​នៅក្នុង​ខែកក្កដា ​កន្លងទៅ​តំបន់​កណ្តាល​ និង​ភាគខាងត្បូង​នៃ​ប្រទេស​អ៊ីតាលី​ បាន​កត់ត្រា​ពី​ចំនួន​អ្នកស្លាប់ និង​បាន​រកឃើញថា​ អត្រា​មរណៈ​របស់​ប្រជាជន​បាន​កើន​ឡើងដល់​ចំនួន​ ៧% ដែល​ចំនួន​នេះ​ច្រើន​លើសពី​ធម្មតា​។​

​អាត្រា​មរណៈ​ដែលមាន​ចំនួន​ ៧%​​ របស់​ប្រជាជន​អ៊ីតាលី​នាពេល​ថ្មីៗ​នេះ​ ជា​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​ការវាយលុក​នៃ​រលក​កម្ដៅ​ទៅលើ​ទីក្រុង​មួយចំនួន​របស់​ប្រទេស​នេះ​។​

​នៅក្នុង​ទិន្នន័យ​ប្រចាំខែ​ចុងក្រោយ​បំផុត​របស់ខ្លួន​ក្រសួងសុខាភិបាល​របស់​ប្រទេស​អ៊ីតាលី​ បានកត់សម្គាល់​ពី​ឥទ្ធិពល​នៃ​សីតុណ្ហភាព​ខ្លាំង​លើ​អត្រា​មរណភាព​របស់​ប្រទេស​ក្នុង​ខែកក្កដា​ បើ​ប្រៀបធៀប​ទៅនឹង​អត្រា​ជា​មធ្យម​ដែល​បាន​កត់ត្រា​ក្នុង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំ​ ២០១៥ ​ដល់​ឆ្នាំ ​២០១៩​។​

​ទិន្នន័យ​ដដែល​នេះ​ក៏បាន​កត់សម្គាល់​ដែរ​ថា ​សីតុណ្ហភាព​បាន​កើនឡើង​លើសពី 40 អង្សារ​សេ​ ដែល​បណ្តាលឱ្យ​ចំនួន​អ្នកស្លាប់​មាន​ច្រើនជាង​ការរំពឹងទុក​ជាពិសេស​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី ​៧៥​ ឆ្នាំ​ឡើងទៅ​។​

​យ៉ាងណាមិញ​អត្រា​មរណភាព​កើនឡើង​ជាពិសេស​នៅក្នុង​ទីក្រុង​ភាគខាងត្បូង​ដូចជា ទីក្រុង​ Bari, Catania និង​Reggio Calabria​។ ​ផ្ទុយទៅវិញ​អត្រា​មរណៈ​នៅក្នុង​ទីក្រុង​នានា​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ បែរជា​មិនសូវ​រង​ឥទ្ធិពល​ពីរ​លក​កម្តៅ​ពោល គឺ​ទាប​ជាង​ការរំពឹងទុក​ដោយបាន​ធ្លាក់ចុះ​ ១៤% បើ​ធៀប​ទៅនឹង​អត្រា​មរណៈ​ក្នុង​ឆ្នាំ​កន្លងទៅ​។​

​គួរ​បញ្ជាក់ថា​ប្រទេស​អ៊ីតាលី ជា​ប្រទេស​នាំមុខគេ​នៃ​ព្រឹត្តិការណ៍​អាកាសធាតុ​ខ្លាំង​ចាប់តាំងពី​រលក​កំដៅ​បាន​វាយប្រហារ​ប៉ែក​អឺរ៉ុប​ភាគខាងត្បូង​ កាលពី​ខែ​មុន​ ជាមួយនឹង​សីតុណ្ហភាព​ដ៏​ក្តៅ​ដែល​នាំឱ្យមាន​អគ្គិភ័យ​ជាច្រើន ​និង​ជំរុញឱ្យមាន​ការស្លាប់​ជា​បន្តបន្ទាប់​របស់​ប្រជាជន​។​

​ជាការ​រំលឹក​ផងដែរ​ថា ​កំណត់ត្រា​សម្រាប់​សីតុណ្ហភាព​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប​ត្រូវបាន​បំបែក​ កាលពី​ថ្ងៃទី​ ១១​ ខែសីហា ​ឆ្នាំ​ ២០២១​ នៅពេលដែល​សីតុណ្ហភាព​បាន​ហក់​ឡើងដល់ ​៤៨.៨​ អង់ស្សា​សេ ​នៅ Floridia​ ដែលជា​ទីក្រុង​មួយ​ដែល​ស្ថិតនៅលើ​កោះ​ឈ្មោះថា Sicilian នៃ​ប្រទេស​អ៊ីតាលី​។​

​សម្រាប់​ឆ្នាំនេះ​អ្នកជំនាញ​ដាក់​ការ​ទស្សន៍ទាយ​ថា​ ​ប្រទេស​អ៊ីតាលី​ អាច​នឹង​ឈានទៅ​បំបែក​កំណត់ត្រា​ទាក់ទង​នឹង​សីតុណ្ហភាព​នេះ​សារជាថ្មី​ ដែល​មានន័យថា រ​លកក​ម្ដៅ​នា​ឆ្នាំនេះ​ទំនង​នឹង​កាន់តែ​អាក្រក់​ជាង​ឆ្នាំ​ ២០២១​ ទៅទៀត​៕