar24 សារព័ត៌មាន Bloomberg បានរាយការណ៍នៅមុននេះថា មានការមើលឃើញមិនធម្មតានៃយន្តហោះយោធារុស្ស៊ីនៅក្នុងប្រទេសកូរ៉េខាងជើងក្នុងរយៈពេល ៣៦ ម៉ោង ក្រោយប៉ុន្មានថ្ងៃនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu ដែលបានដើរទស្សនារោងចក្រផលិតអាវុធដ៏ទូលំទូលាយរបស់ប្រទេសកូរ៉េខាងជើងក្នុងអំឡុងពេលនៃការចូលរួមក្នុងពិធីបញ្ចប់សង្គ្រាមកូរ៉េលើកទី៧០ កាលពីថ្ងៃទី ២៧ ខែកក្កដា។
វត្តមាននៃយន្តហោះយោធារុស្ស៊ីនៅកូរ៉េខាងជើងនាពេលនេះ កំពុងធ្វើឱ្យមានការព្រួយបារម្ភថាមេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងលក់អាវុធឱ្យប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខណៈដែលទំនាក់ទំនងកាន់តែរឹងមាំរវាងរដ្ឋដាក់ទណ្ឌកម្ម។
យោងតាម Bloomberg ការតាមដានទិន្នន័យពី FlightRadar24 បង្ហាញពីកងទ័ពអាកាសរុស្ស៊ី Ilyushin IL-62M ហោះហើរត្រង់ពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ៣១ ខែកក្កដា ហើយត្រលប់មកវិញនៅថ្ងៃទី ២ ខែសីហា។ តាមកាលបរិច្ឆេទនេះ គឺកើតឡើងតែប៉ុន្មានថ្ងៃក្រោយការបញ្ចប់ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី។
រូបភាពពីផ្កាយរណបបានបង្ហាញពីយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាងរយៈពេលប្រហែល៣៦ម៉ោង។ នេះបើយោងតាម NK News ដែលជាភ្នាក់ងារផ្តល់ព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលស្តីពីប្រទេសកូរ៉េខាងជើងដែលតាមដានសកម្មភាពហោះហើរនៅក្នុងប្រទេសឯកោផងដែរ។
NK News បាននិយាយថា ការហោះហើរនេះគឺជាយន្តហោះទីមួយប្រភេទ VIP យោធារុស្ស៊ីទៅកាន់កូរ៉េខាងជើងចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩ នៅពេលដែលអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Alexander Fomin បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង។
NK News បាននិយាយថា ៖«វាលេចឡើងទាក់ទងនឹងការតាមដានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ Shoigu ហើយប្រហែលជាកិច្ចព្រមព្រៀងដែលបានធ្វើឡើងជាមួយលោក គីម» ដោយបន្ថែមថាអ្នកវិភាគ «បានប៉ាន់ស្មានថាអ្នកទាំងពីរអាចធ្វើកិច្ចព្រមព្រៀងអាវុធ»។
ទាំងកូរ៉េខាងជើងនិងរុស្ស៊ីមិនត្រូវបានរាយការណ៍ពីយន្តហោះនោះទេ ហើយក៏មិនច្បាស់ថាមានមន្ត្រីណាធ្វើដំណើរលើយន្តហោះនោះ៕