សភា​ទាំង​​ ២​ ថ្នាក់​របស់​ព្រះ​​រាជាណាចក្រ​ថៃ គឺ​រដ្ឋសភា និង​ព្រឹទ្ធសភា​ដែលមាន​សមាជិក​សរុប​ ៧៥០ ​រូប ​អាច​នឹង​ជួបប្រជុំ​ភ្លាមៗ ដើម្បី​កំណត់​កាល​បរិច្ឆេទ​ជ្រើសរើស​នាយក​រដ្ឋ​មន្ត្រី ដែល​អូសបន្លាយ​ជាង​ ៣ ​ខែ​ទៅហើយ​ បន្ទាប់ពី​ការ​បោះឆ្នោត​សកល​កាលពី​ថ្ងៃទី​ ១៤ ខែឧសភា​។​

​ប្រធានសភា​លោក Wan Muhamad Noor Matha ដែល​គេ​ហៅ​យ៉ាងខ្លី​ថា «Wan Noor» ត្រូវបាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន thaipbsworld.com របស់​ថៃ ដោយបាន​និយាយថា លោក​នឹង​កោះ​​ប្រជុំ​សភា និង​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​កំណត់​កាលបរិច្ឆេទ​សម្រាប់​ការប្រជុំ​រួមគ្នា​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី ដែល​អាចជា​ថ្ងៃ​ណាមួយ​ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ​២២ ខែសីហា​។​

​តាម​ខ្លឹមសារ​ដែល​បានចេញ​ផ្សាយ​នោះ ប្រធានសភា​ថៃ​លោក Wan Noor ដែល​ជាប់ ឆ្នោត​ដោយ​ការឯកភាព​គ្នា​របស់​ស​ម្ព័​ន្ធ​គណបក្ស​ទាំង ​៨ ​ផ្តួចផ្តើម​ដោយ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party)​ មាន​លោក ភិ​ថា លីម​ចា​រើ​ន​រ៉ា​ត​ជា​អ្នកដឹកនាំ បាន​និយាយថា ការប្រជុំ​សភា​ទាំង​ ២​ ជាថ្មី​ត្រូវ​អនុលោម​តាម​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ដែល​រំពឹងទុក​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ថា ​តើលោក ភិ​ថា នៅ​បន្ត​មាន​សិទ្ធិ​ឈរឈ្មោះ​សម្រាប់​តួនាទី​ជា​នាយករដ្ឋមន្ត្រី ឬក៏​ត្រូវអស់​សិទ្ធិ​តាម​ញត្តិ​ដែល​សមាជិកសភា​ភាគច្រើន​បាន​បោះឆ្នោត​ទប់ស្កាត់​លោក​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ១៧​ កក្កដា ដោយ​សារ​តែ លោក​ ភិ​ថា ជាប់​បណ្តឹង​នៅ​តុលាការ​ធម្មនុញ្ញ​ជុំវិញ​រឿង​​ក្តី​កាន់កាប់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ អំឡុង​ពេលដែល​ប្រធាន​បក្ស​ឈ្នះឆ្នោត​នេះ​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​។

​ក្នុង​រយៈពេល​ជិត ​១​ ខែ​ចាប់​តាំងពី​ថ្ងៃទី​ ១៩ ខែកក្កដា​មក តុលាការ​ធម្មនុញ្ញ​ថៃ​ដែលមាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​មាន​សមាជិក​ ៩ ​រូប ប្រើប្រាស់​ដើម្បី​ត្រួតពិនិត្យ​បណ្តឹង​ទាំង​ប្រឆាំង និង​គាំទ្រ លោក ភិ​ថា លីម​ចា​រើ​ន​រ៉ា​ត សម្ព័ន្ធភាព​គណបក្ស​ទាំង ​៨​ ដែលមាន​អាសនៈ​សរុប​ ៣១២ ​ក៏​បែក​បាក់​ផងដែរ ដោយ​គណបក្ស​​ភឿ​ថៃ ដែល​ឈ្នះឆ្នោត​លំដាប់​លេខ​រៀង​ទី​២ បាន​ងាក​ទៅ​ចាប់​គណបក្ស​ផ្សេងៗ​ដែលមាន​និន្នាការ​អភិរក្សនិយម និង​មាន​យោធា​នៅ​ពីក្រោយ​។

​មកទល់ពេលនេះ​សម្ព័ន្ធភាព​ថ្មី​ដែលមាន​គណបក្ស​ចំនួន​ ៩​ ប្រមែប្រមូល​ដោយ​គណបក្ស​ភឿ​ថៃ​មាន​អាសនៈ​សរុប​តែ​ ២៣៨​ សំឡេង​ប៉ុណ្ណោះ ដែល​នៅតែ​ខ្វះ​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ដែលមាន ៥០០​ អាសនៈ​។​

​យោងតាម thaipbs គណ​​បក្ស​ភឿ​ថៃ មិនទាន់បាន​ទាក់​ទង​ជា​ផ្លូវការ​ជាមួយ​គណបក្ស​ចំនួន ​២​ ទៀត ​គឺ​គណបក្ស Palang Pracharath និង United Thai Nation ដែល​គណបក្ស​ទាំង​ ២​ នេះ​សុទ្ធតែ​មានអំណាច​យោធា​នៅ​ពីក្រោយ ដើម្បី​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ ដោយសារ​មានការ​ព្រួយ​បារម្ភ​ចំពោះ​ប្រតិកម្ម​តប​អវិជ្ជមាន​ពី​អ្នកបោះឆ្នោត​របស់ខ្លួន ដែល​ចាត់ទុក​គណបក្ស​ទាំង​ ២ ​នេះ​ជា​សំណល់​នៃ​ការធ្វើ​រដ្ឋប្រហារ​ចំនួន​ ២​ លើក​ក្នុង​ឆ្នាំ ​២០១៤ និង​ឆ្នាំ​ ២០១៦​។​

​ជាមួយគ្នានេះ សមាជិក​នៃ​គណបក្ស​ដែលមាន​ចំណង​ជាមួយ​យោធា​ទាំង ​២​ បាន​បើក​​ចំហ​ឆន្ទៈ​ក្នុងការ​ចូលរួម​ជាមួយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​​ភឿ​ថៃ ប៉ុន្តែ​បានដាក់​លក្ខខណ្ឌ​មិន​ប៉ះពាល់​ដល់​ការកែប្រែ​ច្បាប់​ដែល​បន្ថយអំណាច​ព្រះរាជវាំង​ថៃ និង​បន្ថយអំណាច​របស់​ក្រុម​យោធា​នោះទេ​។​

​ក្រោយ​បេក្ខភាព​លោក​ភិ​ថា​ត្រូវបដិសេធ​ចំនួន​ ២ ​លើក មានការ​ផ្សព្វផ្សាយ​ខ្លះ​ថា គណបក្ស ​Palang Pracharath និង United Thai Nation ដែល​សុទ្ធសឹង​ចេញពី​ក្រុម​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធ​បាន​ចរចា​យក​តំណែង​ក្រសួង​ការពារ​ជាតិ និង​ក្រសួងមហាផ្ទៃ​រួចទៅហើយ​ជាមួយ​គណបក្ស​ភឿ​ថៃ ដែលជា​គណបក្ស​មាន​អាទិភាព​ខ្ពស់​សម្រាប់​ការដាក់​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅក្នុង​ការបង្កើត​រដ្ឋាភិបាល​ថៃ​ថ្មី​៕