នៅថ្ងៃទី ៨ ខែសីហា ក្រសួងការបរទេសចិន បានអំពាវនាវជាថ្មីម្ដងទៀត ឱ្យហ្វីលីពីនអូសនាវាចម្បាំង ១ គ្រឿង ដែលបានលិចកាលពីសម័យសង្គ្រាមលោកលើកទី២ និងដែលមានសភាពទ្រុឌទ្រោមដោយច្រែះស៊ីខ្លាំងចេញពីតំបន់ជម្លោះ ប៉ុន្តែភាគីហ្វីលីពីនបានជូនដំណឹងដល់ទីក្រុងប៉េកាំងវិញថា ខ្លួននឹងមិនចាកចេញពីតំបន់នោះទេ។
វិវាទនៅជុំវិញតំបន់ឆ្នេរ ថូម៉ាសសូលទី២ (Second Thomas Shoal) នៅតំបន់សមុទ្រចិនខាងត្បូងបានកើតមានឡើងបន្ទាប់ពីទីក្រុងម៉ានីល បានចោទប្រកាន់ឆ្មាំឆ្នេររបស់ប្រទេសចិនថា បានធ្វើសកម្មភាពហួសព្រំដែន និងបានវាយលុកប្រឆាំង នឹងនាវាហ្វីលីពីន។
ក្រសួងការបរទេសចិនបាន លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចិនបានជំរុញជាថ្មីម្តងទៀត ឱ្យភាគីហ្វីលីពីនដកនាវាចម្បាំងចេញពីតំបន់ឆ្នេរថូម៉ាសសូលទី២ ជាបន្ទាន់ ហើយត្រូវដាក់តំបន់នេះទៅជាតំបន់ដែលគ្មានការគ្រប់គ្រង និងកាន់កាប់ដោយប្រទេសណាមួយនោះទេ»។
ក្រសួងការបរទេសចិនថា ទោះបីខ្លួនបានជជែកច្រើនលើកច្រើនសាលើបញ្ហានេះ ប៉ុន្តែហ្វីលីពីនមិនបានអើពើចំពោះឆន្ទៈល្អរបស់ចិនទេ។
លោក ចូណាថាន ម៉ាឡាយ៉ា (Jonathan Malaya) ដែលជាជំនួយការអគ្គនាយកក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន តែងតែបានលើកឡើងម្តងហើយម្តងទៀតថា ហ្វីលីពីននឹងមិនបោះបង់គោលជំហររបស់ខ្លួននៅតំបន់ឆ្នេរមួយនេះទេ។
លោកបានបន្ថែមថា៖ «យើងសូមជំរុញឱ្យប្រទេសចិនកុំធ្វើឱ្យបញ្ហាកាន់តែរីកធំទៅៗ ដោយប្រើប្រាស់កាំភ្លើងកាណុងឬឡាស៊ែរយោធា ដែលទាំងអស់នេះបានធ្វើឱ្យហ្វីលីពីនត្រូវប្រឈមនឹងហានិភ័យ។ ផ្ទុយទៅវិញ ភាគីចិនត្រូវចូលរួមចរចាដោយស្មោះត្រង់ និងដោះស្រាយតាមមធ្យោបាយការទូតជាច្រើនផ្សេងៗទៀត»៕