ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងក្នុងរបាយការណ៍ថ្មីមួយថា ឧក្រិដ្ឋកម្មសង្រ្គាម ដែលយោធាមីយ៉ាន់ម៉ា ប្រព្រឹត្តរួមទាំងការប្រហារជីវិតទ្រង់ទ្រាយធំ និងអំពើហិង្សាផ្លូវភេទ មានការកើនឡើងជាខ្លាំងដោយ «កាន់តែញឹកញាប់ និងគួរឱ្យខ្លាច»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារ យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា (IIMM) ដែលជាអង្គភាពបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បាននិយាយថា មាន «ភស្តុតាងដ៏រឹងមាំ ដែលថាយោធាមីយ៉ាន់ម៉ា និងកងជីវពលសម្ព័ន្ធរបស់ខ្លួន បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដែលទាក់ទងនឹងការប្រយុទ្ធគ្នាចំនួន ៣ ប្រភេទ» ដែលវាកើនឡើងកាន់តែញឹកញាប់ ហើយកាន់តែឃោរឃៅ។
របាយការណ៍ដែលប្រមូលទិន្នន័យពីចន្លោះខែកក្កដា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៣ បានលើកឡើងពី «ការសម្លាប់ជនស៊ីវិល ឬអ្នកប្រយុទ្ធដែលត្រូវបានចាប់ឃុំខ្លួនក្នុងអំឡុងពេលប្រតិបត្តិការ» ក៏ដូចជាការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទដ៏គួរឱ្យរន្ធត់ជាដើម។
លោក Nicholas Koumjianប្រធាន IIMM បាននិយាយថា៖ «រាល់ការបាត់បង់អាយុជីវិតក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាសោកនាដកម្ម ប៉ុន្តែការបំផ្លិចបំផ្លាញដែលបង្កឡើងដល់សហគមន៍ទាំងមូលតាមរយៈការទម្លាក់គ្រាប់បែកពីលើអាកាស និងការដុតភូមិ ពិតជាគួរឱ្យតក់ស្លុតខ្លាំង»។
លោកបន្តថា៖ «ភ័ស្តុតាងរបស់យើងចង្អុលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងប្រទេស ជាមួយនឹងការវាយប្រហារយ៉ាងទូលំទូលាយ និងជាប្រព័ន្ធប្រឆាំងនឹងជនស៊ីវិល។យើងកំពុងកសាងសំណុំរឿង ដែលអាចឱ្យតុលាការប្រើប្រាស់ ដើម្បីឃុំខ្លួនជនល្មើសម្នាក់ៗ»។
គួរបញ្ជាក់ថា IIMM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដើម្បីប្រមូលភស្តុតាងនៃឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបំផុត និងរៀបចំឯកសារសម្រាប់ការកាត់ទោសព្រហ្មទណ្ឌ។ ខណៈមិនដែលទទួលបានការអនុញ្ញាតឱ្យចូលទៅមីយ៉ាន់ម៉ាដោយផ្ទាល់ ក្រុមនេះបាននិយាយថា ខ្លួនទទួលបានព័ត៌មានពីប្រភពជាង ៧០០ នាក់ ហើយប្រមូល «ព័ត៌មានជាង ២៧ លាន ទិន្នន័យ» រួមទាំងសម្ដីរបស់សាក្សី ឯកសារ រូបថត វីដេអូ ភស្តុតាងធ្វើកោសល្យវិច្ច័យ និងរូបភាពពីផ្កាយរណប។
IIMM ដែលសហការជាមួយតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បាននិយាយថា ខ្លួន «គ្រោងនឹងពន្លឿនការប្រមូលភស្តុតាងនៃឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបំផុត»។ ក្រុមអ្នកស៊ើបអង្កេតរបស់ក្រុម បាននិយាយថា ខ្លួនសង្គត់ធ្ងន់លើការស្វែងរក«ភស្តុតាងនៃទំនាក់ទំនង» ដែលបង្ហាញពីការទទួលខុសត្រូវរបស់បុគ្គលជាក់លាក់ ជាពិសេសមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា។
របាយការណ៍ IIMM បានពន្យល់ថា មេបញ្ជាការយោធាមានកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់ និងផ្តន្ទាទោសឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តដោយអ្នកដែលស្ថិតនៅក្រោមការបញ្ជារបស់ពួកគេ។ របាយការណ៍ថា៖ «ការមិនអើពើនឹងឧក្រិដ្ឋកម្មបែបនេះម្តងហើយម្តងទៀត អាចបង្ហាញថា អាជ្ញាធរជាន់ខ្ពស់មានបំណងប្រព្រឹត្តឧក្រិដ្ឋកម្មទាំងនេះ»។
របាយការណ៍ដដែល បានគូសបញ្ជាក់ពីភស្តុតាងនៃការប្រើទាហានកុមារពី«តួអង្គប្រដាប់អាវុធផ្សេងៗគ្នា» ហើយបាននិយាយថាមាន«ភស្តុតាងកាន់តែច្រើនឡើងៗទាក់ទងនឹងការធ្វើទារុណកម្ម អំពើហិង្សាផ្លូវភេទ និងទម្រង់នៃការធ្វើបាបយ៉ាងធ្ងន់ធ្ងរផ្សេងៗទៀត នៅកន្លែងឃុំឃាំងជាច្រើន»។
មិនត្រឹមតែប៉ុណ្ណោះ ភ័ស្តុតាងបង្ហាញថា ឧក្រិដ្ឋកម្មបែបនេះប្រព្រឹត្តឡើងយ៉ាងឃោរឃៅ និងគ្រោះថ្នាក់ខ្ពស់បំផុតដល់ជនរងគ្រោះ រួមទាំងការរំលោភដោយប្រើវត្ថុផ្សេងៗការធ្វើឱ្យជនអាម៉ាសក្នុងរូបភាពផ្សេងៗ ការកាត់រាងកាយជនរងគ្រោះ ការរំលោភសេពសន្ថវៈជាក្រុម និងដោយក្មេងទំនើង និងទាសករផ្លូវភេទជាដើម។
គួររំឭកថា មីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងភាពចលលចលនៃអំពើហិង្សាក្នុងប្រទេសយ៉ាងហិង្សា បន្ទាប់ពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី នៅខែកុម្ភៈឆ្នាំ ២០២១ ដែលចាប់ពីពេលនេះមក ក្រុមយោធាមីយ៉ាន់ម៉ា បានធ្វើការបង្រ្កាបលើសម្លេងប្រឆាំង និងក្រុមតស៊ូប្រដាប់អាវុធផ្សេងៗយ៉ាងបង្ហូរឈាម ទូទាំងប្រទេស។
ទោះបីជាយ៉ាងណាក៏ដោយ កន្លងមក រដ្ឋាភិបាលយោធាបានបដិសេធថា អំពើឃោរឃៅបានកើតឡើង ក្នុងអំឡុងពេលដែលខ្លួន អនុវត្តយុទ្ធនាការស្របច្បាប់ប្រឆាំងនឹង«ភេរវករ» ពោលគឺងារដែលក្រុមយោធាដាក់ឱ្យក្រុមប្រឆាំងនឹងខ្លួន៕