តាមរយៈ​សារព័ត៌មាន​រ៉យទ័រ កាលពី​ថ្ងៃចន្ទ​កន្លងទៅ​ថ្មីៗនេះ ​បានឱ្យដឹង​ថា កូនប្រុស​របស់​តារាសម្ដែង​ជនជាតិ​អេស្ប៉ាញ ឈ្មោះ រ៉ូដូលហ្វូ សាន់ឆូ អាគ្វីរ៉េ (Rodolfo Sancho Aguirre) នឹងត្រូវ​បន្ត​ឃុំខ្លួន​ពាក់ព័ន្ធនឹង​ការស្លាប់ និងការកាត់​សាកសព​បុរស​ជន​ជាតិ​កូឡុំប៊ី​ដែលត្រូវ​ជាគូស្នេហ៍​របស់គេ​នៅលើ​កោះ​ទេសច​រណ៍ Phangan នៃប្រទេស​ថៃ។

លោក Daniel Sancho Bronchal វ័យ ២៩ ឆ្នាំ បានបង្ហាញ​ខ្លួន​នៅចំពោះ​មុខ​តុលាការ​កាលពី​ថ្ងៃចន្ទ ខណៈ​ដែល​ប៉ូលិស​នឹងបន្ត​ឃុំខ្លួន​រូបគេ​សម្រាប់​ការស៊ើប​អង្កេត បន្ត​ទៀត។

មុនឡើង​តុលាការ​នេះ ប៉ូលិស​បាននាំ Sancho ទៅកាន់​ទីកន្លែង​ចំនួន ៧ រួមទាំង​ឆ្នេរមួយ​កន្លែង​ដែលរូបគេបាន​បោះចោល​ថង់ប្លាស្ទិក​ដែលមាន​ផ្នែកខ្លះ​នៃរាងកាយ​របស់​បុរសជន​ជាតិ​កូឡុំប៊ី Edwin Arrieta Arteaga អាយុ ៤៤ ឆ្នាំ ជាគ្រូពេទ្យ​វះកាត់។

ចាប់តាំង​ពីថ្ងៃទី៣ ខែ​សីហា បំណែក​នៃ​សាកសព​បុរស​អាយុ ៤៤ ឆ្នាំ នេះ រួមមាន​ត្រគាក​ភ្លៅ​ក្បាល ត្រូវបា​ន​អ្នកស្រុក​ប្រទះឃើញ​ដោយចៃដន្យ​នៅតាម​ទីតាំង​ផ្សេងៗគ្នា​ជុំវិញ​កោះ Phangan ដោយបង្ក​ឱ្យ​មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។

ឧត្តមសេនីយ៍ទោ​ថៃ លោក SaranyuChamnanrat បាននិយាយ​ថា Sancho ត្រូវបាន​ចោទប្រកាន់​ពីបទឃាតកម្ម​គិតទុក​ជាមុន ហើយ​លាក់បាំង និងបំបែក​សាកសព​រាងកាយ ​ដើម្បី​បិទបាំង​ការស្លាប់ ឬមូលហេតុនៃ​ការស្លាប់​របស់​ជន​រងគ្រោះ។

​កូនប្រុស​តារាសម្តែង​ដ៏ល្បីល្បាញ​នៅប្រទេស​អេស្ប៉ាញ ធ្វើការ​ជាមេចុងភៅ និងបានធ្វើ​ដំណើរ​ទៅកាន់ប្រទេស​ថៃ​កាលពី​ថ្ងៃទី៣១ ខែកក្កដា ក្នុងនាមជា​អ្នកទេសចរ ដើរកម្សាន្ត​ក្នុង​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្លួន។ ក្រោយការ​ចាប់ខ្លួន គ្រួសារ​របស់ Sancho កាលពី​ថ្ងៃអាទិត្យ​បានចេញ​លិខិតមួយ​ដោយស្នើ​សុំ​ឱ្យ​អាជ្ញាធរ​គោរព Sancho និងគ្រួសារ​របស់គេ​ក្នុងកាលៈទេសៈ​ស្រពិចស្រពិល​នៅឡើយ​នេះ។

យ៉ាងណា​ប៉ូលិស​ថៃ​បានលើកឡើង​ថា ការធ្វើ​តេស្ត DNA នៃ​អដ្ឋិធាតុ​ទាំងនោះ បង្ហាញ​ថា​ជាសាកសព​របស់ Arrieta ហើយ​ប៉ូលិស​មានភស្តុតាង​គ្រប់គ្រាន់​ប្រឆាំង​នឹង Sancho។ ប៉ូលិស​ថៃ បន្ត​ថា ការស៊ើបអង្កេត​កំពុងបន្ត​ធ្វើ​ឡើង ខណៈ​ដែល​អាជ្ញាធរ​បន្ត​ស្វែងរក​បំណែក​សាកសព ​ដែលនៅ​សេសសល់​របស់ Arrieta បន្តទៀត៕​