អាជ្ញាធរ​បារាំង​បាន​ជម្លៀស​អ្នកទេសចរ​ចេញពី​តំបន់​ប៉ម​ទួ​​អេ​ហ្វែ​ល (Eiffel Tower) អស់​រយៈពេល​ជាច្រើន​ម៉ោង​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ជុំវិញ​ការគំរាមកំហែង​ដោយ​គ្រាប់បែក​បង្កៃ​បន្ទាប់ពី​ប្រទេស​នេះ​ជួប​វឹកវរ​ដោយសារ​បាតុកម្ម​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​។ យោង​​តាម​ទូរទស្សន៍​បារាំង​BFMTV​។​

BFMTV បាន​រាយការណ៍​ថា​ជាន់​ទាំង​ ៣​ នៃ​ប៉ម​ទួ​អេ​ហ្វែ​ល​រួមទាំង​ទីធ្លា​ជុំវិញ​នោះ​ ត្រូវបាន​ជម្លៀស​មនុស្ស​ចេញ​ស្រប​ពេលដែល​អាជ្ញាធរ​បន្ត​វាយតម្លៃ​ការ​គំរាមកំហែង​នេះ​។

​កន្លែង​ប្រចាំការ​ដ៏​ធំ​មួយ​របស់​សមត្ថកិច្ច​ត្រូវបាន​បង្កើតឡើង​ភ្លាមៗ ចំណែកឯ​ចរាចរណ៍​ត្រូវបាន​បង្វែរ​ឱ្យប្រើ​ទិសដៅ​ផ្សេង​ខណៈ​ក្រុម​អ្នកជំនាញ​ដោះមីន​ក៏មាន​វត្តមាន​នៅនឹងកន្លែង​ផង​ដែរ​ដើម្បី​វាយតម្លៃ​រឿងនេះ​។​

​អ្នកនាំពាក្យ​របស់ SETE ដែលជា​ក្រុមហ៊ុន​ប្រតិបត្តិការ​សម្រាប់​អគារ​ទួ​អេ​ហ្វែ​ល​បាន​និយាយថា​៖​ «​វា​ជា​នីតិវិធី​ទូទៅ​ក្នុង​ស្ថាន​ភាព​បែបនេះ​តែ​វា​កម្រ​កើតមាន​ណាស់​»​។​

​ទោះយ៉ាងណា​ប្រហែល​ ២​ ម៉ោង ​បន្ទាប់ពី​ការជម្លៀស​នោះ​ប៉ូលិស​បារាំង​បាន​អនុញ្ញាតឱ្យ​អ្នកទេសចរ​អាច​ត្រឡប់​ទៅ​ទស្សនា និង​ដើរ​កម្សាន្ត​ក្បែរ​តំបន់​ប៉ម​ទួ​អេ​​ហ្វែ​ល​ឡើងវិញ​។​

​ពេលនេះ​នៅ​ខាងជើង​សសរ​ខាងត្បូង​នៃ​ប៉ម​ទួ​អេ​ហ្វែ​ល​មាន​កន្លែង​ប្រចាំការ​របស់​ប៉ូលិស​មួយ​ដែល​ចាំ​ឃ្លាំមើល​វីដេអូ ខណៈ​អ្នកទេសចរ​ត្រូវ​ឆ្លងកាត់​ការត្រួត​ពិនិត្យ​សិន​មុនពេល​អនុញ្ញាត​ឱ្យចូល​ទ​ស្សនា​។​

​ការជម្លៀស​បែបនេះ​គឺ​កម្រ​កើតមាន​ណាស់​។ ប្រវត្តិ​នៃ​ការ​ជម្លៀស​រយៈពេល​ខ្លី​ធ្លាប់​កើត​ឡើង​ម្តង​នៅ​ឆ្នាំ​ ២០១៩​ នៅពេលដែល​បុរស​ម្នាក់​ព្យាយាម​តោង​ឡើងលើ​ប៉ម​ទួ​អេ​ហ្វែ​ល​។​

​ប៉ម​ទួ​អេ​ហ្វែ​ល​ជា​និមិត្តរូប​នៃ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង​ទទួលបាន​ទេសចរ​ខ្ទង់​ ៧​ លាន​នាក់​ប្រចាំឆ្នាំ​៕​