ទូរទស្សន៍រដ្ឋបានរាយការណ៍នាថ្ងៃសុក្រនេះថា ប្រទេសចិន បានរកឃើញចារកម្មម្នាក់ ហើយបានចោទប្រកាន់ថាជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CIA។ ចិនបានសន្មតថា ចារកម្មជាជនជាតិចិននោះ ជាអ្នកដែលធ្វើការឱ្យក្រុមយោធា ហើយត្រូវបានផ្តល់ប្រាក់ និងអន្តោប្រវេសន៍ទៅរស់នៅសហរដ្ឋអាមេរិកជាថ្នូរនឹងព័ត៌មានយោធារបស់ចិន។
របាយការណ៍របស់ CCTV បាននិយាយថា បុរសជនជាតិចិនឈ្មោះ Zeng ជាមនុស្សដែលគេបានចាត់តាំងមកនោះ ពីដើមឡើយបានទៅប្រទេសអ៊ីតាលីដើម្បីបន្តការសិក្សា ហើយខណៈពេលដែលរស់នៅទីនោះ គេក៏បានស្គាល់ជាមួយមន្ត្រីស្ថានទូតអាមេរិក។
របាយការណ៍ដដែលរបស់រដ្ឋចិនបានឱ្យដឹងទៀតថា Zeng ត្រូវបានគេរកឃើញថាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចារកម្មជាមួយសហរដ្ឋអាមេរិក និងបានទទួលការបណ្តុះបណ្តាលមុនពេលត្រឡប់មកប្រទេសចិនវិញដើម្បីអនុវត្តសកម្មភាពចារកម្ម។
ពាក់ព័ន្ធនឹងករណីចារកម្មនេះ CCTV បាននិយាយថា ខ្លួនបានចាត់វិធានការបង្ខិតបង្ខំលើបុរសរូបនេះ ចំពោះចម្លើយសារភាព ប៉ុន្តែជាលទ្ធផលរូបគេមិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមទៀតទេ។
យ៉ាងណាមិញ តាមរយៈការរកឃើញបែបនេះ ធ្វើឱ្យប្រទេសចិនកាន់តែបង្កើនការត្រួតពិនិត្យរបស់ខ្លួនលើអ្វីដែលខ្លួនចាត់ទុកថាជាសកម្មភាពចារកម្ម។
ក្នុងនោះ កាលពីដើមខែសីហា ក្រសួងសន្តិសុខរដ្ឋចិនបាននិយាយថា ប្រទេសជាតិគួរតែលើកទឹកចិត្តពលរដ្ឋរបស់ខ្លួនឱ្យចូលរួមក្នុងការងារប្រឆាំងចារកម្ម រួមទាំងការបង្កើតបណ្តាញសម្រាប់បុគ្គលដើម្បីរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ ក៏ដូចជាការសរសើរ និងផ្តល់រង្វាន់ដល់ពួកគេ។
កាលពីខែកក្កដាកន្លងទៅនេះផងដែរ ប្រទេសចិនបានណែនាំច្បាប់ប្រឆាំងចារកម្មដែលហាមប្រាមការផ្ទេរព័ត៌មានណាមួយដែលទាក់ទងនឹងសន្តិសុខ និងផលប្រយោជន៍ជាតិដោយមិនកំណត់លក្ខខណ្ឌ។
ច្បាប់ថ្មីនេះបានធ្វើឱ្យសហរដ្ឋអាមេរិកព្រួយបារម្ភ ខណៈដែលឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ នៅប្រទេសចិនបាននិយាយកាលពីខែឧសភាថា លោកមិនប្រាកដថាការបើកចំហសេដ្ឋកិច្ចរបស់ចិនដើរស្របគ្នាទៅនឹងច្បាប់ប្រឆាំងចារកម្មនោះឬអត់ទេ៕