ក្បួនរថយន្តយោធាប៉ាគីស្ថានដែលអមដំណើរគណៈប្រតិភូចិនដែលធ្វើដំណើរទៅកាន់គម្រោងសាងសង់មួយកន្លែង ត្រូវបានលួចវាយឆ្មក់ដោយក្រុមសកម្មប្រយុទ្ធនៅជិតកំពង់ផែយុទ្ធសាស្ត្រភាគនិរតីនៃទីក្រុង Gwadar។ នេះបើតាមការឱ្យដឹងពីក្រុមយោធា និងស្ថានទូតចិនប្រចាំទីក្រុងការ៉ាជី (Karachi) នៃប្រទេសប៉ាគីស្ថាន។
ផ្នែកទំនាក់ទំនងសាធារណៈរបស់យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ភេរវករបានប្រើអាវុធធុនតូច និងគ្រាប់បែកដៃក្នុងអំឡុងពេលធ្វើសកម្មភាពក្នុងនោះភេរវករ ២ នាក់ត្រូវបានសម្លាប់ និងមិនមានការខូចខាតណាមួយដល់បុគ្គលិកយោធា ឬជនស៊ីវិលណាមួយទៀតឡើយ»។
ស្ថានទូតរបស់ចិននៅទីក្រុង Karachi ភាគខាងត្បូងប្រទេសបានថ្កោលទោសការវាយប្រហារនេះ បើទោះជាពលរដ្ឋរបស់ខ្លួនមិនមានរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ។
មន្ត្រីសន្តិសុខប៉ាគីស្ថានម្នាក់និយាយក្នុងលក្ខខណ្ឌអនាមិកថា អ្នកវាយប្រហារ ២ នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង ប៉ុន្តែគ្មានបង្កជាស្នាមរបួសណាមួយទៅដល់អ្នកនៅក្នុងក្បួននោះទេ។ ប្រភពដដែលបានបន្តទៀតថាការវាយប្រហារបានផ្តោតលើអ្នកដំណើរជនជាតិចិនដែលធ្វើដំណើរពីអាកាសយានដ្ឋាន Gwadar ឆ្ពោះទៅការដ្ឋានសំណង់ក្នុងតំបន់កំពង់ផែនោះ។
ក្រុមបំបែកខ្លួននៃកងទ័ពរំដោះ និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតនិយាយថាប៉ាគីស្ថានបានកេងប្រវ័ញ្ចធនធានធម្មជាតិរបស់ទីក្រុង Gwadar ហើយបានទាក់ទាញវិនិយោគចិនសម្រាប់ការគាំទ្រជាហិរញ្ញវត្ថុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុង Gwadar មានទីតាំងនៅជិតច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់នៅក្នុងសមុទ្រអារ៉ាប់ហើយ កំពុងត្រូវបានអភិវឌ្ឍក្រោមការគ្រប់គ្រងរបស់ចិន៕